banner1
ជប៉ុនបានផ្តើមបង្ហូរទឹក ពីមជ្ឈមណ្ឌលនុយក្លេអ៊ែរហ៊្វូគូស្ហ៊ីម៉ា ចូលសមុទ្រក្នុងដំណាក់កាលទី២

 6-តុសា-2023

នៅ​ក្នុង​ប្រទេស​ជប៉ុន ក្រុមហ៊ុន Tepco បាន​ប្រកាស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៥ តុលា ​ពី​ការ​ផ្តើម​បង្ហូរ​ទឹក​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា ​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​ដំណាក់កាល​ទី២។ បរិមាណ​ទឹក​ដែល​ត្រូវ​បង្ហូរ​នៅ​ក្នុង​ដំណាក់កាល​ទី២ នេះ​មាន​ចំនួន​ស្មើ​នឹង​ការ​បង្ហូរ​នៅ​ក្នុង​ដំណាក់កាលទី១ កាល​ពី​ដើម​ខែ​សីហា។ គួរ​បញ្ជាក់​ថា ទឹក​ដែល​ស្តុក​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​ ត្រូវ​បាន​ច្រោះ​យក​សារធាតុវិទ្យុសកម្ម​ចេញ​មុន​នឹង​បង្ហូរ​ចូល​សមុទ្រ។ តែ​យុទ្ធនាការ​មួយ​នេះ​បាន​បង្ក​ឲ្យ​មាន​កំហឹង​ពី​ប្រទេស​ជិត​ខាង ពិសេស​ចិន និង​កូរ៉េខាងត្បូង។

អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Tepco បាន​បញ្ជាក់​ប្រាប់ AFP ថា ការ​រំដោះ​ទឹក​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា ​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​ដំណាក់ការ​ទី២ បាន​ចាប់​ផ្តើម​នៅ​ម៉ោង ១០ និង១៨នាទី​ព្រឹក ​ម៉ោង​ក្នុង​ប្រទេស​ជប៉ុន។ ក៏​ដូច​ជា​នៅ​ក្នុង​ដំណាក់កាល​ទី១ កាល​ពី​ថ្ងៃទី២៤ សីហា​ដែរ ការ​បង្ហូរ​ទឹក​ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ៊្វូគូស្ហ៊ីម៉ា​នឹង​ត្រូវ​ប្រើ​ពេល​ចំនួន ១៧ថ្ងៃ និង​មាន​បរិមាណ​ទឹក​ប្រមាណ​ជា ៧ ៨០០ម៉ែត្រគូប។ គួរ​បញ្ជាក់​ថា ទឹក​នៅ​មជ្ឈមណ្ឌល​ហ៊្វូគូស្ហ៊ីម៉ា​ ជា​ទឹក​ដែល​បាន​ប្រើ​សម្រាប់​ធ្វើ​ឲ្យ​ត្រជាក់​ម៉ាស៊ីប្រតិកម្ម ទឹក​នៅ​ក្រោម​ដី និង​ទឹកភ្លៀង​នៅ​ក្នុង​ទីតាំង​មជ្ឈមណ្ឌល។

ក្រុមហ៊ុន Tepco ដែល​ជា​ប្រតិបត្តិករ​នៅ​ហ៊្វូគូស៊ីម៉ា​ បាន​ប្រមូល​ទឹក​ទាំង​នោះ​ស្តុក​ទុក​នៅ​ក្រោយ​មជ្ឈមណ្ឌល​មួយ​នេះ​ បាន​រងគ្រោះ​ដោយ​រលក​យក្សស៊ូ ណាមី​ ក្នុង​ថ្ងៃទី១១ មីនា ឆ្នាំ ២០១១។ ជា​សរុប មាន​បរិមាណ​ទឹក​ជាង ១លាន ៣សែន​ម៉ែត្រ​គូប​ ត្រូវ​បាន​ក្រុមហ៊ុន Tepco ធ្វើ​ការ​ច្រោះ​យក​សារធាតុ​វិទ្យុសកម្ម​ចេញ និង​ស្តុក​ទុក​នៅ​ក្នុង​ស៊ីទែន​ជាង ១ពាន់​ស៊ីទែន​ ស្ថិត​ក្នុង​បរិវេណ​មជ្ឈមណ្ឌល។ តាម​គម្រោង ប្រតិបត្តិការ​បង្ហូរ​ទឹក​ទាំង​ជាង ១លាន ៣សែន​ម៉ែត្រ​គូប​ចូល​សមុទ្រ​នឹង​ត្រូវ​ប្រើ​ពេល​ប្រមាណ​ជា ៤០ឆ្នាំ។ រយៈពេល ៤០ឆ្នាំ​នេះ ​ក៏​ជា​ពេលវេលា​ចាំ​បាច់ ​ដើម្បី​រុះរើ​មជ្ឈមមណ្ឌល​ហ៊្វូគូស៊ីម៉ា​ដែរ។

គួរ​បញ្ជាក់​ថា គឺ​ទើប​នៅ​ថ្ងៃទី៤ កក្កដា ​ដែល​ជប៉ុន​បាន​ទទួល​ភ្លើងខៀវ​ពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់ AIEA ឲ្យ​បង្ហូរ​ទឹក​ច្រោះ​រួច​នៅ​ហ៊្វូគូស្ហ៊ីម៉ា​ ចូល​សមុទ្រ។ AIEA បាន​សន្និដ្ឋាន​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ការ​បង្ហូរ​បន្តិច​ម្តងៗ និង​ដោយ​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​នូវ​ទឹក​ដែល​ច្រោះ​រួច​នឹង​មាន​ផលប៉ះពាល់​តិចតួច​ដល់​បរិស្ថាន និង​ប្រជាជន។ ចំណែក​ជប៉ុន​ក៏​បាន​អះអាង​ពី​ការ​គោរព​ត្រឹមត្រូវ​តាម​និយាមសុវត្ថិភាព​អន្តរជាតិ។ តែ​ការ​ធានា​របស់​ជប៉ុន​មិន​អាច​ទប់​កំហឹង​របស់​ប្រទេស​ជិត​ខាន​បាន​ទេ ពិសេស​កូរ៉េខាងត្បូង និង​ចិន។ តាំង​ពី​ដំណាច់​ខែ​សីហា  ក្រុង​ប៉េកាំង​បាន​ផ្អាក​ការ​នាំ​ចូល​គ្រឿងសមុទ្រ​ពី​ជប៉ុន។

ចំណែក​រុស្ស៊ី​ដែល​កំពុង​មាន​ទំនាក់ទំនង​តានតឹង​ស្រាប់​ជាមួយ​ជប៉ុន ​ដោយសារ​តែ​ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ ក្នុង​រឿង​សង្រ្គាម​អ៊ុយក្រែន​ក៏​កំពុង​ពិចារណា​ចាត់វិធានការ​ប្រឆាំង​ជប៉ុន​ដូច​ចិន​ដែរ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFIhttps://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា