លោក ហ៊ុន ម៉ាណែត៖ ពលរដ្ឋនឹងទទួលបានសេវាសុខាភិបាលកាន់តែប្រសើរ
25-តុសា-2023
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមថា ប្រជាពលរដ្ឋ នឹងទទួលបានសេវាសុខាភិបាលកាន់តែល្អប្រសើរ បន្ទាប់ពីមន្ទីរពេទ្យថ្មី ដែលដាក់ឈ្មោះថា«តេជោសន្តិភាព»ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃអង្គារនេះ។ នេះគឺជាមន្ទីរពេទ្យធំជាងគេបំផុតនៅកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅលើផ្ទៃដី ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
មន្ទីរពេទ្យជាតិដែលមានចំនួន១១អគារនេះ មានគ្រែសរុបចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មន្ទីរពេទ្យរបស់កម្ពុជានេះ គឺមានលក្ខណៈទំនើបតាមស្តង់ដារអន្តរជាតិ ដោយលោកមានសុទិដ្ឋិនិយមថា ប្រជាពលរដ្ឋ នឹងទទួលបានសេវាសុខាភិបាលកាន់តែល្អប្រសើរ។ លោកថ្លែងថា ការរៀបចំមន្ទីរពេទ្យជាតិ ធ្វើឡើងក្នុងគោលបំណង ផ្តល់សេវាពហុព្យាបាលដល់ប្រជាពលរដ្ឋ និងជាការគិតគូរយូរអង្វែង ដើម្បីសម្រាលបន្ទុកមន្ទីរពេទ្យផ្សេងៗទៀត។
សម្រាប់ លោក ហ៊ុន ម៉ាណែត ការដែលមានមន្ទីរល្អគឺជារឿងមួយ តែលោកជំរុញឲ្យប្រធានមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអ្នកជំងឺ នៅគ្រប់កន្លែងដោយគ្មានការរើសអើង។
លោកប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះ ក៏បានប្រកាសដាក់ចេញគោលដៅពង្រីកវិសាលភាព មូលនិធិសមធម៌សុខាភិបាល ដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ខណៈមូលនិធិនេះមានអាយុកាល២៣ឆ្នាំមកហើយ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន១ ៣៦០កន្លែងកំពុងអនុវត្តមូលនិធិនេះ។ នេះបើតាមលោក ឈាង រ៉ា។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះ ថ្លែងថា មូលនិធិនេះ បានពង្រីកការគ្រប់ដណ្ដប់លើគោលដៅប្រជាជនក្រីក្រ ចំនួន៧៧៩ ៥១៤គ្រួសារ ស្មើនឹងជាង ៣លាន ២សែននាក់។
ក្នុងចំណោមអ្នកទទួលសេវានេះ គឺមានក្រុមកម្មករក្រៅប្រព័ន្ធ សមាជិកសមាគមម៉ូតូឌុប រ៉ឺម៉ក់ ស៊ីក្លូ និងកង់បី មានចំនួន៧៨ ៣០១នាក់ ប្រជាជនផ្ទុកមេរោគអេដស៍ មានចំនួន ១៧ ៥៩៣នាក់ និងកម្មករនិយោជិកក្នុងវិស័យកំសាន្តទេសចរណ៍ក្រៅប្រព័ន្ធ ប្រមាណ២ ៧៨១នាក់៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ