លោក ស៊ី ជិនពីង ស្នើឲ្យរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រកំរិតខ្ពស់ ចិន-កម្ពុជា
20-តុសា-2023
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថា ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីច្របាច់បញ្ជូលគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណកម្ពុជា ខណៈការអភិវឌ្ឍន៍របស់ចិន នឹងនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀតដល់ប្រជាជនកម្ពុជា។ នៅក្នុងជំនួបមួយនាថ្ងៃព្រហស្បតិ៍នេះ ជាមួយលោក ហ៊ុន ម៉ាណែត អំឡុងពេលលោកចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំងលោក ស៊ី ក៏បានស្នើឲ្យរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រកំរិតខ្ពស់រវាងកម្ពុជា-ចិន ផងដែរ។ នេះបើតាមកាសែតចិន ស៊ុនហួរ។
ដោយលើកឡើងពីខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពរវាងចិន-កម្ពុជា ដែលជាមិត្តភាពដែកថែបមិនអាចបំបែកបាន លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានរំលេចឡើងពីការត្រៀមខ្លួនរបស់ចិនក្នុងការច្របាច់បញ្ចូលគ្នារវាងគំនិតផ្តួចផ្តើមនៃខ្សែក្រាវាត់ និងផ្លូវ(BRI) ជាមួយនឹងគោលនយោបាយបញ្ចកោណរបស់កម្ពុជា។ លោកថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ គឺបាននាំមកនូវឱកាសអភិវឌ្ឍជាក់ស្តែងដល់ប្រទេសកម្ពុជា។
តាមទីភ្នាក់ងារសារព័ត៌មានចិនស៊ុនហួរ លោកប្រធានាធិបតីបញ្ជាក់ថា ការអភិវឌ្ឍន៍របស់ប្រទេសចិន នឹងនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀតដល់ប្រជាជនកម្ពុជា។ លោក ស៊ី បន្ថែមថាកម្ពុជា-ចិន គួរតែរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រកំរិតខ្ពស់ ដើម្បីកសាងសហគមន៍ចិន-កម្ពុជាមួយ ដែលមានគុណភាព និងកម្រិតស្តង់ដារខ្ពស់ជាមួយនឹងអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី។
ទាក់ទងទៅនឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មវិញ កាសែតស៊ុនហួរបានដកស្រង់សំដីលោក ស៊ី ជិនពីង ថាចិនស្វាគមន៍ការនាំចូលកសិផលពីប្រទេសកម្ពុជាកាន់តែច្រើនទៅក្នុងទីផ្សាររបស់ខ្លួន ព្រមទាំងលើកទឹកចិត្តដល់អ្នកទេសចរចិនធ្វើដំណើរទៅកាន់កម្ពុជាកាន់តែច្រើន។ ការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើតច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ត្រូវបានគាំទ្រដោយមេដឹកនាំចិន-កម្ពុជា ផងដែរ។
ក៏ប៉ុន្តេអ្នកតាមដានសង្គម និងនយោបាយកម្ពុជាមួយចំនួនបានមើលឃើញថា ថ្វីត្បិតកម្ពុជា និងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាពិតមែន ក៏ប៉ុន្តែជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅមិនទាន់មានតុល្យភាពនៅឡើយ ដោយកម្ពុជានាំចូលចិនតិចជាងចិននាំចូលកម្ពុជា។
តាមការចុះផ្សាយរបស់ស៊ុនហួរដដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការកោតសរសើរចំពោះការគាំទ្រដ៏យូរអង្វែង និងគុណតម្លៃរបស់ចិនសម្រាប់កម្ពុជា ដោយចិនកត់សម្គាល់ថា កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយមិត្តភាព និងគាំទ្រផលប្រយោជន៍ស្នូលរបស់ប្រទេស ចិន។ លោក ហ៊ុន ម៉ាណែត បានថ្លែងថា គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន ដែលដាក់ចេញដោយលោកប្រធានាធិបតី ស៊ី ជិនពីង បានផ្តល់ឱកាស និងជាវេទិកាសំខាន់ៗសម្រាប់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក ហើយកម្ពុជា គឺជាអ្នកគាំទ្រយ៉ាងសកម្មផងដែរ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ