banner1
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​ទៅប៉េកាំង និយាយអំពី ​វិវាទពាណិជ្ជកម្ម អាមេរិក-ចិន

 29-សីហា-2023

លោកស្រី​ Gina Raimondo រដ្ឋមន្ត្រីពាណិជ្ជកម្ម​អាមេរិក បានទៅដល់ទីក្រុងប៉េកាំង កាលពីយប់ថ្ងៃអាទិត្យទី​២៧សីហា។ លោកស្រីគឺជាមន្ត្រី​រដ្ឋបាល​លោក​ចូ បៃដិន​ ទី៤ហើយ ដែលបាន​ទៅដល់ប៉េកាំង ក្នុងរវាងប៉ុន្មានខែចុងក្រោយ​នេះ ក្នុងបរិបទដែលអាមេរិក​ កំពុងតែព្យាយាមរក​ផ្លូវចរចា សន្ទនាជាមួយចិន ដើម្បីឈានទៅដោះស្រាយវិវាទដ៏ច្រើនសន្ធឹក រវាងមហាអំណាចទាំង​២នេះ។

ជាបេសកកម្មដ៏លំបាក ដែលតម្រូវឲ្យ​លោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក ត្រូវថ្លឹងថ្លែង រិះរកពាក្យ​បែបការទូតបំផុត ដើម្បី​និយាយជាមួយ​សមភាគី ចិន ទាក់ទិននឹងវិវាទពាណិជ្ជកម្មរវាង​ចិននិងអាមេរិក។ ព្រឹកថ្ងៃចន្ទទី​២៨សីហា លោកស្រី Gina Raimondo បានដឹកនាំគណៈប្រតិភូ ដែលមានទាំងមន្ត្រីនិងអ្នកជំនួញ​​អាមេរិកជាច្រើននាក់ ចូលទៅជួបប្រជុំជាមួយ​ភាគីចិន ដែលដឹកនាំដោយ​លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន Wang Wentao។

លោក Wang Wentao បានថ្លែងពាក្យស្វាគមន៍​លោកស្រី Gina Raimondo ដោយ​បាន​លើកឡើងថា លោករីករាយជាពន់ពេក ដែលអាចមានឱកាសចាប់ផ្តើមសន្ទនា ពិភាក្សាជាមួយ​លោកស្រី ដើម្បី​ឈានទៅកំណត់​ការ​សម្របសម្រួលគ្នា ក្នុងកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម​។

ពីភាគីអាមេរិកវិញ​ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា លោកស្រី​រដ្ឋមន្ត្រីមានគម្រោងនិយាយជាមួយភាគីចិន ក្នុងន័យស្ថាបនា ទាក់ទិននឹងទំនាក់ទំនងពាណិជ្ជកម្ម ចិន-អាមេរិក ព្រមទាំងរកដំណោះស្រាយ​ ចំពោះការលំបាកដែលកំពុងចោទឡើងចំពោះមុខ ទៅលើ​ក្រុមហ៊ុន​នៃប្រទេសទាំងសង ខាង  និងទៅលើវិស័យ​សហប្រតិបត្តិការ​ដែលមានសក្តានុពលរវាងប្រទេសទាំង២។

គួរបញ្ជាក់ថា ក្រៅពី​បញ្ហា​ភូមសាស្ត្រនយោបាយ សំណុំរឿងកោះតៃវ៉ាន់ តំបន់សមុទ្រចិនខាងត្បូង និង​បញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម ទំនាក់ទំនង​រវាង​អាមេរិក​និងចិន កំពុងតែស្ថិតនៅក្នុង​កាលៈទេសៈដ៏លំបាកបំផុត។ មិនខុសពីអឺរ៉ុប អាមេរិក​កំពុងតែព្យាយាម រកវិធីការពារវិស័យ​យុទ្ធសាស្ត្រមួយចំនួន ដែល​សំខាន់បំផុតសម្រាប់សន្តិសុខជាតិ នោះគឺវិស័យបច្ចេកវិទ្យាទំនើប។ នៅក្នុងបរិបទនេះ រដ្ឋបាលលោកចូ បៃដិន កំពុងតែព្យាយាមពង្រឹងវិស័យ​ឧស្សាហកម្មក្នុងស្រុក ​ឲ្យ​បានរឹងមាំឡើងវិញ ដោយឈប់រំពឹងលើចិន។ បន្ថែមពីនេះ អាមេរិក​បានហាមឃាត់ក្រុមហ៊ុនខ្លួន មិន​ឲ្យ​នាំចេញ​ ​ទំនិញឧស្សាហកម្មឈានមុខ និងបច្ចេកវិទ្យាទំនើបមួយចំនួន ដូចជាបច្ចេកវិទ្យាស្រាវជ្រាវនិងផលិត​បន្ទះសឺមីកុងឌុកទ័រជាដើម។ ផ្ទុយទៅវិញសម្រាប់ចិន គោលនយោបាយដាក់កំហិត បិទផ្លូវ​ ​របស់អាមេរិកនេះ​ វាគឺជាចេតនាអាក្រក់ រារាំងមិនចង់​ឲ្យចិនមានការ​​រីកចម្រើនសេដ្ឋកិច្ច។

តែយ៉ាងណាក៏ដោយ គោលនយោបាយ​រិតបន្តឹងដាក់ចិននេះ​ គឺសហរដ្ឋអាមេរិក មិនអាចធ្វើបានដោយ​ងាយ​ស្រួលទេ ព្រោះថា ថ្វីបើចិនមានជំនាញបច្ចេកវិទ្យា​យឺតជាងអាមេរិកមែន តែ​ចិន​គឺជាអ្នកផ្គត់ផ្គង់​រ៉ែកម្រ ដ៏ធំបំផុត ដែលអាមេរិកត្រូវការ ដើម្បី​​​ផលិត​​​​បន្ទះ​សឺមីកុងឌុកទ័រ។ ដូច្នេះ​ មហាអំណាចទាំង២មានអាវុធយុទ្ធសាស្ត្ររៀងៗខ្លួន ដែលតម្រូវឲ្យ​និយាយ​គ្នា រក​ផ្លូវដើរដែល​អាចហុចប្រយោជន៍​ឲ្យទាំងសងខាង៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា