ធនាគារពិភពលោក ប្រាប់កម្ពុជាឲ្យចាត់វិធានការលើបំរែបំរួលអាកាសធាតុ ដើម្បីសម្រេចគោលដៅអភិវឌ្ឍ
6-វិច្ឆិកា-2023
ប្រទេសកម្ពុជាអាចសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួន ប្រសិនបើប្រទេសនេះមានចំណាត់ការលើបម្រែបម្រួលអាកាសធាតុតាមរយៈសកម្មភាពធំៗ៣ គឺការកាត់បន្ថយឲ្យបានច្រើននូវភាពងាយរងគ្រោះ ដោយសារបម្រែបម្រួលអាកាសធាតុ សម្របឡើងវិញនូវគន្លងបំភាយកាបូននៅក្នុងការអភិវឌ្ឍន៍ និងតម្រង់ទិសឡើងវិញសម្រាប់សេដ្ឋកិច្ច ដើម្បីក្រសោបយកឱកាសថ្មីៗពីការធ្វើអន្តរកាលទៅរកការអភិវឌ្ឍន៍បៃតងលើសកលលោក។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ម្សិលមិញ។
របាយការណ៍ស្តីពីស្ថានភាពអាកាសធាតុ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា(CCDR) របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថាយោងតាមការព្យាករអាកាសធាតុ ហានិភ័យទឹកជំនន់ និងសម្ពាធកំដៅនៅកម្ពុជានឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រសិនបើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឲ្យកម្ពុជាខាតបង់ ផ.ស.ស ៩% គិតត្រឹមឆ្នាំ២០៥០ និងធ្វើឲ្យអត្រាភាពក្រីក្រកើនឡើង ៦ភាគរយពិន្ទុ គិតត្រឹមឆ្នាំ២០៤០។ របាយការណ៍វិភាគចុងក្រោយនេះ ក៏ជាការផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលផងដែរ។
លោកស្រី ម៉ានូអែលឡា វ. ហ្វេរ៉ូ អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លើកឡើងថា កម្ពុជាជាប្រទេសដែលប្រឈមខ្លាំងទៅនឹងផលប៉ះពាល់នៃអាកាសធាតុ ជាពិសេសតាមរយៈការកើនឡើងជាញឹកញាប់ និងធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់។ ដូច្នេះ ដើម្បីស្តារឡើងវិញអ្វីដែលបានបាត់បង់ដោយសារជំងឺឆ្លងរាតត្បាត និងការកើនឡើងតម្លៃចំណីអាហារ និងប្រេងឥន្ធនៈ កម្ពុជាត្រូវរក្សាកំណើនខ្ពស់ស្របពេលដែលប្រទេសនេះត្រូវដោះស្រាយផលប៉ះពាល់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុលើសេដ្ឋកិច្ច និងការកាត់បន្ថយការបំភាយកាបូន។ នេះបើតាមលោកស្រី ហ្វេរ៉ូ។
ជាមួយគ្នានេះ CCDR ក៏បានលើកឡើងពីកំណើនសេដ្ឋកិច្ចមធ្យមដ៏ល្អរបស់ប្រទេសកម្ពុជាកន្លងមកដែរ ក៏ប៉ុន្តែដើម្បីរក្សាកំណើនរឹងម៉ាំ ធនាគារពិភពលោករំលឹកដល់កម្ពុជាឲ្យខិតខំជម្នះឧបសគ្គមួយចំនួនទាក់ទងទៅនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ការថយចុះនៃវិនិយោគសាធារណៈ និងការកើនឡើងនូវបំណុលជាឯកជន។
របាយការណ៍ធនាគារពិភពលោកបន្តថា សេដ្ឋកិច្ចកម្ពុជាមានមូលដ្ឋានប្រមូលផ្តុំខ្លាំង បើនិយាយពីការនាំចេញ ទីផ្សារ វិស័យ និងប្រភពហិរញ្ញប្បទាន ដែលធ្វើឲ្យប្រទេសនេះងាយរងគ្រោះ ពីសំណាក់ហេតុការណ៍នៅក្រៅប្រទេស។ ការធ្វើពិពិធកម្មមូលដ្ឋាននាំចេញរបស់ខ្លួន ការកែលម្អបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន ការដោះស្រាយបញ្ហាខ្វះខាតនៅក្នុងវិស័យអប់រំ សុខាភិបាល និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងអស់នេះជាកត្តាសំខាន់សម្រាប់រក្សាកំណើនបែបបរិយាបន្ន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះបើតាម World Bank។
បន្ថែមពីនេះ ធនាគារពិភពលោកកត់សម្គាល់ថា បែបផែនអភិវឌ្ឍថ្មីៗក៏មានចំណែកធ្វើឲ្យភាពប្រឈមនឹងឥទ្ធិពលអាកាសធាតុមានសភាពកាន់តែអាក្រក់ដែរ ខណៈដែលកម្ពុជាមានអត្រាកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតមួយក្នុងពិភពលោក។ បែបផែននៃការអភិវឌ្ឍន៍ទីក្រុងនាពេលថ្មីៗនេះ បានធ្វើឲ្យអ្នកតាំងទីលំនៅថ្មីក្នុងទីក្រុង ស្ថិតនៅក្នុងតំបន់ងាយរងនឹងការលិចលង់ពីទឹកជំនន់។ ជាមួយគ្នានេះ កម្ពុជាបានជាប់ជាប្រទេសដែលមានកំណើននៃអត្រាបំភាយឧស្ម័នផ្ទះកញ្ចក់លឿនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសដែលមានអត្រានៃការបំភាយឧស្ម័នកាបូនខ្ពស់ខ្លាំង តែការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតទាប។
លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន តំណាងធនាគារពិភពលោកប្រចាំប្រទេសភូមា កម្ពុជា និងឡាវ ឲ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ការបន្តរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងតម្រូវការនៃបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដែលប្រទាក់ក្រឡាគ្នា ដោយនៅក្នុងន័យនេះ ការបង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច ការកសាងមូលធនមនុស្ស និងការវិនិយោគទៅលើភាពធន់នឹងអាកាសធាតុ នឹងនាំអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ