កម្ពុជា-ជប៉ុន បានឯកភាព ក្នុងការរៀបចំធ្វើដំណើរទេស្សនកិច្ចរួមគ្នាទៅប្រទេសភូមា ដើម្បីស្វែងរកសន្តិភាព បន្ទាប់ពីប្រទេសភូមាបានធ្លាក់ទៅក្នុងវិបត្តិសង្រ្គាម ក្រោយការធ្វើរដ្ឋប្រហារដោយរបបយោធា កាលពីឆ្នាំ២០២១។ ការឯកភាពគ្នានេះ ធ្វើឡើងនាពេលដែល លោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី បានជួបជជែកជាមួយនឹង លោក Yohei Sasakawa ប្រេសិតពិសេសជប៉ុនសម្រាប់ការផ្សះផ្សាជាតិក្នុងប្រទេសភូមា នៅឯស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១១តុលា។
តាមរយៈសេចក្តីប្រកាសពីវិមាន៧មករា គឺលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក Yohei Sasakawa ប្រេសិតពិសេសជប៉ុនសម្រាប់ការផ្សះផ្សាជាតិក្នុងប្រទេសភូមា បានប្រកាសឲ្យដឹងពីបេសកកម្មសន្តិភាពរួមគ្នាសម្រាប់ប្រទេសភូមា ដោយកម្ពុជា និងជប៉ុន បានយល់ព្រម ធ្វើដំណើរទៅកាន់ទីក្រុងណៃពិដោរ ជាថ្មី ដែលជាទីស្នាក់ការរបស់កងទ័ពយោធាភូមា។ តែយ៉ាងណាសេចក្តីប្រកាសនោះ មិនបានបញ្ជាក់ឲ្យដឹងនៅឡើយ អំពីពេលវេលាច្បាស់លាស់ ដែលលោក ហ៊ុន សែន និងលោក Yohei Sasakawa នឹងទៅភូមាឡើយ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy របស់ភូមា ការប្រកាសអំពីបេសកកម្មសន្តិភាពរួមគ្នាសម្រាប់ភូមា រវាងកម្ពុជា និងជប៉ុន ពេលនេះ គឺធ្វើឡើងនៅមុនពេលដែលរបបយោធាភូមាត្រៀមរៀបចំខួបលើកទី៨ នៃកិច្ចព្រមព្រៀងឈប់បាញ់ទូទាំងប្រទេសរវាងកងទ័ពយោធាភូមា និងអង្គការប្រដាប់ប្រវុធជនជាតិភាគតិចមួយចំនួន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះថា លោកមិនទាន់បានដឹងពេលវេលាច្បាស់លាស់នៃការធ្វើដំណើរទស្សនកិច្ចរួមរវាងលោក ហ៊ុន សែន និងលោក Yohei Sasakawa ទៅកាន់ប្រទេសភូមាឡើយ។ ក៏ប៉ុន្តែយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច បានបង្ហាញភាពសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងប្រេសិតពិសេសជប៉ុន ទៅកាន់ប្រទេសភូមាលើកនេះ នឹងទាញបានភាពវិជ្ជមានបន្ថែមទៀត នៅក្រោយពេលដែលលោក ហ៊ុន សែន ក៏ធ្លាប់បានទៅប្រទេសភូមា និងជួបមេដឹកនាំយោធា លោក Min Aug Hlaing ម្តង នាគ្រាដែលកម្ពុជាធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២។
គ្រានោះ ក្រៅតែពីលោក ហ៊ុន សែន លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក៏បានទៅភូមា ចំនួន២លើក តែដំណើរទាំងពីរជើងរបស់លោក ប្រាក់ សុខុន នៅតែមិនអាចទទួលផ្លែផ្កាជាដុំកំភួនអ្វី ដ្បិតរបបសឹកមិនបានអនុញ្ញាតឲ្យជួបជាមួយលោកស្រី អ៊ុង សានស៊ូជី ភាគីនយោបាយដ៏សំខាន់ នៅក្នុងសំណុំរឿងរដ្ឋប្រហារពីសំណាក់របបសឹក។ លោក ប្រាក់ សុខុន ធ្លាប់គូសបញ្ជាក់ក្នុងសន្និសីទពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ កាលពីខែសីហា ឆ្នាំ២០២២ ថា តាំងពីខែកញ្ញាឆ្នាំកន្លងទៅ អាស៊ានមិនឃើញមានវឌ្ឍនភាពអ្វីទាល់តែសោះ ក្រៅតែពីការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋភូមា។ ក្រៅពីនេះ ការប្រហារជីវិតទៅលើសកម្មជននានា ពីសំណាក់របបសឹក កាន់តែធ្វើឲ្យអាស៊ានបាត់បង់ជំនឿ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com