នៅថ្ងៃព្រហស្បតិ៍ ទី៧ កញ្ញា ជប៉ុនបានបាញ់បញ្ជូនយាន H-IIA ទៅកាន់ឋានព្រះចន្ទដោយជោគជ័យ។ យាននេះបាននាំទៅជាមួយនូវកូនយានតូចមួយឈ្មោះ SLIM ដើម្បីទៅចុះនៅលើឋានព្រះចន្ទ។ តាមគម្រោង យាន SLIM នឹងទៅដល់ដីព្រះចន្ទនៅចន្លោះពី ៤ខែទៅ ៦ខែខាងមុខ។ គួរបញ្ជាក់ថា ការបាញ់បង្ហោះយានទៅកាន់ឋានព្រះចន្ទនេះត្រូវបានជប៉ុនលើកពេលចំនួន ៣ដងតាំងពីដំណាច់ខែសីហាដោយសារបញ្ហាអាកាសធាតុ។
ការបាញ់បង្ហោះយាន H-IIA ទៅកាន់ឋានព្រះចន្ទបានធ្វើឡើងនៅមជ្ឈមណ្ឌលអវកាសជប៉ុន Jaxa ស្ថិតប៉ែកនិរតីប្រទេស។ យាន H-IIA បាននាំកូនយានតូចមួយឈ្មោះ SLIM ដើម្បីទៅចុះនៅលើដីព្រះចន្ទ។ បន្ទាប់ពីបានបង្ហោះចេញពីដីរយៈពេលប្រមាណជា ៤៧នាទី កូនយានតូច SLIM បានផ្តាច់ខ្លួនចេញពីយាន H-IIA ប្រកបដោយជោគជ័យ។ ការផ្តាច់ខ្លួនរបស់កូនយានតូច SLIM ចេញពីយាន H-IIA ដោយជោគជ័យនេះបានធ្វើឲ្យក្រុមការងារនៅមជ្ឈមណ្ឌលអវកាស Jaxa សម្តែងភាពសប្បាយរីករាយដោយទះដៃសាទរយ៉ាងទ្រហឹងអឺងកង។
តែនេះគ្រាន់ជាជំហានទី១ ប៉ុណ្ណោះព្រោះបើអ្វីៗនឹងមានដំណើរទៅមុខដូចដែលបានគ្រោងទុកមែន កូនយានតូច SLIM នឹងទៅដល់ដីព្រះចន្ទនៅក្នុងរង្វង់ពី ៤ខែទៅ ៦ខែខាងមុខ។ តាមគម្រោង កូនយានតូច SLIM នឹងចុះនៅឆ្ងាយពីកន្លែងដែលបានកំណត់តែប្រមាណជា ១០០ម៉ែត្រប៉ុណ្ណោះ។ នេះជាចម្ងាយជិតមែនទែនព្រោះតាមធម្មតា គឺត្រូវឆ្ងាយពីកន្លែងកំណត់រហូតដល់រាប់សិបគីឡូម៉ែត្រឯណោះ។ មជ្ឈមណ្ឌលអវកាស Jaxa បានពន្យល់នៅលើគេហទំព័ររបស់ខ្លួនថា គម្រោងចុះជិតកន្លែងកំណត់អនុញ្ញាតឲ្យបេសកកម្មរុករករបស់កូនយានតូច SLIM នៅលើដីព្រះចន្ទទទួលបានប្រសិទ្ធិភាពនាពេលអនាគត។
តាមមជ្ឈមណ្ឌលអវកាស Jaxa ដដែល តំបន់នៃបេសកកម្មរុករករបស់កូនយានតូច SLIM នៅលើដីព្រះចន្ទត្រូវបានកាត់បន្ថយ។ តាមរយៈបេសកកម្មទៅឋានព្រះចន្ទរបស់ជប៉ុនពេលនេះ គេនឹងអាចដឹងកាន់តែច្បាស់ពីរចនាសម្ព័ន្ធរបស់ព្រះចន្ទ រួមទាំងការកកើតឡើងនូវឋានមួយនេះ។ គួរបញ្ជាក់ថា ជប៉ុនមិនមែនជាប្រទេសទី១ ដែលបានផ្តើមបេសកកម្មទៅកាន់ឋានព្រះចន្ទទេ។ ក្នុងខែសីហាថ្មីៗនេះ ឥណ្ឌាបានបញ្ជូនយានចល័តទៅចុះលើដីព្រះចន្ទលើកទី១ ដោយជោគជ័យ។ នៅមុនឥណ្ឌា គឺមានតែសហរដ្ឋអាមេរិក សហភាពសូវៀត និងប្រទេសចិនដែលទទួលបានជោគជ័យក្នុងការបញ្ជូនយានទៅចុះលើដីព្រះចន្ទ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com