ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង(Emmanuel MACRON) បានអះអាងថា នឹងបន្តជួយដល់កម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយវិស័យវប្បធម៌ និងគាំទ្រដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ ការបញ្ជាក់របស់លោកប្រធានាធិបតីបារាំងដូច្នេះ ធ្វើឡើងនៅក្នុងជំនួបសវនាការមួយជាមួយព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី អំឡុងពេលព្រះអង្គបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
នៅក្នុងជំនួបសវនាការនាវិមាន អេលីហ្សេ(Elysée) លោកប្រធានាធិបតីបារាំង Emmanuel MACRON បានថ្លែងថ្វាយព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ថាបារាំងនឹងបន្តជួយដល់វិស័យនានារបស់កម្ពុជា ពិសេសវិស័យសុខាបាល តាមរយៈការជួយបណ្តុះបណ្តាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្កាជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចំងាយ(Tele-Chirugie) និងការប្រើបញ្ញាសិប្បនិមិត្តនៅក្នុងវិស័យនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានអឺរ៉ុបនៃក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ម្សិលមិញ។
ចំពោះវិស័យវប្បធម៌លោក ម៉ាក្រុង ក៏បានប្តេជ្ញាចិត្តដែរក្នុងការជួយដល់គម្រោងជួសជុល និងពង្រីកសារមន្ទីរជាតិ និងគម្រោងជួសជុលព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកទៅតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។ លោកក៏បានចាត់ទុកដែរថា ជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្តីពី ការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ គឺជាគំរូពហុនិយមមួយ។
លើសពីនេះ លោកប្រធានាធិបតីក៏បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសបារាំងមកសិក្សា និងជួសជុលព្រះរាជដំណាក់ណាប៉ឡេអុង III (Pavillon Napoleon III) នៅក្នុងបរិវេណព្រះបរមរាជវាំង។ អ្វីដែលបង្ហាញពីទំនាក់ទំនងកម្ពុជា-បារាំង នៅក្នុងឱកាសខួប៧០ឆ្នាំ នៃការទទួលបានឯករាជ្យរបស់កម្ពុជា លោកប្រធានាធិបតី Emmanuel MACRON បានលើកទឹកចិត្តឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា។
ចំណុចនេះ ត្រូវព្រះមហាក្សត្រកម្ពុជាព្រះបាទ នរោត្តម សីហមុនី សម្តែងនូវមោទនភាព ដោយព្រះអង្គចាត់ទុកថា ការគាំទ្ររបស់បារាំងពិតជាមានតម្លៃយ៉ាងខ្លាំង ព្រោះថាកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់បារាំងនៅអាស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com