ទោះរងការរិះគន់ ចិនអះអាងថា ទំហំវិនិយោគនៅក្នុងគម្រោងផ្លូវសូត្រថ្មី កើនឡើងដល់ ២ទ្រីលានដុល្លារ
18-តុសា-2023
ចិនប្រារព្ធខួប១០ឆ្នាំ នៃការបង្កើតគម្រោងផ្លូវសូត្រថ្មី ឬផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជាមួយនឹងការប្រកាសលទ្ធផលគួរជាទីមោទនៈសម្រាប់ចិន។ តាមសៀវភៅស ដែលប៉េកាំងបង្ហាញជាផ្លូវការ នៅថ្ងៃអង្គារទី ១៧ តុលា គម្រោងវិនិយោគសម្រាប់ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសបង្កើតឡើងកាលពីឆ្នាំ ២០១៣ បានកើនឡើងដល់ ២ទ្រីលានដុល្លារ។
ខណៈពេលដែលប្រធានាធិបតី លោក ស៊ី ជីនពីងទទួលស្វាគមន៌ មេដឹកនាំបណ្តាប្រទេសជាង ១៣០ ដែលត្រូវចូលរួម នៅក្នុងវេទិកាផ្លូវសូត្រថ្មី នៅទីក្រុងប៉េកាំង នៅសប្តាហ៍នេះ ក្រុមប្រឹក្សារដ្ឋចិនបញ្ចេញសៀវភៅស ដែលនិយាយពីលទ្ធផល១០ឆ្នាំ នៃគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន។
តាមសៀវភៅសរបស់ចិន គម្រោងផ្លូវសូត្រថ្មី ដែលលោក ស៊ី ជីនពីង ប្រកាសបង្កើតឡើងកាលពីឆ្នាំ១០ឆ្នាំមុន ក្នុងគោលដៅជំរុញសេដ្ឋកិច្ច និងមហិច្ឆតា ភូមិសាស្រ្តនយោបាយរបស់ចិន តាមរយៈការសាងសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ តភ្ជាប់ពីចិនទៅបណ្តាប្រទេសនៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប មានគម្រោងជាង ៣០០០ ជាមួយទឹកប្រាក់វិនិយោគសរុបជិត២ទ្រីលានដុល្លារ ដែលស្មើនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ឬកាណាដា។
ចូលរួមពីប្រទេសជាង១៣០ នៅក្នុងពិភពលោក គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយបានកើនទំហំទឹកប្រាក់វិនិយោគជិត ២ទ្រីលានដុល្លារ ប៉ុន្តែជាមួយគ្នានោះ វាក៏បានបង្កើតបញ្ហាប្រាក់បំណុលរបស់ប្រទេសសមាជិក។
នៅក្នុងសៀវភៅ ស ក្រុមប្រឹក្សារដ្ឋចិនបញ្ជាក់ថា ដើម្បីចូលរួមនៅក្នុងគម្រោងផ្លូវសូត្រថ្មីរបស់ចិន ដែលផ្តោតទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន កំពង់ផែ ប្រទេសចំនួន១៣០ បានទៅខ្ចីប្រាក់ពីធនាគាររដ្ឋចិនឈ្មោះ Eximbank ក្នុងទំហំទឹកប្រាក់សរុប ជាង ៣០៧ពាន់លានដុល្លារ។ អាចនិយាយបានថា ប្រទេសកូនបំណុលនីមួយៗជំពាក់ប្រាក់ធនាគារចិនជាមធ្យមជាង ២៤០០លានដុល្លារ។
ប៉ុន្តែតាមអ្នកជំនាញ ប្រទេសដែលចូលរួមនៅក្នុងគម្រោងផ្លូវសូត្រថ្មីរបស់ចិន អាចជំពាក់បំណុលធនាគារចិនច្រើនជាងនេះ រហូត៦ពាន់លានដុល្លារ ជាមធ្យម ព្រោះថា នៅមានបំណុលជាច្រើនទៀត ដែលចិន លាក់មិនបង្ហាញជាផ្លូវការ។ ដោយសារវិបត្តិប្រាក់បំណុលដែលកាន់តែធ្លាក់ធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ និងសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ចិនធ្លាប់សើរើប្រាក់បំណុលរបស់ប្រទេសមួយចំនួនដែលគ្មានសមត្ថភាពបង់ទាន់ពេលវេលាអត្រាការប្រាក់ទៅធនាគារចិន។
អាមេរិកដែលជាគូប្រជែងរបស់ចិនធ្លាប់បានព្រមានពីការធ្លាក់លង់ជ្រៅ ទៅក្នុងវិបត្តិប្រាក់បំណុល បស់ប្រទេសដែលចូលរួមនៅក្នុងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន។ សម្រាប់អាមេរិក និងសហភាពអឺរ៉ុប គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយជាមធ្យោបាយដែលចិនប្រើសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន និងដើម្បីពង្រីកដែនឥទ្ធិពលរបស់ប៉េកាំង នៅក្នុងពិភពលោក។ តាមការចោទប្រកាន់របស់អាមេរិក ចិន ប្រើគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដើម្បីបង្កើតមូលដ្ឋានទ័ពនៅទឹកដីបរទេស នៅក្នុងលេសការពារសន្តិសុខឲ្យគម្រោងវិនិយោគរបស់ចិន នៅក្នុងពិភពលោក៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFIhttps://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ