របាយការណ៍៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសដៃគូធ្លាក់ចុះស្ទើគ្រប់ប្រទេស
16-សីហា-2023
ក្នុងរយៈពេល៧ខែ ឆ្នាំនេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសដៃគូសំខាន់ៗបានបង្ហាញពីឱនភាពគួរឱ្យកត់សម្គាល់ ពោលគឺទំហំពាណិជ្ជកម្មសរុបបានធ្លាក់ចុះជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើផ្អែកតាមស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ តួលេខនេះក៏បានឱ្យដឹងទៀតថា ទំហំនាំចេញ និងនាំចូលទំនិញរវាងប្រទេសជាដៃគូពាណិជ្ជកម្មមួយផ្នែកធំ ក៏ធ្លាក់ចុះដូចគ្នា ខណៈមានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលរបាយការណ៍បញ្ជាក់ថា ទំហំពាណិជ្ជកម្មកើនឡើង។
យោងតាមរបាយការណ៍ពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយចេញផ្សាយកាលពីថ្ងៃទី១០ សីហាបានបង្ហាញឱ្យឃើញថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយប្រទេសដៃគូក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ គឺធ្លាក់ចុះចំនួន១៥,៦% ឬគិតជាទឹកប្រាក់មានប្រមាណជាង៣២ពាន់លានដុល្លារ។ ក្នុងនោះ ទំហំនាំចេញសរុបរបស់កម្ពុជា មានចំនួនជាង១៣ពាន់លានដុល្លារ ថយចុះ ១,៨% រីឯទំហំនាំចូលសរុបវិញ មានទឹកប្រាក់ជិត២០ពាន់លានដុល្លារធ្លាក់ចុះ២៥,៦%។
គួរឱ្យកត់សម្គាល់ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសស្ថិតក្នុងតំបន់អាស៊ី និងប៉ែកអឺរ៉ុបមួយចំនួនដូចជា សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន សឹង្ហបុរី អាល្លឺម៉ង់ កាណាដា អង់គ្លេស កូរ៉េខាងត្បូង បារាំង អូស្ត្រាលី និងបណ្តាប្រទេសផ្សេងទៀតក៏មានឱនភាពពាណិជ្ជកម្មដូចគ្នា។
ផ្តើមចេញពីសហរដ្ឋអាមេរិក ទំហំពាណិជ្ជកម្មក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ធ្លាក់ចុះ៩,៧% ឬគិតជាទឹកប្រាក់មានប្រមាណជាង៥ពាន់លានដុល្លារ ខណៈក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិកកើន៤៥,២%។ ក្នុងនោះ ទំហំនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកថយចុះ៩,១% ដោយទទួលបានចំណូលជាង៥ពាន់លានដុល្លារ និងទំហំនាំចូលពីអាមេរិកមកកម្ពុជាថយចុះ២៨% គិតជាទឹកប្រាក់មានប្រមាណជាង១០០លានដុល្លារ។
ចំណែកពាណិជ្ជកម្មជាមួយប្រទេសវៀតណាមថយចុះ១% ថៃថយចុះ ១៨,៦% ជប៉ុនធ្លាក់ចុះ៩,៩% សឹង្ហបុរីថយចុះ ៦៥,៨% និងជាមួយបណ្តាប្រទេសផ្សេងទៀតថយចុះ៤២,៨%។ នៅទន្ទឹមនឹងការធ្លាក់ចុះទំហំពាណិជ្ជកម្មទ្វេរភាគី គេសង្កេតឃើញថា បរិមាណនាំចេញរបស់កម្ពុជាជាមួយបណ្តាប្រទេសដែលមានឱនភាពពាណិជ្ជកម្មរវាងគ្នា គឺកើនឡើងទៅវិញ។
តួយ៉ាងការដោះដូរទំនិញជាមួយសឹង្ហបុរី ទំហំពាណិជ្ជកម្មទ្វេរភាគីធ្លាក់ចុះជាង៦៥% ប៉ុន្តែបរិមាណនាំចេញរបស់កម្ពុជាទៅកាន់សឹង្ហបុរីកើនជាង៥៥៤%។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូផ្សេងទៀត គឺបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចសកលដែលបណ្តាប្រទេសជឿនលឿនមួយចំនួនកំពុងប្រឈមនឹងវិបត្តិអតិផរណា។ ម្ល៉ោះហើយ លោកឧកញ៉ាថា ប្រទេសទាំងនោះត្រូវផ្អាកការបញ្ជាទិញផលិតផលនិងទំនិញមួយចំនួនពីកម្ពុជា។
តែយ៉ាងណា លោកឧកញ៉ារំពឹងថាទំហំពាណិជ្ជកម្មរបស់កម្ពុជានៅបំណាច់ចុងឆ្នាំនេះ អាចនឹងកើនឡើងវិញ។
ទោះបីទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូសំខាន់ៗមួយចំនួនថយចុះ ក៏ប៉ុន្តែបើផ្អែកតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺថា ប្រទេសចិននៅតែជាប្រទេសដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា ពោលគឺទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនបន្តកើន១,៨% ស្មើនឹងទឹកប្រាក់ប្រមាណជាង៧ពាន់លានដុល្លារ។ ជាក់ស្តែងការនាំទំនិញទៅចិនកម្ពុជារកចំណូលបានជាង៨០០លានដុល្លារ ខណៈចិននាំចូលទំនិញមកកម្ពុជាវិញទទួលបានចំណូលជាង៦ពាន់លានដុល្លារ។
ក្រៅពីចិន ប្រទេសឥណ្ឌូនេស៊ី អេស្បា៉ញ ម៉ាឡេស៊ី និងឥណ្ឌា របាយការណ៍ដដែលបញ្ជាក់ថា មានកំណើនជាផលវិជ្ជមាន។
គួរជម្រាបថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាមានជាង៥៥ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញកើនឡើង ១៨,៧%ធៀបនឹងឆ្នាំមុន ស្របពេលដែលការនាំចូលកើនឡើង ៤,២%។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងធនាគារជាតិនៃកម្ពុជា។
របាយការណ៍ដដែលនេះបានឱ្យដឹងដែរថា ការនាំចេញទំនិញសំខាន់ៗមានដូចជា៖ សម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង គ្រឿងបង្គុំអគ្គិសនី ទោចក្រយាន កៅស៊ូ និងអង្ករ។ ហើយទីផ្សារធំៗរួមមាន៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងកាណាដា ខណៈទំនិញនាំចូលសម្រាប់បម្រើតម្រូវការក្នុងស្រុកសំខាន់ៗមានដូចជា៖ វត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារ និងបរិក្ខារសំណង់ យានយន្តម្ហូបអាហារ និងភេសជ្ជៈ ដែលនាំចូលមកពីប្រទេសសំខាន់ៗដូចជា ចិន វៀតណាម ថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ