សង់ត្រាល់៖ កម្មករបាត់ចំណូលចន្លោះពី ២៥ ទៅ ៣០ភាគរយ
23-សីហា-2023
ផ្អែកតាមរបាយការណ៍អង្កេតបឋមរបស់អង្គការសង់ត្រាល់ រកឃើញថា រោងចក្រមួយចំនួនបានកាត់បន្ថយបុគ្គលិកកម្មករជាមធ្យមចន្លោះពី ២០% ទៅ ៣០% នៅឆ្នាំ២០២៣នេះ ហើយកម្មករនិយោជិតមួយចំនួនធំបាត់បង់ប្រាក់ចំណូលចន្លោះពី ២៥ % ទៅ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០២២។
បើតាមអង្គការដដែលនេះ ភាពមិនច្បាស់លាស់ និងជាក្តីបារម្ភធំបំផុតនោះ គឺសហភាពអឺរ៉ុបអាចនឹងមានចំណាត់ការបន្ថែមមកលើរដ្ឋាភិបាលកម្ពុជា ខណៈលំហលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាកាន់តែរួមតូចទៅៗ។
បើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មបន្ថែមនោះ អង្គការនេះ ព្រមានថា នឹងបង្កឲ្យមានប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករ ដោយសារតែរោងចក្រមួយចំនួនប្រឈមនឹងការព្យួរការងារកម្មករ ឬក៏ការបិទខ្សែសង្វាក់ផលិតកម្ម និងអាចបញ្ឈប់កម្មករពីការងារទ្រង់ទ្រាយធំដោយសារធ្លាក់ចុះការបញ្ជាទិញក្នុងមូលហេតុរងពីវិបត្តិសេដ្ឋកិច្ចសកល។
តាមរយៈការអង្កេត និងតាមដានរបស់អង្គការសង់ត្រាល់ ចាប់តាំងពីដើមឆ្នាំ២០២៣ ក្នុងចំណោមរោងចក្រជាង ២០ នៅភ្នំពេញ និងនៅតាមបណ្តាខេត្តនានាបានបង្ហាញថា មានកម្មកររាប់ពាន់នាក់ប្រឈមនឹងការព្យួរការងារលក្ខណៈទ្រង់ទ្រាយធំ ការកាត់បន្ថយម៉ោងការងារ មិនមានការងារថែមម៉ោង ដែលជាហេតុធ្វើឲ្យកម្មករធ្លាក់ចុះប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ជាពិសេសលទ្ធភាពក្នុងការដោះស្រាយបំណុល។ វិបត្តិនេះធ្វើឲ្យកម្មករត្រូវតែបង្ខំចិត្តកាត់បន្ថយរបបអាហារហូបចុកប្រចាំថ្ងៃ និងរងសម្ពាធវិបត្តិផ្លូវចិត្តជាដើម។
ការវិវឌ្ឍស្ថានភាពនយោបាយក្នុងរយៈពេលចុងក្រោយនេះ ក៏បានជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកវិនិយោគបរទេសក្នុងការបោះទុនវិនិយោគមកប្រទេសកម្ពុជា នៅពេលជិតដល់ការបោះឆ្នោតជាតិម្ដងៗ ដោយសារតែភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេស និងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ដល់កម្ពុជា។ នេះបើតាមអ្នកជំនាញរបស់ជំនាញរបស់អង្គការសង់ត្រាល់។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ដេរស្បែកជើង និងផលិតផលធ្វើដំណើរចំនួន ១០៧៧រោងចក្រ ភាគច្រើនគឺជារោងចក្រស្ថិតក្រោមការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុនចិន ហើយវិស័យជាឆ្អឹងខ្នងសេដ្ឋកិច្ចមួយនេះ ពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូលវត្ថុធាតុដើមពីបរទេស រួមមានប្រទេសចិន វៀតណាម និងម៉ាឡេស៊ី ជាដើម។ វិស័យនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាជាង ១លាននាក់ ហើយប្រជាពលរដ្ឋប្រមាណជាង ២,៥លាននាក់ទទួលបានប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីវិស័យមួយនេះ ខណៈដែលប្រទេសកម្ពុជាបច្ចុប្បន្នមានកម្លាំងពលកម្មសរុបប្រមាណជាង ៨លាននាក់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល ៧ខែដើមឆ្នាំ២០២៣ ចំណូលកម្ពុជាដែលបានមកពីការនាំចេញសម្លៀកបំពាក់ គឺបានថវិកាជាង ៤,៤ពាន់លានដុល្លារអាមេរិក។ តួលេខនេះ គឺថយចុះប្រមាណ ២០% ខណៈការនាំចេញស្បែកជើងទទួលបានចំណូល ៨០៨លានដុល្លារ គឺថយចុះប្រមាណ ២២,៧% បើធៀបនឹងរយៈពេលការនាំចេញកាលពីឆ្នាំ២០២២។
ទិន្នន័យបឋមពីអង្គការសង់ត្រាល់ បង្ហាញថា កម្មកររោងចក្រប្រហែល ២០០០០នាក់ក្នុងចំណោមជាង ២០រោងចក្រត្រូវបានថៅកែព្យួរការងារ ឬបញ្ឈប់ការងារ គិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ក្នុងឆ្នាំ២០២៣ នេះ ហើយរោងចក្រមួយចំនួនមិនបានគោរពតាមលក្ខខណ្ឌនោះឡើយ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ