banner1
លោក ស៊ី ជីនពីង៖ ទំនាក់ទំនងរវាងចិន និងអាមេរិក គឺសំខាន់ខ្លាំងណាស់ សម្រាប់អនាគតមនុស្សជាតិ

 10-តុសា-2023

នៅ​ក្នុង​ប្រទេស​ចិន ប្រមុខ​ការទូត ​លោក ​វ៉ាង យី​ បាន​ទទួល​ជួប​គណៈប្រតិភូ​អាមេរិក ​ដឹកនាំ​ដោយ​អ្នក​ប្រជាធិបតេយ្យ​លោក Chuck Schumer ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា។ ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាមេរិក​នៅ​ចិន​មាន​គោលដៅ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ។ ក្រៅ​ពី​បាន​ជួប​ លោក ​វ៉ាង យី គណៈប្រតិភូ​អាមេរិក​ក៏​បាន​ទទួល​ជួប​ដោយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី ជីនពីង និង​ប្រធាន​សភា ​លោក ​ហ្សាវ លីជី​ក្នុង​ក្រុង​ប៉េកាំង​ដែរ។

ថ្លែង​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​អាមេរិក ប្រធានាធិបតី​ចិន​ លោក​ ស៊ី ជីនពីង ​បាន​គូសបញ្ជាក់​ត្រង់ៗ​ថា ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​គឺ​សំខាន់​បំផុត​សម្រាប់​ពិភពលោក។ តាម ​លោក ​ស៊ី អនាគត និង​ជោគវាសនា​របស់​មនុស្សជាតិ ​គឺ​អាស្រ័យ​ទាំង​ស្រុង​លើ​ការ​ចុះ​សម្រុង ឬ​មិន​ចុះ​សម្រុង​គ្នា​រវាង​ចិន និង​អាមេរិក​នៅ​ចំពោះ​មុខ​ពិភពលោក​មួយ​ដែល​កំពុង​ស្គាល់​ភាព​ក្រឡាប់​ចាក់ និង​ភាព​វឹកវរ។ នៅ​មុន​ជួប ​លោក ​ស៊ី ជីនពីន គណៈប្រតិភូ​អាមេ រិក ​ដឹកនាំ​ដោយ​លោក Chuck Schumer បាន​ទទួល​ជួប​ដោយ​ប្រមុខ​ការទូត​ចិន ​លោក​ វ៉ាង យី។

« យើង​សង្ឃឹម​ថា ទស្សនកិច្ច​របស់​គណៈប្រតិភូ​អាមេរិក​ពេល​នេះ​នឹងជួយ​ឱ្យ​អាមេរិក​យល់​កាន់​តែ​ច្បាស់​អំពី​ចិន និង​សំឡឹង​ឃើញ​ទំនាក់ទំនង​រវាង​ចិន អាមេរិក​ជា​មួយ​នឹង​កម្មវត្ថុ​ពិត រួម​ទាំង​គ្រប់គ្រង​ភាព​ខុស​គ្នា ​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​សមហេតុផល » នេះ​ជា​ការ​ថ្លែង​របស់ ​លោក ​វ៉ាង យី ​ទៅ​កាន់​លោក Chuck Schumer។ ចំណែក​ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​មក​ពី​បក្សប្រជាធិបតេយ្យ​ នៅ​ព្រឹទ្ធសភា​រូប​នេះ​បាន​និយាយ​ប្រាប់ ​លោក ​វ៉ាង យី​ វិញ​ថា អាមេរិក និង​ចិន​ត្រូវ​តែ​គ្រប់គ្រង​ទំនាក់ទំនង​រវាង​គ្នា​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ និង​ថា អាមេរិក​មិន​ស្វែង​រក​ជម្លោះ​ទេ។

តាម​លោក Chuck Schumer វា​ជា​រឿង​ធម្មតា​ដែល​មហាអំណាច​ធំ​ទាំង​ពីរ ​មាន​ការ​ប្រជែង​គ្នា​នៅ​ក្នុង​វិស័យ​មួយ​ចំនួន ដូច​ជា​ពាណិជ្ជកម្ម បច្ចេកវិទ្យា ការទូត ឬ​វិស័យ​ផ្សេង​ទៀត។ តែ​រឿង​អាទិភាព​មួយ​ទៀត​ដែល​លោក Chuck Schumer មិន​ភ្លេច​លើក​ទៅ​និយាយ​ជាមួយ​ លោក ​វ៉ាង យី ​នោះគឺ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​ចិន។ ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី​ អាមេរិក ចិន លោក Chuck Schumer បាន​ឆ្លៀត​រិះគន់​ជំហរ​របស់​ចិន​នៅ​ក្នុង​ជម្លោះ​រវាង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់ និង​អ៊ីស្រាអែល​ពេល​នេះ។

លោក Chuck Schumer យល់​ថា ជំហរ​របស់​ចិន​ដែល​បាន​អំពាវនាវ​ឲ្យ​ពួក​ហាម៉ាស់ និង​អ៊ីស្រាអែល​មាន​ការ​អត់ធ្មត់​ជា​ជំហរ​គ្មាន​ការ​អាណិតអាសូរ និង​គាំទ្រ​ចំពោះ​អ៊ីស្រាអែល​ក្នុង​ពេល​លំបាក​ទេ។ ចំណែក​ លោក ​វ៉ាង យី​ បាន​ឆ្លើយ​ដោយ​គូសបញ្ជាក់​ជា​ទូទៅ​ថា ពិភពលោក​សព្វថ្ងៃ​កំពុង​ឆ្លង​កាត់​ភាព​ចលាចល និង​ការ​ផ្លាស់ប្តូរ​ជាមួយ​នឹង​សង្រ្គាម​អ៊ុយក្រែន ហើយ​ពេល​នេះ សង្រ្គាម​បាន​ផ្ទុះ​​ជា​ថ្មី​នៅ​មជ្ឈិបូព៌ា។ តាម​ លោក ​វ៉ាង យី បញ្ហា​ប្រឈម​ទាំង​នេះ​ត្រូវ​តែ​ដោះស្រាយ​ដោយ​សហគមន៍អន្តរជាតិ ហើយ​ចិន និង​អាមេរិក​ត្រូវ​តែ​ដើរ​តួនាទី​ដោយ​ខាន​មិន​បាន៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា