banner1
របាយការណ៍​របស់​អសប បង្ហាញថា ល្អងធូលីក្នុងបរិយាកាស​កាន់តែ​កើនឡើងគួរឲ្យបារម្ភ

 23-តុសា-2023

បរិមាណល្អងធូលី​ក្នុង​បរិយាកាស​បន្តកើនឡើង​នៅឆ្នាំ ២០២២។ នេះបើតាម​របាយការណ៍ប្រចាំឆ្នាំ ដែល​អង្គការ​ឧតុនិយមពិភពលោក ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍។ តាម​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ គេត្រូវ​យកចិត្តទុកដាក់ សិក្សាស៊ីជម្រៅ​ពីការប្រែប្រួលអាកាសធាតុ​ដែលអាច​ជា​កត្តា​ជំរុញ​ឲ្យ​បាតុភូតធម្មជាតិនេះ​ចេះតែកើនឡើង​នៅក្នុងពិភពលោក។

ពីមួយឆ្នាំទៅមួយឆ្នាំ បរិមាណល្អងធូលី នៅ​ក្នុង​ខ្យល់បរិយាកាស​ចេះ​តែកើន​ឡើង​ចំនួន ជាលំដាប់។ បន្ទាប់​ពីកើនឡើង​នៅឆ្នាំ ២០២១ បរិមាណ​ធូលី​នៅក្នុង​បរិយាកាស​បន្តកើនឡើងនៅ​ឆ្នាំ ២០២២។ ជាក់ស្តែង បើតាម​របាយការណ៍​របស់​អង្គការ​ឧតុនិយម​ពិភពលោក នៅក្នុង​ខ្យល់​១ម៉ែត្រគូប គេរក​ឃើញ​មាន​កំហាប់ធូលី​ជាមធ្យម ១៣,៨មីក្រូក្រាម ច្រើនជាង​ឆ្នាំ ២០២១ ​ដែលមានតែ ១៣,៥មីក្រូក្រាម។

តាម​អង្គការ​ឧតុនិយមពិភពលោក ព្យុះខ្សាច់ ឬ​ព្យុះធូលី​ជា​បាតុភូតធម្មជាតិ ប៉ុន្តែយ៉ាងណាក៏ដោយ សកម្មភាព​របស់​មនុស្ស​ដែល​ទទួលខុសត្រូវក្នុង​ការបញ្ចេញ​ឧស្ម័នកាបូនិក ជាដើមហេតុ​ចំបង​ធ្វើ​ឲ្យព្យុះខ្សាច់ ព្យុះធូលី​កាន់តែកើនឡើង​នៅក្នុង​ពិភពលោក។ លោក​Petteri Taalas ប្រធាន​អង្គការ​ឧតុនិយមពិភពលោក បាន​ពន្យល់​យ៉ាងដូច្នេះថា គ្រោះរាំងស្ងួត អាកាសធាតុ​ក្តៅខ្លាំង ដីស្ងួតហួតហែង បូកផ្សំនឹង​ការគ្រប់គ្រង​គុណភាព​ដី​មិន​បាន​ល្អ គឺជា​កត្តាជំរុញ​ឲ្យ​កើតមានកាន់តែច្រើន ព្យុះខ្សាច់ និង​ព្យុះធូលី។

តាម​របាយការណ៍​របស់​អង្គការ​ឧតុនិយម​នៅក្នុងពិភពលោក ជារៀងរាល់ឆ្នាំ មាន​ធូលី ប្រមាណ ២ពាន់លាន​តោន​ហោះ​ចូល​ក្នុង​ខ្យល់បរិយាកាស ធ្វើ​ឲ្យ​ងងឹតមេឃ បំផ្លាញគុណភាពខ្យល់ នៅក្នុងតំបន់​ដែលអាច​លាតសន្ធឹងជាច្រើនពាន់គីឡូម៉ែត្រ។ របាយការណ៍​របស់​ស្ថាប័នអង្គការ​សហប្រជាជាតិ​បាន​លើកយកករណី ព្យុះខ្សាច់​នៅ​ឆ្នាំ២០២២ ដែល​បក់ចេញពីតំបន់​អាហ្វ្រិកខាងជើង ឆ្លងសមុទ្រ​មេឌីទែរ៉ាណេ​ចូលទៅដល់​តំបន់អឺរ៉ុប​ខាងត្បូង ដូចជា​ប្រទេស​អេស្ប៉ាញ និង​ព័រទុយហ្កាល់។ ទីភ្នាក់ងារត្រួតពិនិត្យ​គុណភាពខ្យល់​របស់អឺរ៉ុប​កំណត់​កំហាប់ធូលី​ក្នុងខ្យល់ពុលបរិយាកាស​ប្រមាណ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប ប៉ុន្តែនៅក្នុងគ្រោះខ្យល់ព្យុះខ្សាច់ ដែលធ្វើ​ប្រទេស​​អឺរ៉ុបនៅខាងត្បូង​ អួរអ័ព្ទដោយខ្យល់ពុលបរិយាកាស គេរកឃើញមាន​កំហាប់ធូលី​ដល់​ទៅ ៣៥០០មីក្រូក្រាម។ នៅ​តំបន់​ដើមបូព៌ា ព្យុះល្អងធូលី កាលពី​ខែ​ឧសភាកន្លងទៅ​បានធ្វើ​ឲ្យ​តំបន់​ទាំងមូល​ចុះស្រអាប់ ចាក់ភ្នែកមិនយល់។ តាម​របាយការណ៍ របស់​អង្គការ​ឧតុនិយមពិភពលោក ព្យុះខ្សាច់ និង​ព្យុះល្អងធូលី​ជះផលអាក្រក់​សម្រាប់​សុខភាពមនុស្ស​សត្វ ផ្លូវដឹកជញ្ជូន ទាំងផ្លូវអាកាស​និងផ្លូវគោក និងបំផ្លាញ​ធ្ងន់ធ្ងរ ដំណាំ​កសិកម្ម។

ជាចុងក្រោយ អង្គការ​ឧតុនិយម​ពិភពលោក​ទាមទារ​ឲ្យ​គេ​សិក្សា​ស្រាវជ្រាវបន្ថែមទៀត ពីការជាប់ទាក់ទងគ្នា​រវាងខ្យល់ព្យុះខ្សាច់ និង​ការប្រែប្រួល​អាកាសធាតុ។ នៅត្រង់ចំណុចនេះ ប្រធាន​អង្គការ​ឧតុនិយម​ពិភពលោក​ ចង់​ឲ្យ​មាន​ក្រុមអ្នកជំនាញ​ខាង​ព្យាករ​ព្យុះខ្សាច់ ព្យុះធូលី ដើម្បី​ទាញសញ្ញាអាសន្ន​ឲ្យ​គេ​ដឹង និង​ប្រុងប្រៀបការពារខ្លួន​ពីគ្រោះថ្នាក់បង្កឡើង​ដោយបាតុភូតធម្មជាតិមួយនេះ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា