banner1
ADB បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា២០២៣ ពី ៥.៥% មក ៥.៣%

 22-កញ្ញា-2023

ធនាគារអភិវឌ្ឈន៍អាស៊ីADB បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ មកត្រឹម៥.៣%វិញ​ ខណៈរក្សាការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤ ក្នុងអត្រា៦.០% ដដែល។ កត្តាចម្បងដែលនាំឲ្យADBបន្ថយតួរលេខព្យាករណ៍ក្នុងឆ្នាំ២០២៣នេះវិញ គឺដោយសារតែការមើលឃើញភាពយឺតយ៉ាវជាងការរំពឹងទុក នៃកំណើនវិស័យឧស្សាហកម្មកម្ពុជា កាលពីឆមាសទី១។

ធនាគារអភិវឌ្ឈអាស៊ី ADB បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ មកក្នុងអត្រា៥.៣%វិញ ក្រោយបានព្យាករណ៍ថានឹងមានកំណើនក្នុងអត្រា៥.៥% កាលពីដើមឆ្នាំ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ADB ចេញផ្សាយនៅថ្ងៃទី ២០កញ្ញាឆ្នាំ២០២៣។ យោងតាមរបាយការណ៍នេះ ការទម្លាក់ការព្យាករណ៍បន្តិចបន្តួចរបស់ ADB យោងជាចម្បងលើភាពយឺតយ៉ាវជាងការរំពឹងទុក នៃកំណើនក្នុងវិស័យឧស្សាហកម្មកម្ពុជា កាលពីឆមាសទី១។ យ៉ាងណាក៏ដោយ គិតត្រឹមពេលនេះ ADB រក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ របស់ខ្លួនឲ្យនៅដដែល ដោយស្ថិតនៅក្នុងអត្រា៦.០%។

ទោះជាកំណើនវិស័យឧស្សាហកម្មកម្ពុជាកាលពីឆមាសទី១ ឆ្នាំ២០២៣នេះបានថមថយ​ក្ដី នាយិកាADB ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការរំពឹងទុកចំពោះភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗ នឹងអាចជំរុញការនាំចេញរបស់កម្ពុជាក្នុងឆមាសទី២នេះ។ ទន្ទឹមនឹងនេះ តាមលោកស្រី  វិស័យសេវាកម្មនឹងចូលរួមចំណែកធំជាងគេ ចំពោះកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ ដោយកាលពីឆមាសទី១កន្លងទៅ វិស័យនេះ បានកើនឡើង លើសពីការរំពឹងទុក ពិសេសដោយការងើបឡើងវិញនៃវិស័យទេសចរណ៍។

នៅចំពោះមុខនេះ ADB បានតម្លើងការព្យាករណ៍កំណើនវិស័យសេវាកម្មក្នុងឆ្នាំ២០២៣នេះ ពី៧.៣%ទៅ៨.០%វិញ ខណៈបន្ថយការព្យាករណ៍សម្រាប់កំណើនក្នុងវិស័យឧស្សាហកម្ម ពី៥.៨% មក៤.៨%។ មិនតែប៉ុណ្ណោះ ការព្យាករណ៍សម្រាប់កំណើនវិស័យកសិកម្ម ត្រូវបានបន្ទាបពី១.១% មក០.៩%។ ចំណែកការព្យាករណ៍អតិផរណា​ត្រូវបានរក្សាឲ្យនៅដដែល ដោយនៅក្នុងអត្រា៣.0%ក្នុងឆ្នាំ២០២៣​នេះ និង៤.0% ក្នុងឆ្នាំ២០២៤។ យ៉ាងណាក៏ដោយ ហានិភ័យដែលអាចប៉ះពាល់ដល់ការព្យាករណ៍របស់ADBនេះ រួមមានកំណើនសេដ្ឋកិច្ចខ្សោយរបស់បណ្ដាប្រទេសជឿនលឿន ការថមថយនៃការមកដល់នៃភ្ញៀវទេសចរ និងលំហូរវិនិយោគផ្ទាល់ពីបរទេស ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុជាសកល ការកើនឡើងតម្លៃថាមពល ក្ដីបារម្ភនៃស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និងបំណុលឯកជន ដែលមានកម្រិតខ្ពស់ ព្រមទាំងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានធនាគារពិភពលោកWorldBank កាលពីខែឧសភា ព្យាករណ៍ថា នឹងអាចឡើងដល់ ក្នុងអត្រា ៥.៥% និងក្នុងអត្រា៦.១% ក្នុងឆ្នាំ២០២៤ ។ យ៉ាងណាក៏ដោយ WorldBank គូសបញ្ជាក់ដែរថា ទស្សនវិស័យនេះ ប្រឈមនឹងការធ្លាក់ចុះ ដោយយោងលើការបន្តភាពយឺតយ៉ាវនៃតម្រូវការខាងក្រៅ ការបន្តរឹតបន្តឹងហិរញ្ញវត្ថុសកល ដែលជះឥទ្ធិពលដល់ប្រមូលផ្ដុំឥណទានក្នុងវិស័យសំណង់ ព្រមទាំងការប្រែប្រួលតម្លៃប្រេង​ ហើយបើមិនមានជំនួយពីការមកដល់នៃភ្ញៀវទេសចរជាពិសេស ការមកដល់នៃទេសចរចិន និងកំណើនសេដ្ឋកិច្ចនៃប្រទេសជឿនលឿននោះទេ។ ក្នុងពេលជាមួយគ្នានេះ យោងតាមព្រឹត្តិបត្រសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំឆមាសទី១ឆ្នាំ២០២៣របស់ក្រសួងសេដ្ឋកិច្ចកម្ពុជា កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា អាចសម្រេចបានក្នុងអត្រា៥.៦%ក្នុងឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា