គ.ជ.ប ត្រៀមខ្លួនរៀបចំការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី ២៥ កុម្ភៈ ឆ្នាំក្រោយ
3-តុសា-2023
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីម្សិលមិញ។
លោក នុត សុខុម អនុប្រធាន គ.ជ.ប បានថ្លែងថា គ.ជ.ប បានត្រៀមខ្លួនជាស្រេចអនុវត្តន៍ផែនការមេ ប្រតិទិនការងារ បានកែសម្រួលបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងៗ និងបានត្រៀមសម្ភារ បរិក្ខារ ដើម្បី ធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងការចុះឈ្មោះអ្នកសារព័ត៌ជាតិ អន្តរជាតិ ចាប់ផ្តើម ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
ចំណែកការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់សង្កេតមើលតាមការិយាល័យ ចុះឈ្មោះបោះឆ្នោត គឺគណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ហើយមានបំណងដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតមើលការចុះឈ្មោះបោះឆ្នោត ត្រូវបំពេញពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវផ្ដល់ជូនដោយឥតគិតថ្លៃដោយ គ.ជ.ប។ កាលបរិច្ឆេទនៃការដាក់ពាក្យសុំ គឺចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ចំនួនអាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះគឺបែងចែកជា ៨ភូមិភាគ មាន ៥៨អាសនៈ ប៉ុន្តែអាសនៈសរុបនៃព្រឹទ្ធសភាទាំងអស់គឺមាន៦២រូប ដោយ ០២រូប ចាត់តាំងដោយព្រះមហាក្សត្រ ០២រូប ជ្រើសតាំងដោយរដ្ឋសភា។
កាលពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គឺគណបក្សប្រជាជនកម្ពុជា ទទួលបាននូវអាសនៈទាំងអស់ចំនួន៥៨ ខណៈគណបក្សប្រឆាំងត្រូវបានរំលាយ។ ចំណែកការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខនេះ ដែលជាការបោះឆ្នោតអសកលនោះ គេនៅមិនទាន់ដឹងថា តើមានវត្តមានគណបក្សភ្លើងទៀនអាចត្រូវបានអនុញ្ញាតឲ្យចូលរួមដែរឬយ៉ាងណានៅឡើយ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFIhttps://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ