Amnesty៖ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក មិនត្រូវព្រងើយកន្តើយចំពោះ “ការបណ្តេញចេញដោយបង្ខំ” ជុំវិញអង្គរវត្ត
14-កញ្ញា-2023
គណៈកម្មាធិការបេតិកភណ្ឌពិភពលោកត្រូវតែពិភាក្សាអំពីស្ថានភាពនៃការបណ្តេញចេញដោយបង្ខំនៅជុំវិញតំបន់បេតិកភណ្ឌពិភពលោកនៃប្រាសាទអង្គរនៅពេលប្រជុំក្នុងខែកញ្ញានេះ។ នេះជាការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ នៅថ្ងៃទី១០កញ្ញា បន្ទាប់ពីបានបញ្ជូនលទ្ធផលស្រាវជ្រាវបឋមទៅអង្គការយូណេស្កូមុនសម័យប្រជុំនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី ១០ ដល់ ២៥ ខែកញ្ញា។
លោក Montse ត្រូវបានដកស្រង់សំដីក្នុងសេចក្តីថ្លែងការណ៍នេះថា “គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងនាមជាអ្នកអភិរក្ស មិនត្រូវព្រងើយកន្តើយចំពោះរដ្ឋាភិបាលកម្ពុជាដែលបើតាមរបាយការណ៍កំពុងបន្តដេញពលរដ្ឋ ១០ពាន់គ្រួសារ ពីជុំវិញប្រាសាទអង្គរវត្ត ដែលស្មើនឹងការបណ្តេញចេញដោយបង្ខំបែបនេះឡើយ»។
ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍នេះក៏បានលើកយកអំណះអំណាងរបស់រដ្ឋាភិបាលកម្ពុជា ដែលបានអះអាងថា ការបណ្ដេញចេញនេះគឺចំពោះតែអ្នកស្រុកខុសច្បាប់តែប៉ុណ្ណោះ ដែលផ្ទុយពីអ្នកដែលមានការតាំងទីលំនៅជាប្រពៃណី។
ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវរបស់អង្គការលើកលែងទោសអន្តរជាតិបង្ហាញថា «រដ្ឋមិនបានផ្តល់ភាពច្បាស់លាស់ថាអ្នកណាមានសិទ្ធិស្នាក់នៅស្របច្បាប់ឡើយ។ មនុស្សជាច្រើនដែលត្រូវបង្ខំចិត្តចាកចេញបាននិយាយថា គ្រួសាររបស់ពួកគេបានរស់នៅអង្គរជាច្រើនជំនាន់មកហើយនូវអ្វីដែលពួកគេជឿថាជាភូមិប្រពៃណី»។
បើតាមអង្គការលើកលែងទោសអន្តរជាតិ “គេក៏បានចងក្រងឯកសារអំពីស្ថានភាពក្រីក្រនៃកន្លែងតាំងលំនៅថ្មីដែលមិនមានលំនៅឋាន ឬបង្គន់នៅឡើយ ហើយគ្រួសារដែលត្រូវបានបណ្តេញចេញ តម្រូវឱ្យសាងសង់ផ្ទះផ្ទាល់ខ្លួន។នេះផ្ទុយនឹងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ដែលចែងថា ទីតាំងថ្មីត្រូវតែរួមបញ្ចូលការផ្គត់ផ្គង់ទឹកស្អាត លំនៅដ្ឋាន និងអនាម័យ មុនពេលមនុស្សត្រូវផ្លាស់ទីលំនៅ»។
បើតាមអង្គការដដែលនេះ អ្វីដែលខ្លួនបានរកឃើញ គឺផ្អែកទៅបទសម្ភាសន៍ដោយផ្ទាល់ជាមួយមនុស្សជាង ១០០ នាក់ដែលត្រូវបានបណ្តេញចេញ ឬប្រឈមមុខនឹងការបណ្តេញចេញ។ ការរកឃើញបឋមនៃការស្រាវជ្រាវនេះ ត្រូវបានបញ្ជូនទៅអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) និងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក មុនពេលកិច្ចប្រជុំលើកទី ៤៥ របស់គណៈកម្មាធិការនៅទីក្រុងរីយ៉ាដ ជាកន្លែងដែលគេរំពឹង ថា ប្រាសាទអង្គរវត្តនឹងត្រូវបានពិភាក្សា។
អង្គការនេះព្រមានថា ការបណ្ដេញចេញដោយបង្ខំនេះ គឺជាការហែកគ្រួសារដែលរស់នៅប្រាសាទអង្គរវត្តអស់មួយជំនាន់មកហើយឲ្យនៅឆ្ងាយពីផ្ទះសម្បែង និងជីវភាព។ ពួកគេក៏កំពុងឈានទៅរកការកើនឡើងនៃបំណុល និងភាពក្រីក្រសម្រាប់មនុស្សជាច្រើន៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ