banner1
លោក ហ៊ុន ម៉ាណែត នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវរបស់ចិន ដើម្បីបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា

 17-តុសា-2023

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ នឹងហោះទៅប្រទេសចិនជាថ្មីម្តងទៀត ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើក ទី៣ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៉េកាំង។ បើតាមសេចក្តីប្រកាសព័ត៌មាន ដំណើររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសចិន នាថ្ងៃអង្គារខាងមុខនេះ គឺលោក ហ៊ុន ម៉ាណែត នឹងមានជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង រួមនឹងអ្នកមុខអ្នកការរបស់ចិន ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងត្រូវចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ របស់ចិន នៅថ្ងៃទី១៧ និងថ្ងៃទី១៨ តុលា ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ប្រកបដោយគុណភាព៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

នៅក្នុងវេទិកា ដែលធ្វើឡើងនៅទីក្រុងប៉េកាំងនោះ លោក ហ៊ុន ម៉ាណែត ក៏នឹងត្រូវឡើងថ្លែងសុន្ទរកថាដោយផ្ទាល់ អំពី សេដ្ឋកិច្ចឌីជីថលជាប្រភពកំណើនថ្មី មុនពេលដែលលោកជួបជាមួយលោក ស៊ី ជីនពីង និងឥស្សរជនបរទេសដទៃ ដើម្បីពិភាក្សាការងារ។

ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ របស់ចិន ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកនេះ គឺដើម្បីបញ្ជាក់ជាថ្មីថា កម្ពុជាបានគាំទ្រចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ឲ្យកាន់តែរីកចម្រើន។

គួរកត់សម្គាល់ថា ដំណើរទៅប្រទេសចិនជាថ្មីនេះ គឺជាដំណើរលើកទី២ របស់លោក ហ៊ុន ម៉ាណែត ក្រោយបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជិត២ខែមកនេះ។ កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះ លោក ហ៊ុន ម៉ាណែត បានចេញទៅប្រទេសចិន ដោយជួប លោក ស៊ី ជីនពីង និងបានជជែក លើប្រធានបទមួយចំនួន ​រួមមានការកសាង​សហគមន៍វាសនារួម​កម្ពុជា-ចិន ​ក្នុងយុគ្គសម័យថ្មី ​ការជំរុញបន្ថែមនូវកិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រ​សម្រាប់ទំនាក់ទំនង​កម្ពុជា-ចិន​ ព្រមទាំងកិច្ចការតំបន់ ​និង​អន្តរជាតិ ដែលផ្តល់​ប្រយោជន៍រួម៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា