banner1
វិស័យចលនទ្រព្យចិន៖ តម្លៃភាគហ៊ុនរបស់ Evergrande ដាំក្បាលចុះជាង​៨០% នៅផ្សារមូលបត្រហុងកុង

 29-សីហា-2023

ក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមហិមា Evergrande ​ដែលកំពុងតែ​ជាប់បំណុលវ័នកនោះ ត្រូវបាន​គេអនុញ្ញាតឲ្យ​បើកលក់​ភាគហ៊ុនឡើងវិញហើយ នៅថ្ងៃចន្ទទី​២៨សីហា នៅផ្សារមូលបត្រហុងកុង។ ក៏ប៉ុន្តែគ្រាន់តែផ្សារមូលបត្រនេះ ចាប់ផ្តើមបើកទ្វាភ្លាមនៅពេលព្រឹក តម្លៃភាគហ៊ុនរបស់ Evergrande បានធ្លាក់ដាំក្បាលចុះ ដល់ទៅ​៨៧%។ គិតត្រឹម​រសៀលថ្ងៃចន្ទ ទី​២៨សីហា តម្លៃទីផ្សារសរុប របស់ក្រុមហ៊ុន Evergrand បានធ្លាក់​មកនៅត្រឹមតែ ៥៩០​លានដុល្លារ ។ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនមាន​តម្លៃភាគហ៊ុន ចំនួនសរុបដល់ទៅ ៥ម៉ឺនលានដុល្លារ។

សូមរំលឹកថា ក្រុមហ៊ុន Evergrande ត្រូវបាន​ផ្សារមូលបត្រហុងកុង ព្យួរឈ្មោះ ផ្អាកមិនឲ្យ​លក់ភាគហ៊ុន កាលពីខែ​មីនា ឆ្នាំ​២០២២ បន្ទាប់ពីក្រុមហ៊ុននេះ មិនព្រមប្រកាសផ្សាយ​នូវ​ បញ្ជីបូកសរុបលទ្ធផលប្រចាំឆ្នាំ​២០២១។ បញ្ជីបូកសរុបលទ្ធផល​ ប្រចាំឆ្នាំ២០២១ និង២០២២ ត្រូវបាន​ក្រុមហ៊ុននេះ​ប្រកាសផ្សាយឡើងវិញហើយ ដោយ​បំពេញទៅតាមលក្ខខណ្ឌរបស់ផ្សារមូលបត្រ ទើបឈានឲ្យ​មានការបើកលក់ភាគហ៊ុនសាជាថ្មីនៅពេលនេះ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Evergrande នៅតែស្ថិតនៅក្នុងស្ថានភាពលំបាក​ដដែល​ទេ។ ​ផ្អែកតាមលិខិតផ្សាយ​លើ​គេហទំព័រ ផ្សារមូលបត្រហុងកុង ក្រុមហ៊ុន Evergrande បាន​ខាតបង់ប្រាក់ចំណូល​ចំនួន​ ៤៥៣០លានដុល្លារ នៅរវាង​ពីខែមករា ដល់ខែមិថុនា ឆ្នាំ​២០២៣។ ថវិកាបំរុងរបស់​ក្រុមហ៊ុននេះ ដែលមាន​ប្រមាណ​២ពាន់លានដុល្លារ បានធ្លាក់​មកនៅត្រឹមតែ៥៥៦លានដុល្លារប៉ុណ្ណោះ នៅត្រីមាសទី​១ឆ្នាំ​២០២៣។

យ៉ាងណាមិញ ​ថ្ងៃចន្ទទី​២៨សីហា ក្រុមហ៊ុន Evergrande បាន​សុំពន្យាពេលជួបប្រជុំ ជាមួយ​ភាគីម្ចាស់បំណុលទាំងអស់ ដោយលើកការប្រជុំ​ ទៅចុងខែកញ្ញាវិញ ដើម្បីទុកពេលវេលា ឲ្យភាគីម្ចាស់បំណុលពិចារណា ទៅលើសំណើរសុំ​សើរើសកាលវិភាគ និងផែនការសងបំណុល។ យោងតាមឯកសារមូលប័ត្រ ក្រុមហ៊ុន Evergrande បានស្នើសុំដូរបំណុលដែលខ្លួនជំពាក់ ជាមួយ​នឹង​មូលប័ត្រថ្មីដែលក្រុមហ៊ុនខ្លួនដាក់លក់ ឬក៏ប្តូរនឹងភាគហ៊ុន​របស់សាខាខ្លួន ដែលមានដូចជា Evergrande Property Services Group និង Evergrande New Energy Vehicle Group។​ សូមបញ្ជាក់ដែរថា កាលពីដើមខែសីហា Evergrande បានដាក់ពាក្យ​ទៅកាន់តុលាការនៅសហរដ្ឋអាមេរិក ដើម្បីប្រកាសក្ស័យធន។ ដោយឡែកនៅហុងកុង ក្រុមហ៊ុនចលនទ្រព្យនេះ បានសុំ ពន្យាពេល​​មិនប្រកាសក្ស័យធននៅចំពោះមុខតុលាការ រហូតដល់ខែតុលា ដោយរំពឹងថានឹងអាចរកដំណោះស្រាយ​បាន។

គួរកត់សំគាល់ថា លទ្ធភាពក្ស័យធនរបស់​ក្រុមហ៊ុន Evergrande ដែលធ្លាប់តែជា​អាណាចក្រចលនទ្រព្យនៅចិន កំពុងតែធ្វើឲ្យ​មានការព្រួយបារម្ភជាខ្លាំង ពី​ការដួលរលំដៃវិស័យ​ចលនទ្រព្យទាំងមូល របស់ចិន។ យោងតាមតួលេខផ្លូវការ គិតត្រឹមខែសីហាឆ្នាំ​២០២៣ ក្រុមហ៊ុនអចលនទ្រព្យចិននេះ​ ជំពាក់​បំណុលគេ​ សរុបចំនួន ៣២៨ពាន់លានដុល្លារ។ រវាងពីខែ​មករា ដល់ចុងខែមិថុនា ២០២៣ ក្រុមហ៊ុន Evergrande បានខ្ចីបុលគេបន្ថែម ដល់ទៅ ១២ពាន់លានយាន់ ដែលស្មើនឹងប្រមាណ​ ១,៦ពាន់លានដុល្លារអាមេរិក​។ ដោយសារតែបំណុលវ័ន ការដ្ឋានសំណង់ផ្ទះសម្បែង ជាច្រើនកន្លែងនៅ​ចិន ត្រូវបោះបង់ចោល ឬផ្អាកលែងដំណើរការ បង្ករឲ្យ​មានការតវ៉ា ខឹងសម្បារជាខ្លាំង ពីសំណាក់អតិថិជន ដែល​បង់ប្រាក់រំលោះហើយ តែមិនអាចទទួលបាន ​ផ្ទះ​។​ អតិថិជន បាននាំគ្នាបដិសេធឈប់បង់ប្រាក់រំលោះប្រចាំខែ ដែលធ្វើ​ឲ្យប្រាក់ចំណូល Evergrande កាន់តែចុះថយ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា