ជំនួបកំពូលពិភពលោកស្តីពីហានិភ័យនិងសន្តិសុខបញ្ញាសិប្បនិម្មិត ដែលប្រព្រឹត្តទៅជាលើទីមួយនៅប្រទេសអង់គ្លេស បានបិទបញ្ចប់នៅថ្ងៃព្រហស្បតិ៍ទី២វិច្ឆិកា២០២៣ម្សិលមិញ។ ជាលទ្ធផល រដ្ឋាភិបាលនិងក្រុមហ៊ុនសហគ្រាសបានព្រមព្រៀងធ្វើការរួមគ្នាជុំវិញសន្តិសុខនៃគំរូបញ្ញាសិប្បនិម្មិតថ្មីសិន មុននឹងដាក់ឱ្យប្រើប្រាស់។
ដូចក្តីរំពឹងរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស រីស្ហ៊ី ស៊ូណាក់ រដ្ឋាភិបាលជាង៣០ប្រទេស និងក្រុមហ៊ុនសហគ្រាសបច្ចេកវិទ្យាធំៗនៅលើពិភពលោក បានយល់ព្រមព្រៀង ធ្វើការរួមគ្នា ជុំវិញហានិភ័យនិងសុវត្ថិភាពដែលអាចបង្កឡើងដោយគំរូឬកម្មវិធីបញ្ញសិប្បនិម្មិតថ្មី ជាមុនសិន មុននឹងដាក់ឱ្យដំណើរការ។ សម្រាប់និងរហូតមកទល់ពេលនេះ អ្នកធ្វើតេស្តគំរូ (មូឌែល)បញ្ញាសិប្បនិម្មិតចេញថ្មី គឺក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍមូឌែលនោះ។ នេះជាការពន្យល់លម្អិតរបស់លោកនាយករដ្ឋមន្ត្រីស៊ូណាក់ ដោយបន្ថែមថា ជាមួយលោកស្រីអនុប្រធានាធិបតីអាមេរិក អង់គ្លេសបានសម្រេចចិត្តបង្កើតវិទ្យាស្ថានសន្តិសុខបញ្ញាសិប្បនិម្មិត ដោយមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ។
អង្គការក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលបញ្ញាសិប្បនិម្មិត តាមគំរូក្រុមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិហៅកាត់ថាGiec ក៏ត្រូវបង្កើតឡើងដែរ។ ក្រុមការងារអន្តររដ្ឋាភិបាលនឹងចេញរបាយការណ៍ជារៀងរាល់ឆ្នាំស្តីពីហានិភ័យនៃបញ្ញាសិប្បនិម្មិត។
ថ្វីបើក្នុងរយៈពេលពីរថ្ងៃ ជំនួបកំពូលបានផ្តោតការពិភាក្សាទៅលើសក្តានុពលនៃគ្រោះថ្នាក់បង្កឡើងដោយបញ្ញាសិប្បនិម្មិតមែន តែលោកស៊ូណាក់មានជំនឿថា មិនទាន់ដល់ពេលដែលសហគមន៍អន្តរជាតិត្រូវមានស្ថាប័នមួយសម្រាប់ចាត់ចែងបញ្ញាសិប្បនិម្មិតទេ។ ប៉ុន្តែលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យពិភពលោកស្វែងរកដំណោះស្រាយរួម ជានិរន្តនិងទូលំទូលាយសម្រាប់ប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដែលអាចបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ សម្រាប់លោកអគ្គលេខាធិការ គោលការណ៍នៃអភិបាលកិច្ចបញ្ញសិប្បនិម្មិតត្រូវផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន។
ជំនួបកំពូលពីរទៀតនឹងត្រូវរៀបចំធ្វើឡើង ដើម្បីបន្តជជែកអំពីបញ្ហាសន្តិសុខបញ្ញាសិប្បនិម្មិតនេះ៖ ក្នុងទម្រង់ជាជំនួបកំពូលអនឡាញនៅ ៦ខែខាងមុខ ដឹកនាំដោយកូរ៉េខាងត្បូង និងជាការជួបជុំដោយបង្ហាញវត្តមានផ្ទាល់នៅក្រុងប៉ារីស នៅមួយឆ្នាំក្រោយ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com