FAO៖ កសិកម្ម និងចំណីអាហារ បង្កឲ្យមានតម្លៃខាតបង់ ពួនពីក្រោយជាង ១០ទ្រីលានដុល្លារ ក្នុងមួយឆ្នាំ
7-វិច្ឆិកា-2023
កសិកម្ម និងប្រព័ន្ធផលិតចំណីអាហារ នៅទូទាំងពិភពលោកយើង បានបង្កឲ្យមានការចំណាយខាតបង់ពួននៅពីក្រោយ ទៅលើវិស័យសុខភាពសាធារណៈ ទៅលើបរិស្ថានធម្មជាតិ និងសង្គមជាតិទាំងមូល។ តម្លៃចំណាយដែលយើងមើលមិនឃើញនឹងភ្នែកនេះ មានចំនួនទឹកប្រាក់ប្រមាណជាង១០ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ។ នេះបើផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានភាពចំណីអាហារ និងកសិកម្មពិភពលោក របស់អង្គការសហប្រជាជាតិដើម្បីចំណីអាហារ និងកសិកម្ម ហៅកាត់ថា FAO។
នេះជាលើកទីមួយហើយ ដែលអង្គការFAO ធ្វើរបាយការណ៍ស្រាវជ្រាវបូកសរុបតួលេខពី១៥៤ប្រទេស ស្តីអំពី តម្លៃចំណាយខាតបង់ ដែលពួននៅពីក្រោយសកម្មភាពផលិតចំណីអាហារ មិនថាកសិកម្ម ឬកសិឧស្សាហកម្ម។ កម្មវត្ថុនៃការសិក្សាបូកសរុបនេះ គឺដើម្បីឲ្យដឹងច្បាស់ថា ចំណីអាហារដែលមនុស្សយើងបរិភោគរាល់ថ្ងៃ វាមានការប៉ះពាល់បែបណាខ្លះ ហើយគិតជាទឹកប្រាក់ប៉ុន្មានដែរ ដើម្បីងាយស្រួលកំណត់ទិសដៅអនុសាសន៍ ឈានទៅកែលម្អ នៅលើវិស័យពន្ធដារ ថវិកាឧបត្ថម្ភ និងវិធានច្បាប់ផ្សេងៗ។
យោងតាមរបាយការណ៍នេះ ប្រមាណ៧៣%នៃតម្លៃខាតបង់ទាំងអស់ដែលពួននៅពីក្រោយ គឺពាក់ព័ន្ធទៅនឹងចំណីអាហារដែលមានគុណភាពមិនល្អ។ ឧទាហរណ៍ ដូចជាចំណីអាហារ ដែលសំបូរជាតិខ្លាញ់ សំបូរជាតិស្ករ ឬចំណីអាហារដែលត្រូវបានយកទៅកែច្នៃខ្លាំងជ្រុលហួសហេតុ។ ចំណីអាហារមិនល្អទាំងនេះ វាអាចបង្កឲ្យមានជំងឺធាត់ចុកខ្លាញ់ ជំងឺទឹកនោមផ្អែម ឬអាចជំងឺមហារីកជាដើម ហើយដែលបញ្ហាសុខភាពទាំងអស់នេះ វាធ្វើឲ្យមនុស្សបាត់បង់សមត្ថភាពធ្វើការងារ ជ្រោងជីវភាពនិងសេដ្ឋកិច្ច។ នេះហើយដែលជាការខាតបង់ ពួននៅពីក្រោយចំណីអាហារដែលគ្មានគុណភាព។ ផលអវិជ្ជមានមកលើសុខភាព បណ្តាលមកពីចំណីអាហារមិនល្អនេះ គឺប៉ះពាល់ខ្លាំងនៅតាមប្រទេសអ្នកមានចំណូលខ្ពស់។
កសិកម្ម និងការផលិតចំណីអាហារក៏បង្កើតជាការខាតបង់ខ្លាំងដែរ ទៅលើបរិស្ថានធម្មជាតិ ដែលមានចំណែកប្រមាណ២២% នៃតម្លៃខាតបង់សរុប។ របាយការណ៍បានលើកឡើង អំពីទំហំឧស្ម័នអាហ្សូត និងឧស្ម័នផ្ទះកញ្ចក់ ដែលកើតចេញពីកសិកម្ម និងការផលិតចំណីអាហារ។ មិនត្រឹមប៉ុណ្ណោះ ការផលិតចំណីអាហារ បានប៉ះពាល់ខ្លាំងឡើងៗដល់ផ្ទៃដី បង្កឲ្យមានការកាប់បំផ្លាញព្រៃឈើ និងការប្រើប្រាស់ធនធានទឹកច្រើនហួសប្រមាណ។ នៅក្នុងចំណុចនេះ អ្នកជំនាញអង្គការ FAO ជឿថា តម្លៃខាតបង់ដែលគេប៉ាន់ស្មានអាចទាបជាងការពិតជាក់ស្តែងផង។
ដោយឡែក ៥%នៃតម្លៃខាតបង់ដែលពួននៅពីក្រោយ គឺវាពាក់ព័ន្ធទៅលើភាពក្រីក្ររបស់ពលករកម្មករ ដែលធ្វើការក្នុងវិស័យកសិឧស្សាហកម្ម ព្រមទាំងបញ្ហាកង្វះអាហារូបត្ថម្ភ។ បញ្ហានេះ ប៉ះពាល់ខ្លាំងទៅលើប្រជាជននៅតាមប្រទេសដែលមានចំណូលទាប។
គិតជាទឹកប្រាក់សរុប វិស័យកសិកម្ម និងការផលិតចំណីអាហារ បង្កើតឲ្យមានតម្លៃខាតបង់ពួនពីក្រោយខ្ទង់ប្រមាណ១០% នៃចំណូលដុលសរុបរបស់ពិភពលោក ក្នុងឆ្នាំ២០២០។ តែទន្ទឹមគ្នានេះ អង្គការ FAO ទទួលស្គាល់នៅខ្វះទិន្នន័យច្រើនទៀត ទាក់ទិននឹងការប៉ះពាល់បង្កឡើងដោយវិស័យកសិកម្ម តួយ៉ាងដូចជាផលប៉ះពាល់ ដែលកើតចេញពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ ការសិករិចរិលគុណភាពដី និងករណីចំណីអាហារមានជាតិពុលជាដើម។ល។
គួរបញ្ជាក់ដែរថា ការគិតគូរបូកបញ្ជូលនូវតម្លៃខាតបង់ ដែលពួននៅពីក្រោយសកម្មភាពផលិតចំណីអាហារ គឺវាអាចជះឥទ្ធិពលលើតម្លៃលក់ជាក់ស្តែង នៃផលិតផលកសិកម្ម និងចំណីអាហារ។ ដែលមានន័យថា តម្លៃទំនិញអាចនឹងឡើងថ្លៃ។ តែយ៉ាងណាអង្គការ FAO អះអាងថា គឺវាអាស្រ័យលើប្រភេទនៃការខាតបង់ពួននៅពីក្រោយ ដែលគេចង់ប្រយុទ្ធប្រឆាំង កាត់បន្ថយ ហើយវាអាស្រ័យទៅលើវិធានការដែលគេចង់ធ្វើវា។ សម្រាប់រយៈពេលវែង ប្រសិនបើប្រព័ន្ធផលិតចំណីអាហារ កាន់តែមានគុណភាព កាន់តែគោរពបរិស្ថានធម្មជាតិ នោះវានឹងជះផលល្អ ដល់សុខភាពសាធារណៈ មនុស្សអន់ឈឺ សុខភាពល្អ ធ្វើការជ្រោងជីវភាព និងសេដ្ឋកិច្ចឲ្យកាន់តែលូតលាស់៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ