banner1
UNICEF ៖ កុមារកម្ពុជាអាយុក្រោម៥ឆ្នាំ 1/5 ស្លាប់ ដោយសារការបំពុលបរិយាកាស

 28-សីហា-2023

មូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) នៅថ្ងៃសៅរ៍ទី២៦សីហា បានលើកឡើងថា ខ្យល់ពុលនៅក្នុងបរិយាកាស មានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារកម្ពុជាអាយុក្រោម៥ឆ្នាំ ស្ទើរចំនួនម្នាក់ក្នុងចំណោម៥នាក់។ ប្រធាននាយកដ្ឋានឱសថបង្ការ នៃក្រសួងសុខាភិបាលកម្ពុជា គូសបញ្ជាក់ថា នេះជាផលប៉ះពាល់លើកុមារដែលមិនអាចព្រងើយកន្តើយបានឡើយ ខណៈបានលើកទឹកចិត្តឲ្យមានការពង្រឹងគោលការណ៍ទប់ស្កាត់ និងលើកកម្ពស់ការយល់ដឹងស្ដីពីផលប៉ះពាល់ចេញពីសារធាតុពុលក្នុងខ្យល់ទាំងនេះ។

យោងតាមសេចក្ដីថ្លែងការណ៍មួយចុះផ្សាយនៅថ្ងៃសៅរ៍ទី២៦សីហាម្សិលមិញ អង្គការយូនីសេហ្វ បានលើកឡើងថា ការបំពុលបរិយាកាស មានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារដែលមានអាយុក្រោម៥ឆ្នាំ ស្ទើរតែម្នាក់ក្នុងចំណោម៥នាក់ ក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ បានរួមគ្នាចេញផ្សាយរបាយការណ៍វាយតម្លៃពីផលប៉ះពាល់បរិស្ថានមកលើសុខភាពរបស់កុមារកម្ពុជាជាលើកដំបូង ដែលក្នុងនោះ បញ្ហាប្រឈមចម្បងៗ រួមមាន ខ្យល់ពុលក្នុងបរិយាកាស សារធាតុពុលក្នុងទឹកនិងចំណីអាហារ លោហៈធាតុដែលអាចបញ្ចេញសារធាតុពុល ថ្នាំសម្លាប់សត្វល្អិត និងកាកសំណល់គ្រោះថ្នាក់។

អ្នកតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជាលោក Will Parks បានគូសបញ្ជាក់ថា វិបត្តិនៃការប្រែប្រួលអាកាសធាតុ គឺជាវិបត្តិនៃសិទ្ធិរបស់កុមារ។ លោក Will Parks បន្តថា កុមារនាពេលបច្ចុប្បន្ននេះ បាននឹងកំពុងតែប្រឈមគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ចេញពីផលប៉ះពាល់ពីបរិស្ថាន។  ហានិភ័យមកលើសុខភាពកុមារចេញពីបរិស្ថាននេះ បានប៉ះពាល់សិទ្ធិជាមូលដ្ឋាននានារបស់កុមារ ដែលក្នុងនោះរួមទាំងសិទ្ធិក្នុងការរស់រានមានជីវិត។

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានឱសថបង្ការ នៃក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា ផលប៉ះពាល់អវិជ្ជមានលើសុខភាពកុមារ ដែលបណ្ដាលមកពីហានិភ័យបរិស្ថានដែលកំពុងកើនឡើង និងកត្តាប្រែប្រួលអាកាសធាតុនេះ គឺមិនអាចព្រងើយកន្តើយបានឡើយ។ នៅចំពោះមុខនេះ របាយការណ៍វាយតម្លៃរួមរបស់អង្គការយូនីសេហ្វនិងក្រសួងសុខាភិបាល បានផ្ដល់អនុសាសន៍ឲ្យកម្ពុជា ពង្រឹងគោលការណ៍និងក្រិត្យក្រមច្បាប់ ដើម្បីទប់ស្កាត់ ក៏ដូចជាគ្រប់គ្រងការប៉ះផ្ទាល់នឹងសារធាតុឬខ្យល់ពុល បង្កើនសមត្ថភាពជំនាញរបស់មន្រ្តីថែទាំសុខភាពក្នុងការដោះស្រាយបញ្ហាសុខភាពបរិស្ថាន និងលើកកម្ពស់ការយល់ដឹងជាសាធារណៈស្ដីពីការប្រែប្រួលអាកាសធាតុនិងបញ្ហាបរិស្ថាន៕

យ៉ាងណាក៍ដោយ បើយោងតាមក្រសួងបរិស្ថាន គិតត្រឹមថ្ងៃទី២៥ខែសីហាថ្មីៗនេះ គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្ត មានកម្រិតល្អណាស់ ដែលសមស្របនឹងសកម្មភាពខាងក្រៅផ្ទះ និងទេសចរណ៍។

ចំណែក យោងតាមការសិក្សាIQ Airដែលតាមដានពីកម្រិតខ្យល់ពុលនៅលើពិភពលោក ខ្យល់ពុលក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៧សីហានេះ ស្ថិតនៅក្នុងកម្រិតមធ្យម ខណៈការកើនឡើងកំហាប់និចលPM2.5 បច្ចុប្បន្ន មានចំនួន២,៤ដងនៃកម្រិតណែនាំរបស់អង្គការសុខភាពពិភពលោក(WHO)។

តាម IQ Airការបំពុលក្នុងបរិយាកាសក្នុងទីក្រុងភ្នំពេញ បណ្ដាលមកពីការដុតឥន្ធនៈដូចជា ប្រេងកាត ប្រេងម៉ាស៊ូត ធ្យូងថ្ម ដើម្បីក្នុងវិស័យដឹកជញ្ជូន ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងតម្រូវការថាមពលក្នុងវិស័យឧស្សាហកម្មជាដើម។ ដោយឡែក វិធីសាស្រ្តដើម្បីការពារ មានដូចជា ការពាក់ម៉ាស ការបិទបង្អួច ចំណែកក្រុមមនុស្សដែលប្រឈមខ្លាំងត្រូវប្រើប្រាស់ម៉ាស៊ីនបន្សុទ្ធខ្យល់ និងការកាត់បន្ថយសកម្មភាពខាងក្រៅផ្ទះជាដើម៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា