banner1
របាយការណ៍អាមេរិក​ថា​ ចិន​ក្តាប់​​បំណុលជាង ​​១១០០​ពាន់​លាន ក្នុងគម្រោង​ផ្លូវសូត្រ​ថ្មី

 8-វិច្ឆិកា-2023

បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន បាន​រុញ​ច្រាន​ប៉េកាំង​ឱ្យ​ក្លាយ​ជា​ម្ចាស់​បំណុល​ដ៏​ធំ​ ទំហំ​ប្រមាណ​ជាង ​១១០០ពាន់​លាន​ដុល្លារ​។ ​កូន​បំណុល ​៨០%​ ជា​ប្រទេស​ក្រីក្រ​ ​មាន​វិបត្តិ​ហិរញ្ញវត្ថុ។

ផ្តួចផ្តើម​ដោយ​លោកប្រធានាធិបតី​ចិន ​ស៊ី ជីនពីង កាលពី​១០​ឆ្នាំមុន ដើម្បី​បង្ហាញ​ឥទ្ធិពល​​ពាណិជ្ជកម្ម​ដ៏​ចែង​ចាំង​របស់​ចិន គម្រោង​ផ្លូវ​សូត្រ​ថ្មី ឬ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ ប្រមូល​ផ្តុំ​ជាង ១៥០ប្រទេស រាប់​តាំងពី​អ៊ុយរ៉ាហ្កាយ​ ដល់​ស្រីលង្កា ភូមា ម៉ាឡេស៊ី ដោយ​មិន​ភ្លេច​ទេ​បណ្តា​ប្រទេស​នៅទ្វីបអាហ្វ្រិក។

ដើម្បី​សម្រេច​​គម្រោង​នេះ ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​​ដ៏មហិមាដល់​បណ្តា​ប្រទេស​មាន​ចំណូល​ទាប​ និង​មធ្យម សម្រាប់​​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច​ជា​កំពង់ផែ ស្ពាន ផ្លូវដែក ឬ​​ផ្លូវ​ថ្នល់​ល្បឿន​លឿន។ ឥលូវ​ដល់​វេលា​ដែល​បណ្តា​ប្រទេស​ក្រីក្រ​ និង​មធ្យម​ទាំង​នេះ ត្រូវ​សង​ប្រាក់​ដើម​ហើយ។ នេះ​បើ​តាម​របាយការណ៍ AidData ​​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ College of William and Mary ចេញ​ផ្សាយ​កាលពី​ថ្ងៃចន្ទ ទី​៦ វិច្ឆិកា ២០២៣ ដោយ​ព្យាករ​ថា​ កូន​បំណុល​ត្រូវ​សង​ប្រាក់ ​ដើម​ឱ្យ​បាន ​៧៥% ​នៅ​ដំណាច់​ទសវត្សរ៍​។

បើ​តាម​ការ​វិភាគ​ទិន្នន័យ​ស្តីពី កម្ចី​ហិរញ្ញវត្ថុ​ចិន​ក្នុង១៦៥​ប្រទេស ដែល​មានគម្រោងសរុប​ជិត ២១០០០​គម្រោង AidData ​យល់​ថា ក្នុង​មួយ​ឆ្នាំៗ​ប៉េកាំង​ព្រម​ផ្តល់​ជំនួយ​ និង​កម្ចី​ហិរញ្ញវត្ថុ​ប្រមាណ​ជិត​ ៨០​ពាន់​លានដុល្លារ ​ដល់​បណ្តាល​ប្រទេស​ក្រីក្រ​ និង​មាន​ចំណូល​មធ្យមទល់​នឹង​អាមេរិក ​ដែល​ព្រម​ត្រឹម​ ៦០ពាន់​លាន​ដុល្លារ ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ ចំពោះ​ក្រុម​ប្រទេស​ដូច​គ្នា។ ដូច្នេះ​មាន​ន័យ​ថា ចិន​ជា​ម្ចាស់​បំណុល​ដ៏​ធំ​ជាង​គេ​នៅលើ​ពិភពលោក​ ជា​ផ្លូវការ។ ជា​សរុប​ ដោយ​មិន​រាប់ការ​ប្រាក់​​បញ្ចូលចិន​កំពុង​ក្តាប់​បំណុល​ដើម​ ចំនួន​យ៉ាង​ហោច ​១១០០ពាន់​លាន​ដុល្លារ​​​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ AidData​ ដែល​ប៉ាន់​ស្មាន​ទៀត​ថា ៨០%​ នៃ​ប្រាក់​បំណុល​​បរទេសដែល​ជំពាក់​​ចិន​ នៅ​លើ​ពិភពលោក​ជា​បំណុលអភិវឌ្ឍ​ជួយ​ទ្រទ្រង់​ប្រទេស​កំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ននេះ។

ថ្វី​បើ​ជា​ផ្លូវការ​ សកម្មជន​នៃ​គម្រោង​ផ្លូវ​សូត្រ​ថ្មី​ចិន អួត​អាង​ថា​គម្រោង​បាន​ពាំនាំ​ធនធាន​ និង​កំណើន​អភិវឌ្ឍ​ន៍ដល់​បណ្តា​ប្រទេស​ក្រីក្រ​ដ៏​ច្រើន​មែន​ ប៉ុន្តែ​សម្រាប់​អ្នក​ប្រឆាំង ក្រុមហ៊ុន​ចិន​ទទួល​បន្ទុក​សាង​សង់​​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​គ្មាន​​​តម្លាភាព​​​ផ្នែក​តម្លៃទេ។ ​ប្រទេស​ខ្លះ​ មាន​អាទិ៍​​ម៉ាឡេស៊ី​ ឬភូមា កំពុង​សាក​ល្បង​ចរចាជាមួយ​ចិន​ឡើង​វិញ ដើម្បី​​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​របស់​ខ្លួន៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា