banner1
ពាណិជ្ជកម្ម​ សន្តិសុខ ​ទេសចរណ៍ ​ពលករ​ ជា​របៀបវារៈ​សំខាន់​នៃ​ជំនួប​មេដឹកនាំកម្ពុជា-​ថៃ

 2-តុសា-2023

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែត ​និង​នាយក​រដ្ឋមន្ត្រី​ថៃ ​លោក ​សេដ្ឋា ថាវីស៊ីន ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ​ម្សិលមិញ ​បាន​លើកយក​របៀបវារៈ​សំខាន់​ៗ​មួយចំនួន​មក​ពិភាក្សា​គ្នា​ដូចជា ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ បញ្ហា​សន្តិសុខ​តាម​ព្រំដែន ​និង​បញ្ហា​ពលករ​អន្តោប្រវេសន៍​កម្ពុជា​ធ្វើការក្នុង​ប្រទេស​ថៃ​ជាដើម​។ ការ​ជជែក​ពិភាក្សាគ្នា​លើ​ប្រធានបទ​សំខាន់​ៗ​ទាំងនេះ ​បានធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់ ​លោក ​សេដ្ឋា ថាវីស៊ីន ​នៅប្រទេស​កម្ពុជា​ជាលើក​ដំបូង​។

ក្រៅពី​ការប្តេជ្ញាចិត្ត​ជាថ្មី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឲ្យឈានដល់កម្រិត​ថ្មី​ និងការ​ប្រាស្រ័យទាក់ទង​គ្នាកម្រិត​ខ្ពស់ ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ ហ៊ុន ម៉ាណែត ​និង​នាយករដ្ឋមន្ត្រី​ថៃ លោក ​សេដ្ឋា ថាវីស៊ីន បានលើកយក​បញ្ហា​ពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ​មក​ជជែក​។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ ​បានឯកភាពប្រគល់​ភារកិច្ចឲ្យ​អាជ្ញាធរពាក់ព័ន្ធ​ប្រើប្រាស់​យន្តការ​ដែលមានស្រាប់​ប្រកបដោយ​ប្រសិទ្ធភាព ​និង​រិះរកកាលានុវត្តភាព​ប្រកបដោយសក្តានុពល​បន្ថែម ​ដើម្បីបង្កើន​ទំហំពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែនសំដៅ​សម្រេចបាននូវ​គោកដៅពាណិជ្ជកម្ម​ទំហំ ១៥ពាន់​លាន​ដុល្លារ​ នៅឆ្នាំ២០២៥​។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួង​ការបរទេស​កម្ពុជា​។

តាមសេចក្តីប្រកាស​ដដែល ​បញ្ហា​ទេសចរណ៍​ក៏ជារបៀបវារៈ​សំខាន់ដែរ ​ដោយប្រទេសទាំងពីរ​ជំរុញឲ្យ​មានផែនការ​សកម្មភាព​រួមស្តីពី​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍ ឆ្នាំ​២០២៣-២០២៥ ​និង​ជំរុញ​បន្ថែមនូវលំហូរ​ភ្ញៀវទេសចរ​រវាងប្រទេស​ទាំងពីរ ​និង​មកពីប្រទេស​ទីបី​ស្របតាម​ពាក្យស្លោក ​«ព្រះរាជាណា ចក្រ​ពីរ គោលដៅ​តែមួយ​»។

ចំពោះ​ពលករ​កម្ពុជាជាង​១លាននាក់​ ធ្វើការនៅ​ប្រទេសថៃវិញ ​នាយករដ្ឋមន្ត្រី​ថៃចាត់ទុក​ពលករកម្ពុជា​ថា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយជំរុញសេដ្ឋកិច្ចថៃ​ ដែលបញ្ហានេះ ​ថៃនឹងយកចិត្តទុកដាក់​ដល់​សុខមាលភាព​របស់ពួកគេ​។

ពាក់ព័ន្ធនឹង​វិស័យការពារជាតិ ​និងសន្តិសុខ​ ភាគីទាំងពីរ ក៏បាន​ប្តេជ្ញាចិត្តសហការគ្នាយ៉ាង​ជិតស្និទ្ធក្នុងការ​ទប់ស្កាត់ និងបង្ក្រាប​សកម្មភាពខុសច្បាប់​ ផ្លាស់ប្តូរ ​និងចែករំលែកព័ត៌មាន​ ប្រឆំាំងឧក្រិដ្ឋកម្ម​ឆ្លងដែន ​ជំងឺឆ្លង ​និងព័ត៌មានក្លែងក្លាយ​ជាដើម។ ក្រៅពីនេះបញ្ហា​សម្រួលនីតិវិធី​អន្តោប្រវេសន៍​ ការបង្កើត​អគ្គកុងស៊ុលកម្ពុជា​នៅក្នុងខេត្ត​របស់ថៃ ក៏ត្រូវបាន​លើកមកជជែក​ផងដែរ​។

ក៏ប៉ុន្តែ​បញ្ហាសំខាន់​ដែលមិនមាន​នៅក្នុងរបៀបវារៈ​ផ្លូវការ ​ហើយដែល​អ្នកតាមដាន​សង្គម និង​នយោបាយខ្មែ-ថៃ ​មានការចាប់អារម្មណ៍​ខ្លាំង​គឺ​បញ្ហាឆបោក​តាមអនឡាញ ​និងការបាត់ខ្លួន​សកម្មជន​ប្រជាធិបតេយ្យថៃ​លោក វ៉ាន់ឆាលឺម ​សាតស័ក្តិសិទ្ធ ​កាលពីឆ្នាំ២០២០ ​នៅកម្ពុជា ​មិនត្រូវបានលើក​មកជជែក ​ឬ​ក៏ជជែក​ក្រៅផ្លូវការ ​ក៏ប៉ុន្តែ​មិនត្រូវបាន​បញ្ចេញ​ព័ត៌មាន​៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា