មហាអំណាចិននៅតែបន្តបង្កើតការងារឧស្សាហកម្មពិភពលោក រហូតឈានទៅនាំមុខគេ នៅឆ្នាំ២០៥០។ តាមការសិក្សារបស់មជ្ឈមណ្ឌលអភិវឌ្ឍសកលដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន បើទោះបីអាមេរិក និងអឺរ៉ុបចង់កាត់បន្ថយការពឹងផ្អែកលើឧស្សាហកម្មចិន ប៉ុន្តែការងារដែលវិស័យឧស្សាហកម្មចិនបង្កើតឡើង ក្នុងរយៈពេល៣០ឆ្នាំខាងមុខ នឹងកើនឡើងចំនួន និងតំណាងឲ្យ៤៣%នៃការងារឧស្សាហកម្មសរុប នៅក្នុងពិភពលោក។
ទោះបីអាមេរិក និងអឺរ៉ុបមានឆន្ទៈចង់កាត់បន្ថយការពឹងផ្អែកទាំងស្រុងលើវិស័យឧស្សាហកម្មចិនសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែវិស័យឧស្សាហកម្មរបស់ចិននៅតែបង្កើត បង្កើនការងារ ក្នុងរយៈពេល៣០ឆ្នាំទៅមុខ។
តាមការសិក្សារបស់មជ្ឈមណ្ឌលអភិវឌ្ឍសកលCenter for Global Development ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន វិស័យឧស្សាហកម្មចិននឹងនៅបន្តបង្កើនការងារ ទោះបីជានិន្នាការបង្កើតកាងារជាទូទៅ នៅក្នុងពិភពលោក ស្ថិតនៅទ្រឹង ឬធ្លាក់ចុះ។
ដោយសារវិបត្តិកូវីដដែលបានជំរុញឲ្យមានការបិទខ្ទប់ប្រទេស ជាពិសេស ការផ្អាកសកម្មភាពផលិតនៅប្រទេសចិន ដែលប៉ះពាល់ដល់សង្វាក់ផលិតកម្មនាំចូល ប្រទេសជាច្រើននៅអឺរ៉ុប រួមទាំងអាមេរិកផងបានសើរើនយោបាយរបស់ខ្លួន លែងចង់ពឹងផ្អែកខ្លាំងលើផលិតផលឧស្សាហកម្មរបស់ចិន តាមរយៈការរើទីតាំងរោងចក្រឧស្សាហកម្មយុទ្ធសាស្រ្តរបស់ខ្លួនចេញពីចិន ទៅដាក់នៅប្រទេសផ្សេងទៀត ដែលមាននយោបាយស្របគ្នាជាមួយ។ អាមេរិកវិញដែលនៅតែចង់នាំមុខខាងបញ្ញាសិប្បនិម្មិត បានកំណត់ រឹតត្បិតសមត្ថភាពរបស់ចិន នៅក្នុងវិស័យបច្ចេកវិទ្យានាំមុខ ដូចជាការផលិតសឺមីកុងឌុចទ័រ ដែលគេត្រូវការចាំបាច់សម្រាប់អភិវឌ្ឍវិស័យបញ្ញាសិប្បនិម្មិត។
ប៉ុន្តែបើតាមការសិក្សារបស់មជ្ឈមណ្ឌលអភិវឌ្ឍសកល បើទោះអាមេរិក និងប្រទេសនៅអឺរ៉ុបចង់កាត់បន្ថយការពឹងផ្អែកលើឧស្សាហកម្មចិន ក៏ការងារឧស្សាហកម្មដែលមហាអំណាចចិនបង្កើតឡើងនៅក្នុងពិភព លោក ពីពេលនេះដល់ឆ្នាំ ២០៥០ នៅតែកើនឡើងខ្ពស់ និងតំណាងឲ្យ៤៣%នៃការងារឧស្សាហកម្មសរុប នៅក្នុងពិភពលោក ក្នុងខណៈពេលដែល ក្រុមប្រទេសអ្នកមាន ប្រទេសមហាអំណាចឧស្សាហកម្មផ្សេងទៀតត្រូវប្រឈមជួបបញ្ហាបាត់បង់ការងារឧស្សាហកម្ម ពី ១១,៤% មកនៅ ៨,៣%។
ដោយតាមដានសិក្សាលើប្រទេសចំនួន ៥៩ ដែលតំណាងឲ្យ៧៥%នៃផលិតផលសរុបនៅក្នុងពិភពលោក មជ្ឈមណ្ឌលអភិវឌ្ឍសកលបង្ហាញដែរថា នៅប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រ ការបង្កើតការងារឧស្សាហ កម្មស្ថិតនៅទ្រឹងក្រោម៨%។ ប៉ុន្តែមិនមែនមានន័យថា ប្រទេសទាំងនោះមិនអាចចាកផុតពីភាពក្រីក្រនោះទេ។ បើទោះបីជាវិស័យឧស្សាហកម្មរបស់ខ្លួនមិនសូវលូតលាស់ដូចចិន ឬប្រទេសអ្នកមាន ប៉ុន្តែប្រទេសកំពុងអភិវឌ្ឍនឹងអាចក្រឡាស់ខ្លួន ដោះដៃចេញពីភាពក្រីក្រ តាមរយៈការដើរចេញពីវិស័យកសិកម្ម ដើម្បីឆ្ពោះទៅចាប់យកវិស័យសកម្មសម្រាប់ជំរុញសេដ្ឋកិច្ច៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh