banner1
អាមេរិក ផ្តល់ឡើងវិញទឹកប្រាក់១៨លានដុល្លារ បន្ទាប់ពីផ្អាកពេលបោះឆ្នោតនៅកម្ពុជា

 25-កញ្ញា-2023

សហរដ្ឋ​អាមេរិក​បាន​សម្រេច​ផ្តល់​ជូន​ឡើង​វិញ​នូវ​ទឹក​ប្រាក់​ចំនួន១៨​លាន​ដុល្លារ ​តាម​រយៈ​ទី​ភ្នាក់​ងារ​សម្រាប់​អភិវឌ្ឍន៍​អន្តរ​ជាតិ​(USAID) ​ដែល​សហរដ្ឋ​អាមេ​រិក​បាន​ផ្អាក​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៣​ កក្កដា​។​ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន ​ស្តីពី​ ជំនួប​រវាង ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត ​និងលោកស្រី​ វ៉ិចតូរីយ៉ា ​នូលែន ​អនុរដ្ឋ​មន្ត្រី​ស្តីទី​ នៃក្រសួង​ការ​បរទេស​អាមេរិក​នៅថ្ងៃ​ទី​២២​កញ្ញា​ ពេល​ដែល​ប្រមុ​ខ​រដ្ឋា​ភិបាល​កម្ពុជា​ទៅ​ប្រជុំ​នៅ​អង្គការ​សហប្រជា​ជាតិ​។​

សូម​បញ្ជាក់​ថា​ ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថ្ងៃ​ទី​២៣​កក្កដា​កន្លងមក​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ មិន​បាន​ប្រកាស​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នេះ​ឡើយ​ ដោយ​សារ​តែ​អវត្ត​មាន​គណ​បក្ស​ប្រ​ឆាំង​។

បើ​តាម​ក្រ​សួង​ការ​បរទេស​កម្ពុជា​ នៅ​ក្នុង​ជំនួប​រវាង​លោក ​ហ៊ុន ​ម៉ាណែត ​និង​លោកស្រី​ វ៉ិចតូរីយ៉ា ​នូលែន សហរដ្ឋ​អាមេរិក​បាន​សារទ​ចំពោះ​ការ​ជ្រើស​តាំង​លោក ​ហ៊ុន​ ម៉ាណែត​ ជា​នាយក​រដ្ឋ​មន្ត្រី ​និង​គូស​បញ្ជាក់​ថា​ អាមេរិក​ស្វាគមន៍​ឱកាស​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេរ​ភាគី​ តាម​រយៈ​ធ្វើ​ការ​ជិត​ស្និទ​ ដោយ​ចង់​ឃើញ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​។

ដោយ​ឡែក​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​ស្នើ​ឲ្យ​កម្ពុជា​ពន្លឿន​នីតិវិធី​ទទួល​យក​ជន​ជាតិ​ខ្មែរ​មក​ប្រទេស​កំណើត​វិញ ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​នៅ​សហរដ្ឋ​អាមេរិក​។​ ត្រង់​ចំណុច​នេះ​ ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា ​បាន​ឆ្លើយតប​ថា ​ក្រសួង​ពាក់​ព័ន្ធ​របស់​កម្ពុជា​ នឹង​ពិនិត្យ​កែ​សម្រួល​នីតិ​វិធី​ឲ្យ​បាន​ឆាប់​រហ័ស​។​ ក៏ប៉ុន្តែ​លោក​ស្នើ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ ​ឲ្យយក​ចិត្ត​ទុក​ដាក់​ពិសេស​ចំពោះ​ពល​រដ្ឋ​ខ្មែរ​ដែល​ត្រូវ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​តែ​មាន​បញ្ហា​សុខ​ភាព​។​ ចំពោះ​ការ​ស្នើ​ត្រឡប់​ទៅ​វិញនេះ​ ត្រូវ​បាន​អនុរដ្ឋ​មន្ត្រី​ស្តីទី​នៃ​ក្រសួងការ​បរទេស​អាមេរិក​ អះអាងថា ​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​នេះ។​

ចាប់​តាំង​ពី​ការចុះកិច្ច​ព្រម​ព្រៀ​ង​​រវាង​កម្ពុជា និង​អាមេរិក នៅ​ក្នុងឆ្នាំ​២០០២ រហូត​មក​ទល់​ពេល​នេះ អាមេរិក​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំងដែល​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​នៅប្រទេសនេះ ឲ្យ​ត្រឡប់​មកកម្ពុជា​វិញ ជាង​៧០០​នាក់​ហើយ​៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា