banner1
អ.ស.ប.បើកជំនួបកំពូលអាកាសធាតុនៃក្រុមអ្នកមានមហិច្ឆតាអាកាសធាតុពិតៗ

 21-កញ្ញា-2023

លោក​អគ្គលេខាធិការ ​អង្គការ​សហប្រជាជាតិ បាន​ប្រមូល​ក្រុមប្រទេស​ដែល​មាន​មហិច្ឆតា​ពិតៗ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើ​ងកម្តៅអាកាសធាតុ ឱ្យ​មកជួប​ជុំ​គ្នា​ បើក​ជំនួប​កំពូល​អាកាសធាតុ​មួយ​ នៅថ្ងៃពុធ​ទី ២០​កញ្ញា​នេះ។ ប៉ុន្តែដូច​រាល់​លើក ​ប្រទេស​បញ្ចេញ​ផ្សែងពុល​ខ្លាំង​គេ​នៅលើ​ពិភពលោក ​​​សហរដ្ឋ​អាមេរិក​និង​ចិន មិន​បង្ហាញ​វត្តមានទេ។

ទោះបី​ជា​មាន​បាតុភូត​អាកាសធាតុ​កំណាច និ​ងហួសហេតុ​​កើន​ឡើ​ងខ្លាំង​យ៉ាងណា​ក៏​ដោយ​ ក៏​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ជា​ដើម​ហេតុ​នាំ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃភពផែន​ដី នៅ​បន្ត​កើន​ឡើង​​យ៉ាង​ខ្លាំងដដែល ហើយ​វិស័យ​ថាមពល​ធ្យូង​បាន​ទទួល​ផល​ចំណេញ​កាន់​តែ​ច្រើន​​ដល់​កំរិត​ឯតទគ្គកម្មទៀត។ ក្នុង​ស្ថានភាព​បែប​​នេះ​ លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​បាន​ផ្តួចផ្តើម​រៀប​ចំជំនួប​កំពូល​អាកាសធាតុ​ នៅ​ថ្ងៃពុធ​នេះ ក្នុង​​ទិសដៅ​សិក្សា​អំពី​គម្លាត​រវាង​វិបត្តិ​អាកាសធាតុ​និង​នយោបាយ​របស់​រដ្ឋាភិបាល​នីមួយៗ។

ប៉ុន្តែដើម្បី​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​​ចូល​រួម​ក្នុង​ជំនួប​កំពូល ប្រទេស​នោះ​ចាំបាច់​ត្រូវ​មាន​សេចក្តី​ប្រកាស​និង​ផែនការ​បញ្ចេញ​សកម្មភាព​ជាក់លាក់​ក្នុង​ការ​សម្រេច​កិច្ចសន្យា​ប្រកប​ដោយមហិច្ឆតា​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីស​​ឆ្នាំ​២០១៥។ មាន​តែ​ប្រទេស​ប្រកាន់​​មហិច្ឆតា​​ពិតផ្នែក​អព្យាក្រិត្យ​កាបូន​តែ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​។ នេះ​បើ​តាម​លក្ខខណ្ឌចែង​ដោយ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

នៅល្ងាច​មិញ អង្គការ​សហប្រជាជាតិ​បាន​ផ្សព្វផ្សាយជា​សាធារណៈ​បញ្ជី​​ឈ្មោះ​សិស្ស​គំរូឱ្យ​ចូល​ប្រជុំ​អាកាសធាតុ និង​អ្នក​​អវត្តមានដ៏​គួរ​ឱ្យ​សម្គាល់​​​ចម្បង​ពីរ ​គឺ​សហរដ្ឋ​អាមេរិក ​និង​ចិនដែល​បញ្ចេញ​ផ្សែងពុល​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ ប្រធានាធិបតី​អាមេរិក​ចូបៃដិន រវល់​នៅ​ក្នុង​មហា សន្និបាត​អ.ស.ប. នៅ​ញូវយ៉ក ឯលោក​ ស៊ី ជីនពីង​ ប្រធានាធិបតី​ចិន​មិន​ចេញ​ពី​ប្រទេស ​ដើម្បី​​ចូល​រួម​ក្នុង​អង្គមហាសន្និបាត​ប្រចាំ​ឆ្នាំ​តែម្តង។

អង់គ្លេស​ក៏​គ្មាន​ក្នុង​កម្មវិធី​ដែរ តែ​នាយករដ្ឋមន្ត្រី​ លោក ស៊ូ ណាក់ បាន​ព្រលយ​នៅ​ល្ងាច​មិញ​ថា ​ចង់​ត្រលប់​មក​សម្រេច​កម្មវត្ថុ​អព្យាក្រិត្យ​កាបូន​នៅ​ឆ្នាំ​២០៥០។ មាន​តែ​សហភាពអឺរ៉ុប ប្រេស៊ីល កាណាដា ឬ​អាហ្វ្រិក​ខាង​ត្បូង និង​បារាំង ព្រមទាំង​បណ្តា​ប្រទេស​ប្រឈម​នឹង​ផលវិបាក​អាកាសធាតុ​ជួរ​មុខ​​ទេ ដែល​អង្គការសហប្រជាជាតិ​អញ្ជើញ​ឱ្យ​ឡើង​បង្ហាញ​នយោបាយ​អាកាសធាតុ​របស់​ខ្លួន​។

លោក​អគ្គលេខាធិការ​​ក៏​បានអញ្ជើញ​សកម្មជន​ផ្សេង​ដែល​មិនមែន​ជា​តំណាង​ប្រទេស​ មាន​ជាអាទិ៍​អភិបាល​ក្រុង​ឡុងដ៍​ និង​អភិបាល​រដ្ឋ​កាលីហ្វ័រនីញ៉ា។

ក្រុម​អ្នក​សង្កេត​ការណ៍​រង់​ចាំមើលមហិច្ឆតា​អាកាសធាតុ​​របស់​សហភាព​អឺរ៉ុប​-​កាណាដា និង​​​ជាពិសេសរង់ចាំ​ស្តាប់​​ពាក្យ​សន្យា​ផ្តល់​ហិរញ្ញវត្ថ​សម្រាប់​ជួយ​ក្រុមប្រទេស​ងាយ​រងគ្រោះ​អាកាសធាតុ។ ការមិន​គោរព​កាតព្វកិច្ច​ជួយ​​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ប្រឈម​នឹង​វិបត្តិ​អាកាសធាតុ​ គឺជា​ចំណុច​ដ៏​រសើប​បំផុត​នៃគ្រប់​​កិច្ចចរចាអន្តរជាតិ​ស្តីពី អាកាសធាតុ និង​បន្ត​ក្លាយ​ជា​របៀបវារៈ​ដ៏​ចម្រូង​ចម្រាស​ជាថ្មីក្នុង​សន្និសីទអាកាសធាតុ ​COP២៨ ខាង​មុខ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា