នៅថ្ងៃព្រហស្បតិ៍ ទី៧ កញ្ញា ប្រធានាធិបតីឥណ្ឌូណេស៊ីលោកយ៉ូកូ វីដូដូបានជំរុញថ្នាក់ដឹកនាំក្នុងលោកឲ្យកាត់បន្ថយភាពតានតឹង។ ការថ្លែងរបស់លោកវីដូដូនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានជាមួយក្រុមប្រទេសដៃគូរៀបចំក្នុងទីក្រុងហ្សាការតា។ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន លោកវីដូដូចង់ឃើញថ្នាក់ដឹកនាំក្នុងលោក ពិសេសប្រទេសមហាអំណាចពីរដែលកំពុងប្រជែងគ្នាគឺសហរដ្ឋអាមេរិក និងចិននាំគ្នាផ្តោតការយកចិត្តទុកដាក់លើសន្តិសុខ និងពាណិជ្ជកម្ម។
ថ្ងៃព្រហស្បតិ៍ ទី៧ កញ្ញាជាកិច្ចប្រជុំកំពូលអាស៊ានជាមួយក្រុមប្រទេសដៃគូដែលសរុបមាន ១៨ប្រទេសចូលរួម។ អ្វីជាការកត់សម្គាល់នាឱកាសនោះ គឺវត្តមានរួមគ្នារបស់ថ្នាក់ដឹកនាំ ៣ប្រទេសគឺ សហរដ្ឋអាមេរិកដែលចូលរួមដោយអនុប្រធានាធិបតីលោកស្រី ខាម៉ាឡា ហារីស, ចិនចូលរួមដោយនាយករដ្ឋ មន្រ្តី លោកលី ឈាំង និងរុស្ស៊ី ដែលចូលរួមដោយប្រមុខការទូតលោក ស៊ែរហ្គី ឡាវរ៉ូវ។ តែគឺជំនួបរវាងគូប្រជែងអាមេរិក និងចិនដែលជាមហាអំណាចសេដ្ឋកិច្ចត្រូវបានទទួលការតាមដាន និងចាប់អារម្មណ៍ខ្លាំង ពិសេសនៅក្នុងបរិបទនៃភាពតានតឹងរវាងភាគីទាំងពីរលើសំណុំរឿងច្រើនតាំងពីបញ្ហាតៃវ៉ាន់រហូតដល់បញ្ហាសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត ឬមួយក៏នៅតំបន់ប៉ាស៊ីហ្វិក។
ជំនួបក៏មានដែររវាងអាមេរិក និងរុស្ស៊ីនៅក្នុងបរិបទនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ នាឱកាសនោះ ប្រមុខការទូតរុស្ស៊ីលោក ស៊ែរហ្គី ឡាវរ៉ូវ បានចោទអង្គការអូតង់ពីបទមានឆន្ទៈចង់ពង្រីកឥទ្ធិពលនៅអាស៊ីបូព៌ា។ ទន្ទឹមគ្នានេះ លោក ឡាវរ៉ូវ ក៏បានព្រមានប្រឆាំងនឹងសម្ព័ន្ធយោធា Aukus រវាងអូស្រា្តលី អាមេរិក និងអង់គ្លេស។ ក្រៅពីវត្តមានភាគី អាមេរិក ចិន និងរុស្ស៊ី កិច្ចប្រជុំកំពូលអាស៊ានជាមួយក្រុមប្រទេសដៃគូក៏មានការចូលរួមពីប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង កាណាដា និងប្រទេសអូស្ត្រាលី។ ប្រធានាធិបតីកូរ៉េខាងត្បូងលោកយូន ស៊ុកយោលបានយល់ឃើញថា គ្រប់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពនៅសមុទ្រចិនខាងត្បូង ដោយអន្តោម័តជារឿងមិនអាចទទួលយកបាន និងបានទាមទារឲ្យមានសណ្តាប់ធ្នាប់ផ្លូវសមុទ្រដោយផ្អែកលើច្បាប់ដើម្បីគ្រប់គ្រងតំបន់សមុទ្រយុទ្ធសាស្ត្រមួយនេះសម្រាប់ការដោះដូរក្នុងលោក។
ចំណែកនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានលើកឡើងពីភាពចាំបាច់ក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោកនៅក្រោយវិបត្តិកូវីដដោយផ្អែកលើច្បាប់ និងបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលំហឥណ្ឌូប៉ាស៊ីហ្វិកមួយសេរី និងបើកចំហរ។ ដោយឡែក ប្រធានាធិបតីឥណ្ឌូ ណេស៊ី លោកវី ដូដូ បានស្នើឲ្យថ្នាក់ដឹកនាំក្នុងលោកពង្រឹងកិច្ចសហប្រតិបត្តិការ និងកាត់បន្ថយការប្រជែងគ្នា។ តាមប្រធានប្តូរវេនអាស៊ានរូបនេះ ទាំងអស់គ្នាមានទំនួលខុសត្រូវមិនបង្កើតឲ្យមានជម្លោះថ្មី មិនបង្កើតឲ្យមានភាពតានតឹងថ្មី និងមិនបង្កើតឲ្យមានសង្រ្គាមថ្មីទៀត៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com