banner1
វិស័យ​ឯកជនស្នើឲ្យ​រដ្ឋាភិបាល​កែសម្រួល​បរិយាកាស​វិនិយោគ​បន្ថែម​ទៀត

 14-វិច្ឆិកា-2023

វិស័យ​ឯកកជន​ក្រុម«ជ​»ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ ​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​កែសម្រួល​បរិយាកាស​វិនិយោគ ​និង​បន្ត​កាត់បន្ថយ​ថ្លៃដើម​នៃការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​។ ការស្នើឡើង​របស់​វិស័យ​ឯកជន​ដូច្នេះ​គឺ​ធ្វើឡើង​ខណៈដែល​មានការ​រៀបចំ​វេទិកា​រាជរដ្ឋាភិបាល ​និង​ផ្នែក​ឯកជន​លើកទី​១៩ ​នាព្រឹក​ថ្ងៃ​ចន្ទ ​ទី​១៣ ​ខែ​វិច្ឆិកា​នេះ ​នៅ​វិមាន​សន្តិភាព​។

លោក​ឧកញ៉ា ណាង សុធី ​សហប្រធានផ្នែក​ឯកជន និង​ក្រុមការងារផ្នែក​ទំនាក់ទំនងវិជ្ជាជីវៈ ​ក្រុម«ជ» ​បានស្នើដល់​ប្រមុខរដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន ម៉ាណែត ឲ្យជួយ​កែសម្រួលដល់​បរិយាកាស​វិនិយោគ និង​បន្តកាត់បន្ថយថ្លៃដើម​នៃការអភិវឌ្ឍន៍​ធនធានមនុស្ស។​ នៅក្នុងបទ​អន្តរាគមន៍​រយៈពេល​១៥នាទី ​ក្នុងវេទិកា​រាជរដ្ឋាភិបាល ​និងផ្នែក​ឯកជន​លើកទី១៩នេះ ​លោក ណាង សុធី​ បានលើកឡើង​ពីភាព​ប្រសើរឡើង​ជាច្រើនចំណុច ​ដែលខាង​វិស័យឯកជនក្រុម​ «ជ» សម្រេចបាន​ជាមួយ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លោកថា ​សំណូមពរ​ចំនួន​១៤​ចំណុច ​របស់វិស័យ​ឯកជន ត្រូវបាន​ក្រសួង​ការងារដោះស្រាយហើយ ​ដែលក្នុងនោះ​មានការធ្វើវិសោធនកម្ម​ច្បាប់ការងារ ​របបសន្តិសុខសង្គម ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ ការពង្រឹងប្រព័ន្ធ​អធិការកិច្ច​ការងារ ដែលនឹង​ត្រូវធ្វើតែ១លើក​ក្នុងមួយឆ្នាំ ​ដើម្បី​ឆ្លើយតបទៅនឹង​ការវិវត្តន៍​ផ្នែកសង្គម ​សេដ្ឋកិច្ចជាដើម ​សំដៅបង្កើត​បរិយាកាសល្អ ​នៅក្នុង​វិស័យវិនិយោគ​របស់ប្រទេស​កម្ពុជា​។

នៅក្នុង​ការថ្លែងរបស់​លោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ ​លោកបាន​យោងតាម ​Business Ready ​របស់ធនាគារ​ពិភពលោកដែលបាន​បញ្ជាក់ថា ​កម្ពុជាបានកាត់បន្ថយ​ចំណាយចាប់ផ្តើម​ធុរកិច្ចពី៥៣​% នៃចំណូលសម្រាប់​មនុស្សម្នាក់នៅឆ្នាំ​២០១៩ មកត្រឹម​ ២២% នៅឆ្នាំ​២០២២។ ចំណាយ​ឡូជីស្ទិកត្រូវបាន​កាត់បន្ថយពី​៣៣% នៃ ​ផ.ស.ស នៅឆ្នាំ​២០១៥ មកត្រឹម​ ២៦% នៃ ផ.ស.ស ​នៅឆ្នាំ​២០២២ និងថ្លៃ​អគ្គិសនីសម្រាប់ឧស្សាហកម្ម​ត្រូវបានកាត់បន្ថយ​ពី ១៦,៧សេន/​គីឡូវ៉ាត់ម៉ោង​នៅត្រឹមឆ្នាំ​២០១៧ មកត្រឹម​១៣,៧សេន/គីឡូវ៉ាត់​ម៉ោងនៅឆ្នាំ​២០២២​។

ការកាត់បន្ថយ​ទាំងអស់នេះ​ ត្រូវអ្នក​វិនិយោគមើលឃើញថា​នៅតិចតួចនៅឡើយ​។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​យល់ថា ជា​ការប្រឹងប្រែង​ប្រកបដោយឆន្ទៈក្រោមពាក្យស្លោកថា«​កែទម្រង់​ រស់ ​មិនកែទម្រង់ ​ស្លាប់​»។

ជាមួយគ្នានេះ ​វិស័យឯកជន​ក៏បានលើកឡើង​ដែរថា ​ដើម្បីឲ្យមាន​ប្រសិទ្ធភាព​ពួកគេបានស្នើសុំ​ឲ្យមានយន្តការ​ទទួលពាក្យបណ្តឹងពី​រោងចក្រ សហគ្រាស ​គ្រឹះស្ថាន ក្នុង​ករណីចុះអធិការកិច្ច​ក្រៅក្របខណ្ឌ​ក្រុមអធិការកិច្ច​ផ្លូវការ​។

នៅក្នុង​ឱកាសនេះ ​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ក៏បាន​ឆ្លើយតបជា​វិជ្ជមាន ដោយបញ្ជាក់​ឲ្យមន្ត្រីរបស់លោក​ រួមគ្នាធ្វើអធិការកិច្ច​ក្នុងមួយឆ្នាំ​តែមួយ​ដងគត់ ​ទៅលើ​ក្រុមហ៊ុន ​សហគ្រាស គ្រឹះស្ថាន ​ដែលចំណុចនេះ ​វិស័យឯកជន​បានសាទរ​យ៉ាងខ្លាំង​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា