banner1
ការ​នាំចេញ​ចិន​ធ្លាក់​ចុះ​ខ្លាំង​ មិនធ្លាប់​មាន​តាំងពី​ឆ្នាំ​២០២០មក

 10-សីហា-2023

ថ្វីបើ​សង្គ្រាម​អ៊ុយក្រែន​បាន​បង្ខិតប៉េកាំងឱ្យ​ស្និទ្ធ​នឹងម៉ូស្គូ ​តាម​រយៈ​សន្ទុះ​នាំ​ចេញ​ចិន​យ៉ាង​ខ្លាំងកា្លទៅ​រុស្ស៊ី​ក៏​ដោយ ​ក៏​នៅ​ខែ​កក្កដា​២០២៣​នេះ វិស័យ​​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ដល់​​កំរិតដ៏​​ទាប​បំផុតដែលចិន​មិន​ធ្លាប់​ជួប​ប្រទះ​មក​ទេ​គិត​តាំង​ពី​ឆ្នាំ​២០២០មក។ ជា​ការ​​ធ្លាក់​ចុះ​ដែល​បណ្តាលមក​ពី​សេចក្តី​ត្រូវ​ការ​នៅបរទេស​ចុះ​ថយ​ផង និង​ដោយ​ហេតុ​តែ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដើរ​បន្ថយ​ល្បឿន​ខ្លាំង​ផង។ វិស័យ​នាំចេញ​ ជា​គន្លឹះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ និងជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​នឹង​ទីផ្សារ​ការងារ​​ប្រសិន​បើ​ការនាំ​ចេញ​ត្រូវ​បន្ថយ​ល្បឿន។

ការ​ធ្លាក់​ចុះ​នៃ​វិស័យ​នាំ​ចេញ​ចិន មាន​កំរិត​ធ្ងន់ធ្ងរ​ជាង​ការ​​ព្យាករ​ទៅ​ទៀត។ បើ​តាម​តួលេខ​របស់​ស្ថាប័ន​ពន្ធគយ​ចិន កាលពី​ខែ​មិថុនា​ការនាំចេញ​បាន​ធ្លាក់​ចុះ​១២,៤%​ស្រាប់​ទៅ​ហើយ ហើយ​នៅ​ខែ​កក្កដា​ ផលិតផល​ចិន​សម្រាប់នាំ​ទៅ​​លក់​នៅបរទេស​បានបន្ត​​ធ្លាក់​ចុះបន្ថែម​ទៀត ក្នុងកំរិត​​១៤,៥%​ (ទល់​នឹង​ការ​ព្យាករ​ត្រឹម​១៣,២%)។

នេះ​ជា​សកម្មភាព​​នាំ​ចេញ​ដ៏​ទាប​បំផុត​ដែល​ចិន​មិន​ធ្លាប់​ជួប​ប្រទះ​ទេ គិត​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​២០២០​មក ដែល​កាលណោះ​​សេដ្ឋកិច្ច​ចិន​បានគាំង​​ស្ទើរ​ទាំង​ស្រុងដោយហេតុ​វិបត្តិ​កូវីដ​១៩ និង​ទាញ​ទម្លាក់​ការ​នាំចេញ​អស់​១៧,២%។

សម្រាប់​ពេល​នេះ ហានិភ័យ​ប្រឈម​នឹង​​សេដ្ឋកិច្ច​ដើរថយក្រោយ​នៅ​សហរដ្ឋ​អាមេរិក​និង​នៅសហភាព​អឺរ៉ុប បូក​ផ្សំ​នឹង​វិបត្តិ​អតិផរណា​ ជា​កត្តា​មួយ​ចូល​រួម​ចំណែក​បញ្ចុះ​តម្រូវ​ការផ្នែក​ផលិតផល​ចិន​របស់​​អន្តរជាតិ​។ ភាព​តាន​តឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​សហរដ្ឋ​អាមេរិក និង​គំនិត​កាត់​បន្ថយ​ភាព​រំពឹង​លើផលិតកម្ម​​ចិន​របស់​ក្រុមប្រទេស​លោក​ខាង​លិច ជា​ចំណែកមួយ​ទៀត​ដែល​នាំ​ការ​នាំចេញ​ចិន​ត្រូវ​ថយ​ចុះ។

កាលពី​ឆ្នាំ​ទៅ​ វិធានការ​ប្រឆាំង​កូវីដ​បាន​មក​បង្អាក់​វិស័យ​នាំ​ចេញ​យ៉ាង​ខ្លាំង​។ នៅទីបំផុត ចិន​សម្រេច​​លុប​បម្រាម​ទាំងស្រុងនៅ​​ខែ​ធ្នូ​ឆ្នាំ​២០២២ ​ប៉ុន្តែ​​​​សេដ្ឋកិច្ចនៅ​តែគ្មាន​សន្ទុះ​​​​ដូច​ក្តី​រំពឹង​។ អត្រា​យុវជន​អត់​ការងារ​ធ្វើ​ឡើង​ខ្ពស់​​ដល់​កំពូល តម្រូវការ​ក្នុង​ស្រុក​ផុយស្រួយ​ ការនាំចូល​ក៏ថយ​ចុះ​ខ្លាំង​ដែរ​ ជា​គម្រប់​៩​ខែ​ជាប់​គ្នា​ និង​កាន់​តែ​ខ្លាំងពី​មួយ​ខែ​ទៅ​មួយ​ខែ (ថយ​៦,៨%​នៅ​ខែ​មិថុនា ថយ១២,៤%​នៅ​ខែ​កក្កដា)។ កំណើន​សេដ្ឋកិច្ចនៅរវាង​ត្រីមាស​ទី មួយ ​និង​ទីពីរ​កើន​តែ​០,៨%។ នេះ​បើ​តាម​តួលេខ​ផ្លូវការ​​ដែល​បញ្ជាក់ថា​​​សេដ្ឋកិច្ចចិនស្ទុះ​យ៉ាង​​ត្រដរ​​ក្រោយ​វិបត្តិកូវីដ១៩។

ក្នុង​ខណៈ​ដែល​សេដ្ឋវិទូ​ណែនាំ​ឱ្យ​រៀបផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដ៏​ធំមួយ អាជ្ញាធរ​ប៉េកាំង​ជ្រើសរើស​ចាត់​វិធានការ​ចោះៗ​និង​ដៅ​លើ​វិស័យ​ឯកជន​ ដែល​ពុំ​ទាន់​មាន​លទ្ធផល​អ្វី​ទេ​នាពេល​នេះ។ ចំណែក​អ្នក​វិភាគ​នៅធនាគារ​ជប៉ុន ស្នើ​ឱ្យ​ចិន​បញ្ចុះ​តម្លៃប្រាក់យ័ន​ដែល​តាម​បច្ចេកទេស​នឹង​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​ចិន​មានភាព​ប្រកួត​ប្រជែង​ខ្លាំង​នៅ​បរទេស ដើម្បី​ជំរុញ​វិស័យ​នាំ​ចេញ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា