ប្រមុខដឹកនាំនយោបាយ មេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាជាន់ខ្ពស់ធំៗ និងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិតបានមកជួបជុំគ្នានៅថ្ងៃពុធទី១វិច្ឆិកានិងព្រហស្បតិ៍ទី២វិច្ឆិកានេះ នៅប្រទេសអង់គ្លេស ដើម្បីបើកជំនួបកំពូលពិភពលោកស្តីពីហានិភ័យនៃបញ្ញាសិប្បនិម្មិត។
នេះជាលើកទីមួយហើយ ដែលពិភពលោកបើកជំនួបកំពូលស្តីពី ហានិភ័យនៃបច្ចេកវិទ្យាដ៏ទំនើបដែលវិវឌ្ឍយ៉ាងលឿនរហ័សគឺ “បញ្ញាសិប្បនិម្មិត”។ ប្រព្រឹត្តទៅនៅក្នុងទីតាំងប្រកបដោយនិម្មត្តរូបបំផុតក្នុងប្រទេសអង់គ្លេស គឺវិមានBletchley ដែលធ្លាប់ជាមណ្ឌលសិក្សាកូដសម្ងាត់ក្នុងសម័យសង្គ្រាមលោកលើកទីពីរ ជំនួបកំពូលចង់ឆ្លុះឱ្យឃើញថាបញ្ញាសិប្បនិម្មិត ជាបដិវត្តផ្នែកបច្ចេកវិទ្យា ដ៏គួរឱ្យទាក់ទាញនិងប្រកបដោយក្តីសង្ឃឹម។ ប៉ុន្តែបញ្ញាសិប្បនិម្មិតក៏ជាតំណាងនៃក្តីព្រួយបារម្ភដែរ។
នៅក្នុងថ្ងៃទីមួយនៃជំនួបកំពូល អ្នកចូលរួមត្រូវជជែកពិភាក្សាអំពីសក្តានុពលនៃគ្រោះថ្នាក់ដែលអាចបង្កឡើងដោយបច្ចេកវិទ្យាសិប្បនិម្មិត។ ចំណែកប្រមុខដឹកនាំនយោបាយជាន់ខ្ពស់ ដូចជាលោកស្រីប្រធានគណៈកម្មការអឺរ៉ុប អ៊ួរស៊ូឡា វ៉ុនឌឺឡេយ៉ែន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស ព្រមទាំងប្រមុខដឹកនាំរដ្ឋ-រដ្ឋាភិបាលក្រុមប្រទេសហ្សេ៧ នឹងបង្ហាញវត្តមានក្នុងជំនួបកំពូលនេះក្នុងថ្ងៃទីពីរ។ ទោះបីកំពុងប្រឈមមុខតានតឹងដាក់គ្នា និងទោះមានក្តីសង្ស័យទាក់ទងនឹងចារកិច្ចឧស្សាហកម្មក៏ដោយ ក៏ចិនបានបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមដែរ។
ក្នុងនាមជាម្ចាស់ផ្ទះដឹកនាំជំនួបកំពូល អង់គ្លេសចង់ធ្វើជាក្បាលម៉ាស៊ីនដឹកនាំកិច្ចសហប្រតិបត្តិការអន្តរជាតិជុំវិញប្រធានបទបញ្ញាសិប្បនិម្មិត ដោយសង្ឃឹមថានឹងអាចចេញសេចក្តីថ្លែងការណ៍អន្តរជាតិជាលើកដំបូងស្តីពី ប្រភេទនៃហានិភ័យរបស់បញ្ញាសិប្បនិម្មិត។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានស្នើសុំឱ្យបង្កើតអង្គការក្រុមអ្នកជំនាញបញ្ញាសិប្បនិម្មិត តាមគំរូក្រុមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិហៅកាត់ថា Giec ដើម្បីធានាថាពិភពលោកពិតជាមានមនុស្សល្អ មានអ្នកជំនាញត្រឹមត្រូវអង្គុយពិភាក្សាគ្នាយ៉ាងហ្មត់ចត់អំពីរបៀបដែលយើងអាចកំរិតហានិភ័យសម្រាប់ថ្ងៃអនាគត។
បញ្ញាសិប្បនិម្មិតជាក្តីសង្ឃឹមធំសម្រាប់វិស័យវេជ្ជសាស្ត្រនិងអប់រំ តែអាចផលិតអាវុធ អាចធ្វើឱ្យសង្គមបាត់បង់លំនឹង ហើយហានិភ័យមានកាន់តែធ្ងន់ធ្ងរបើបច្ចេកវិទ្យាវិវឌ្ឍលឿនជ្រុលពេករហូតរបូតគេចរួចពីការឃុំគ្រងរបស់មនុស្ស ឬមនុស្សគ្រប់គ្រងលែងបាន។ នេះបើតាមរបាយការណ៍អង់គ្លេសដែលជំរុញឱ្យជំនួបកំពូលសម្រេចកំរិតហានិភ័យដោយមិនរារាំងដល់ការធ្វើទំនើបកម្មបញ្ញាសិប្បនិម្មិតរបស់មន្ទីរពិសោធន៍ធំៗ និងក្រុមយក្សផ្នែកបច្ចេកវិទ្យា។ តាមសំណើអង់គ្លេស ក្រុមហ៊ុនជាច្រើនដូចជាOpenAI Meta DeepMind (Google) ព្រមលាតត្រដាងជាសាធារណៈច្បាប់វិធានសុវត្ថិភាពរបស់ពួកគេក្នុងផ្នែកបញ្ញាសិប្បនិម្មិត។ តែអង្គការជាងមួយរយ អ្នកជំនាញនិងសកម្មជនអន្តរជាតិ បានចេញលិខិតចំហមួយរិះគន់ថាជំនួបកំពូលស្តីពីហានិភ័យបញ្ញាសិប្បនិម្មិតប្រព្រឹត្តទៅដោយបិទទ្វារ មានតែមហាយក្សផ្នែកបច្ចេកវិទ្យាចូលរួម ឯសង្គមស៊ីវិលចូលរួមយ៉ាងមានកំរិតបំផុត៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com