នាយករដ្ឋមន្រ្តីជប៉ុន ប្រកាសផែនការទ្រទ្រង់សេដ្ឋកិច្ច ១១៣ពាន់លានដុល្លារ
3-វិច្ឆិកា-2023
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃព្រហស្បតិ៍ ទី២ វិច្ឆិកា ដែលមានការចូលរួមពីអ្នកតំណាងជាន់ខ្ពស់របស់គណបក្សកាន់អំណាច នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ប្រកាសផែនការទ្រទ្រង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណ ១១៣ពាន់លានដុល្លារ។ ប្រមុខរដ្ឋាភិបាលជប៉ុនបញ្ចេញថវិកាជាង១០០ពាន់ដុល្លារ ក្នុងបំណងជួយជីវភាពប្រជាជនជប៉ុន ម្ចាស់សំឡេងឆ្នោតដែលកំពុងប្រឈមនឹងវិបត្តិអតិផរណា ទំនិញឡើងថ្លៃ។
ជប៉ុន មហាអំណាចសេដ្ឋកិច្ចធំទី៣នៅក្នុងពិភពលោកបន្ទាប់ពីអាមេរិក និងចិនកំពុងជួបបញ្ហាអតិផរណាធ្ងន់ធ្ងរមិនធ្លាប់មាន គិតចាប់តាំងពីរុស្ស៊ីធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែនដែលបានជំរុញឲ្យ តម្លៃថាមពលឡើងថ្លៃកប់ពពក។
នៅក្នុងគោលដៅជួយសម្រាលបញ្ហាអតិផរណារបស់ប្រជាជន និងជំរុញប្រាក់ចំណូលក្រុមហ៊ុនជប៉ុនលោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា ប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២ វិច្ឆិកា កញ្ចប់ថវិកាជាង ១១៣ពាន់លានដុល្លារសម្រាប់ផែនការទ្រទ្រង់សេដ្ឋកិច្ច។ តាមកាសែតក្នុងស្រុកជប៉ុន ផែនការទ្រទ្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលនឹងអាចឡើងដល់ជាង២៣៧ពាន់លានដុល្លារ បើសិនគេរាប់បញ្ចូលការវិនិយោគរបស់វិស័យឯកជន។
សម្រាប់ប្រមុខរដ្ឋាភិបាលជប៉ុន នេះជាលើកទី១ នៅក្នុងរយៈពេល៣០ឆ្នាំមកនេះ ដែលជប៉ុនមានឱកាសបោះជំហានទៅក្នុងដំណាក់កាលសេដ្ឋកិច្ចថ្មីមួយទៀត។ ប៉ុន្តែនៅក្នុងកាលៈទេសៈដែលប្រាក់ខែឡើងមិនទាន់តម្លៃទំនិញដែលចេះឡើងថ្លៃក្រឺតៗ រដ្ឋាភិបាលចាំបាច់ត្រូវជួយជាបណ្តោះអាសន្នគាំទ្រប្រាក់ចំណូលរបស់ប្រជាជនជប៉ុន។ តាមទូរទស្សន៍ជប៉ុនNHK វិធានការរបស់រដ្ឋាភិបាលជប៉ុនមាននិយាយតាំងពីការកាត់បន្ថយពន្ធជាង២៥០ដុល្លារ សម្រាប់ប្រជាជនម្នាក់ៗ និងប្រាក់ឧបត្ថម្ភជិត៥០០ដុល្លារ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប។ លើសពីនោះ រដ្ឋាភិបាលនឹងបន្តជួយផ្នែកថាមពល និងថវិកាសម្រាប់ជំរុញការវិនិយោគលើវិស័យបច្ចេកវិទ្យាដែលមានតាំងពីការផលិតសឺមីកុងឌុចទ័រ និងឧស្សាហកម្មអវកាស។
ផែនការទ្រទ្រង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់សរុបជាង២០០ពាន់លានដុល្លារនឹងធ្វើឲ្យភ្នំបំណុលរបស់រដ្ឋាភិបាលជប៉ុនកាន់តែកើនឡើងខ្ពស់។ មានប្រាក់បំណុលដែលស្មើនឹង២៦១%នៃផលិតផលក្នុងស្រុកសរុប ជប៉ុនជាប្រទេសដែលមានប្រាក់បំណុលជាតិច្រើនបំផុតមួយក្នុងពិភពលោក។
សម្រាប់សេដ្ឋកិច្ចវិទូជប៉ុនដូចជា លោក ហ៊ីដេអូ គូម៉ាណូ លោកនាយករដ្ឋមន្រ្តីជប៉ុននឹងអាចប្រឈមនឹងការបាត់បង់សំឡេងគាំទ្រនៅក្នុងជួរបក្សកាន់អំណាចរបស់លោក ព្រោះថាមានសមាជិកមួយចំនួន ប្រឆាំងដាច់ខាតនឹងការបង្កើនប្រាក់បំណុល ដើម្បីយកទៅចែកចាយជួយប្រជាជន។ អ្នកជំនាញជប៉ុនរូបនេះ កំពុងចោទសួរផងដែរថា តើលោកនាយករដ្ឋមន្រ្តីបញ្ចេញថវិកាមហាសាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច ឬក៏ជួយសម្រាលបន្ទុកអតិផរណារបស់ប្រជាជន ដើម្បីសំឡេងឆ្នោតផ្ទាល់ខ្លួន។ ការពិតមួយដែលគេមិនអាចប្រកែកបាននៅត្រង់ថា វិបត្តិអតិផរណា ប៉ុន្តែប្រាក់ខែនៅទាបមិនសមស្របនឹងទំនិញឡើងថ្លៃបានធ្វើឲ្យកូដប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្រ្តីគីស៊ីដាធ្លាក់ចុះខ្លាំង គិតចាប់តាំងពីលោកឈ្នះឆ្នោតចូលកាន់តំណែង នៅឆ្នាំ២០២១៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ