ចិនធ្លាក់ក្នុងវិបត្តិបរិត្តផរណាជាលើកទីមួយ ចាប់ពីឆ្នាំ២០២១
10-សីហា-2023
ក្នុងខណៈដែលប្រទេសជាទូទៅ មានអាទិ៍សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបកំពុងប្រយុទ្ធប្រឆាំងនឹងបញ្ហាអតិផរណា (ប្រមាណ៣ទៅ៥%)នៅថ្ងៃពុធទី ៩សីហានេះ មហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរពិភពលោកបានធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណាជាផ្លូវការ។ សន្ទស្សន៍តម្លៃទំនិញនៅចិនបានចុះថ្លៃ០,៣% នៅខែកក្កដា។ នេះជាដំណឹងមិនល្អទេសម្រាប់ពិភពលោក និងដែលបញ្ជាក់ថាសេដ្ឋកិច្ចចិនកំពុងត្រដ។
ហេតុអ្វីបញ្ហាបរិត្តផរណាមិនមែនជាដំណឹងល្អ?
ដោយហេតុតែតម្រូវការក្នុងស្រុកមិនសកម្មដែលបង្កឱ្យសេដ្ឋកិច្ចពិបាកស្ទុះឡើងវិញ ចិនបានធ្លាក់ក្នុងវិបត្តិបរិត្តផរណា ជាផ្លូវការនៅថ្ងៃពុធនេះ។ បរិត្តផរណា ជាពាក្យផ្ទុយនឹងអតិផរណា និងមានន័យថាតម្លៃទំនិញនិងសេវាចុះថោក។ បើទំនិញថោក នោះវានឹងអាចជួយស្តារលទ្ធភាពចាយវាយប្រជាពលរដ្ឋឱ្យបានប្រសើរឡើងហើយ?! បើតាមនិយមន័យវាពិតជាបាតុភូតដ៏ល្អមែន ប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្តែង បរិត្តផរណាជាការគំរាមកំហែងសេដ្ឋកិច្ចទៅវិញទេ ព្រោះអតិថិជនចិននឹងមិនចំណាយលុយទិញអ្វីដែលនឹងអាចចុះថោកជាលំដាប់ឡើយ។ គេច្បាស់ជាសុខចិត្តចាំក្រែងបានរបស់កាន់តែថោក។ បើគ្មានអ្នកទិញ ក្រុមហ៊ុនសហគ្រាសត្រូវបង្ខំចិត្តកាត់បន្ថយផលិតកម្មរបស់ខ្លួន និងព្រមបន្ថោកតម្លៃដើម្បីបន្ធូរស្តុក ហើយមិនត្រូវការជ្រើសរើសអ្នកធ្វើការថ្មីទេគឺមានតែបណ្តេញ-បញ្ឈប់បុគ្គលិកពីការងារ។ សម្រាប់សេដ្ឋវិទូ នេះជាវិបត្តិវិលវល់គ្មានច្រកចេញដ៏គ្រោះថ្នាក់ណាស់នៃសេដ្ឋកិច្ច។ ម្យ៉ាងទៀត បរិត្តផរណានឹងធ្វើឱ្យប្រទេសជាប់បំណុលកាន់តែធ្ងន់។ តាមក្បួន ប្រទេសមានអតិផរណា (ទំនិញឡើងថ្លៃ) ម្តុំ២%តែមិនជាប់លាប់ ទើបចាត់ទុកល្អសម្រាប់សេដ្ឋកិច្ច។
អ្វីខ្លះជាឧបសគ្គរារាំងសេដ្ឋកិច្ចចិនឱ្យធ្លាក់ក្នុងវិបត្តិបរិត្តផរណា?
ចិនធ្លាប់ឆ្លងកាត់វិបត្តិបរិត្តផរណាមួយភ្លែតកាលពីចុងឆ្នាំ២០២០និងដើមឆ្នាំ២០២១ ដោយកាលណោះតម្លៃសាច់ជ្រូក អាហារដ៏ពេញនិយមបំផុតរបស់ពលរដ្ឋចិន បានក្បាលចុះយ៉ាងខ្លាំង។ វិបត្តិបរិត្តផរណាពិតលើកចុងក្រោយគេគឺនៅឆ្នាំ២០០៩។ ប៉ុន្តែអ្នកវិភាគគិតថា វិបត្តិបរិត្តផរណាលើកនេះអាចធ្ងន់ធ្ងរខ្លាំង និងអូសបន្លាយពេលយូរខ្លាំង ព្រោះស្ថានភាពសេដ្ឋកិច្ចមិនល្អស្ទើរគ្រប់មុខ អត្រាយុវជនអត់ការងារធ្វើឡើងដល់កំរិតកំពូល ដល់ជិត២០%ឯណោះ។
ពេលនេះ មូលហេតុចម្បងដែលជំរុញឱ្យមានបញ្ហាបរិត្តផរណា គឺទំនងជាវិបត្តិអចលនទ្រព្យ ដែលធ្លាប់តែជាវិស័យអូសទាញកំណើនសេដ្ឋកិច្ចជាតិ ដោយតំណាងឱ្យមួយភាគបួននៃផលិតផលសរុបក្នុងស្រុក (PIB)។ ទិញផ្ទះសម្បែងជាការវិនិយោគសន្សំប្រាក់ដ៏ប្រាកដនិងជាទីពេញនិយមរបស់ចិន ប៉ុន្តែវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសំណង់និងអចលនទ្រព្យ បានធ្វើឱ្យអតិថិជនដ៏មានសក្តានុពលលែងទុកចិត្ត ចង់ទិញផ្ទះ។ លែងមានតម្រូវការ តម្លៃអចលនទ្រព្យអាចនឹងបន្តធ្លាក់ជានិរន្តន៍។
សន្ទស្សន៍តម្លៃផលិតកម្មដែលជាការកំណត់ថ្លៃទំនិញចេញពីរោងចក្របន្តធ្លាក់ចុះជាថ្មី នៅខែកក្កដាអស់៤,៤% ជាគម្រប់១០ខែជាប់គ្នា និង-៥,៤%កាលពីខែមិថុនា។ នេះបើតាមការិយាល័យស្ថិតិជាតិ។ ចំណែកវិស័យការនាំចេញវិញ ដែលមានប្រវត្តិជាគន្លឹះកំណើនសេដ្ឋកិច្ច ក៏ចុះថយខ្លាំង (១៤,៤%)។ ស្ថានភាពនេះ ប៉ះពាល់ដោយផ្ទាល់ដល់ក្រុមហ៊ុនសហគ្រាសជាច្រើនពាន់។ ការវិនិយោគបរទេសនៅក្នុងប្រទេសចិនក៏មានកំរិតទាបបំផុត មិនធ្លាប់ប្រទះទេគិតចាប់តាំងពីឆ្នាំ១៩៩៨មក។ នេះបើតាមធនាគារអាមេរិកGoldman Sachs។
បើតាមតួលេខផ្លូវការ កំណើនសេដ្ឋកិច្ចនៅត្រីមាសទីមួយនិងទីពីរ មានកំរិតត្រឹមតែ០,៨% ទាបជាងកម្មវត្ថុ៥%កំណត់ដោយរដ្ឋាភិបាលឆ្ងាយណាស់។
តើរដ្ឋាភិបាលចិននឹងចាត់វិធានការយ៉ាងណា?
ដើម្បីផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ចដែលចុះខ្សោយដោយវិបត្តិហិរញ្ញវត្ថុពិភពលោក ចិនបានចំណាយទុនវិនិយោគចាប់តាំងពីចុងឆ្នាំ២០០០មក ប្រមាណជាង៥០៦ពាន់លានអឺរ៉ូ ក្នុងគម្រោងអភិវឌ្ឍរចនាសម្ព័ន្ធដ៏មហាសាល (ផ្លូវថ្នល់ អាកាសយានដ្ឋាន ខ្សែរថភ្លើងល្បឿនលឿន …)។ តែគម្រោងនោះហាក់ដូចជាអត់ប្រយោជន៍និងបំប៉ោងបំណុលរដ្ឋកាន់តែធំ។ លង់នឹងបញ្ហាហិរញ្ញវត្ថុ ចិនជ្រើសរើសចាត់វិធានការចោះៗ ជាជាងចំណាត់ការធំទ្រង់ទ្រាយនិងចំណាយច្រើន។ ប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ ចិនបានប្រកាសវិធានការច្រើន ចំទិសដៅមួយៗ ដោយរំពឹងថានឹងជំរុញឱ្យមានការចាយវាយកំរើកឡើងវិញ។ ប៉ុន្តែអាជ្ញាធរចិនគ្មានគំនិតរកវិធីបង្កើនចំណូលឱ្យគ្រួសារពលរដ្ឋ ដែលប្រឹងរឹតត្បិត ក្នុងបរិបទសេដ្ឋកិច្ចយ៉ាប់យឺន និងទីផ្សារការងារតានតឹងទេ។បើមិនគាស់កាយឱ្យដល់ឫសគល់នៃបញ្ហាទេ ទស្សនវិស័យសេដ្ឋកិច្ចនៅតែមិនប្រាកដ ហើយសកម្មភាពចាយវាយក្នុងស្រុកនៅតែមិនអាចស្ទុះឡើងវិញឡើយ។ នេះបើតាមអ្នកជំនាញខាងសេដ្ឋកិច្ចចិននៅការិយាល័យTrivium។
ដូច្នេះសួរថាតើតួលេខដ៏អាក្រក់ធ្លាក់មកជាបន្តបន្ទាប់គ្នាពេលនេះ គ្រប់គ្រាន់នឹងរុញច្រានរដ្ឋាភិបាលឱ្យចាត់វិធានការថ្មីភ្លាមដែរឬអត់? នេះជាសំណួរដែលពុំទាន់មានចម្លើយនៅឡើយទេ ប៉ុន្តែក្នុងពេលរង់ចាំ ចិនទំនងជាបានបញ្ជាឱ្យសេដ្ឋវិទូចិនកុំពាំនាំដំណឹងអវិជ្ជមាន អាក្រក់ៗខ្លាំង ទាក់ទងនឹងសេដ្ឋកិច្ច ពិសេសដំណឹងស្តីអំពីបញ្ហាបរិត្តផរណានេះ មកផ្សព្វផ្សាយ។ នេះបើតាមសារព័ត៌មានអង់គ្លេសFinancial Times និងភ្នាក់ងារBloomberg៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងះអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ