ផែនដីឡើងកម្តៅ១,៤៣អង្សានៅឆ្នាំ២០២៣ ជិតស្មើកំរិតចារក្នុងកិច្ចព្រមព្រៀងអាកាសធាតុ
10-វិច្ឆិកា-2023
កម្មវត្ថុទប់ការឡើងកម្តៅនៃភពផែនដីត្រឹម១,៥អង្សា នៅដំណាច់សតវត្សរ៍កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ដោយគម្រោងពង្រីកការប្រើប្រាស់ថាមពលផូស៊ីល។ នេះបើតាមរបាយការណ៍អង្គការសហប្រជាជាតិដែលបញ្ជាក់ទៀតថា ខែតុលា ២០២៣ ជាខែដ៏ក្តៅជាងគេបំផុត ហើយបើគិតជាមធ្យមភាគប្រចាំឆ្នាំ សីតុណ្ហភាពនៃភពផែនដីបានឡើងកម្តៅ១,៤៣អង្សា នៅឆ្នាំ២០២៣នេះ។
សីតុណ្ហភាពបន្តឡើងខ្ពស់ជាលំដាប់។ តុលា ២០២៣ បានក្លាយជាខែដ៏ក្តៅជាងគេបំផុតនៅលើពិភពលោក និងបន្តបំបែកឯតទគ្គកម្ម៥ខែជាប់គ្នា តាំងពីខែមិថុនា មក។ នេះបើតាមសេចក្តីប្រកាសរបស់ភ្នាក់ងារអាកាសធាតុអឺរ៉ុប Copernicus ដែលផ្តល់ការសន្និដ្ឋានជាមុនថា ឆ្នាំ២០២៣ ច្បាស់ជានឹងវ៉ារឈ្នះកំណត់ត្រាកម្តៅឆ្នាំ២០១៦ ជាប្រាកដ។
សីតុណ្ហភាពមធ្យមពិភពលោកគិតតាំងពីខែមករា សម្រាប់រយៈពេល១០ខែដំបូងនៃ ឆ្នាំ២០២៣ ឡើងក្តៅខ្លាំងបំផុតមិនធ្លាប់វាស់ឃើញទេ គឺបានឡើង១,៤៣អង្សា លើសសីតុណ្ហភាពមធ្យមពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩០០។ បើគិតតែមួយខែតុលា ២០២៣ សីតុណ្ហភាពបានឡើងក្តៅ១,៧អង្សា លើសមធ្យមភាគកម្តៅខែតុលាកាលពីសម័យមុនឧស្សាហកម្ម។ នេះបើតាមភ្នាក់ងារCopernicus ដដែល។ Copernicus មានរង្វាស់កម្តៅតាំងពីឆ្នាំ១៩៤០ តែអាចប្រៀបធៀបដេញដល់រាប់ពាន់ឆ្នាំមុនឯណោះ តាមរយៈដានសំបកឈើ ឬ ស្នូលទឹកកក។ ក្នុងន័យនេះ គេអាចនិយាយបានថា សីតុណ្ហភាពខែតុលា ២០២៣ ទំនងជាក្តៅខ្លាំងជាងគេបំផុតគិតតាំងពីជាង១០ម៉ឺនឆ្នាំមក។
ការឡើងកម្តៅដ៏ខ្លាំងមិនធ្លាប់មាននេះ ជិតស្មើកំរិតសីតុណ្ហភាពចែងក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសទៅហើយ។ នៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុឆ្នាំ២០១៥ ក្រុមប្រទេសហត្ថលេខី បានកំណត់កម្មវត្ថុធ្វើយ៉ាងណាកំរិតការឡើងកម្តៅអាកាសធាតុនៃភពផែនដី ក្រោម២អង្សា និងបើអាចត្រឹម១,៥អង្សានៅចុងដំណាច់សតវត្សរ៍ បើប្រៀបទៅនឹងសម័យមុនឧស្សាហកម្ម។
អង្គការអាកាសធាតុពិភពលោកធ្លាប់បានព្រមានតាំងពីដើមឆ្នាំថា សីតុណ្ហភាពមធ្យមពិភពលោកនឹងឡើងលើស១,៥អង្សា កំរិតកំណត់ក្នុងកិច្ចព្រមព្រៀងប៉ារីស យ៉ាងហោចម្តងក្នុងចំណោម១២ខែ នៃ៥ឆ្នាំ ខាងមុខ។ ហើយនៅថ្ងៃពុធនេះ អង្គការសហប្រជាជាតិបានព្រមានជាថ្មីថា កម្មវត្ថុកំរិតការឡើងកម្តៅអាកាសធាតុត្រឹម១,៥អង្សា កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ដោយគម្រោងពង្រីកថាមពលផូស៊ីល (ធ្យូងថ្ម ប្រេង និងឧស្ម័ន)។ បណ្តាប្រទេសផលិតកម្មផូស៊ីលចម្បងៗនៅលើពិភពលោកបានប្តេជ្ញាធ្វើអព្យាក្រិត្យកាបូននៅពាក់កណ្តាលសតវត្សរ៍ ប៉ុន្តែរបាយការណ៍ប្រចាំឆ្នាំរបស់កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គម្រោងផលិតកម្មរបស់ប្រទេសអ្នកផលិតថាមពល២០ដំបូងគេនៅលើផែនដី មានជាអាទិ៍សហរដ្ឋអាមេរិក ចិន រុស្ស៊ី អូស្ត្រាលី អេមីរ៉ាតអារ៉ាប់រួម កំពុងដើរបញ្ច្រាសទិស ដោយគ្រោងនឹងផលិតថាមពលធ្យូងថ្មបន្ថែម៤៦០% ហ្កាស៨២% និងប្រេង២៩%។ អនាគតថាមពលផូស៊ីលនឹងក្លាយជាប្រធានបទស្នូលនៃសន្និសីទអាកាសធាតុ COP២៨ នៅខែធ្នូ ចុងឆ្នាំ នៅក្រុងឌូបៃ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ