banner1
ប្រវត្តិកីឡា និងកីឡា​ក្នុងប្រវត្តិសាស្រ្ត

 28-កក្កដា-2023

ខណៈពេលដែលការប្រកួតកីឡាអូឡាំពូក និង​ប៉ារ៉ាឡាំពិក ឆ្នាំ ២០២៤ កាន់តែខិតជិតចូលមកដល់ ការិយាល័យនិពន្ធរបស់វិទ្យុបារាំង​អន្តរជាតិ​ទាំង​ផ្នែកភាសាបារាំង និងភាសាបរទេស​រំលឹកឡើងវិញ ព្រឹត្តិការណ៍អូឡាំពិក ចំនួន​១០ ដែលគួរឲ្យកត់សំគាល់ នៅក្នុង​ប្រវត្តិសាស្រ្ត ដោយសារភាពតានតឹង​ភូមិសាស្រ្តនយោបាយ ដូចជា ការប្រកួតកីឡាអូឡាំពិក ប៉ារីស ឆ្នាំ ២០២៤ ​នៅទីក្រុង ហែលសាំងគី នាឆ្នាំ ១៩៥២ ការប្រកួតកីឡាអូឡាំពិក​នៅ​ទីក្រុង​មែលប៊ន ឆ្នាំ ១៩៥៦ នៅ​ទីក្រុងម៉ិកស៊ិក ឆ្នាំ ១៩៦៨ ម៉ុងរ៉េអាល់ឆ្នាំ ១៩៧៦ ម៉ូស្គូ ឆ្នាំ ១៩៨០ ឡូសអង់ហ្សេឡែស ឆ្នាំ ១៩៨៤ បាសឺឡូន ឆ្នាំ ១៩៩២ ប៉េកាំង ឆ្នាំ ២០០៨ និងទីក្រុង​រីយ៉ូ ឆ្នាំ ២០១៦។

កីឡាអូឡាំពិក​ជាព្រឹត្តិកាណ៍​តែមួយគត់ដែលអាច​ប្រមូលផ្តុំប្រទេស​បានច្រើន ជាងមហាសសន្និបាត​របស់​​អង្គការសហប្រជាជាតិ ជាពិសេស នៅពេលប្រទេសទាំងនោះ​ជួបជុំគ្នា​នៅ​ផ្លូវរត់ប្រណាំង​នៅរៀងរាល់ ៤ឆ្នាំ។ ការប្រកួតកីឡាអូឡាំពិក​ជាទីលានភូមិសាស្រ្តនយោបាយ ជាទីដែលប្រទេសនីមួយៗ​ខំប្រឹង​ដើម្បីបញ្ជាក់​អះអាងឈ្មោះរបស់គេ​នៅលើ​ផែនទី​ពិភពលោក។

ដូចការប្រកួតកីឡាអូឡាំពិកមួយចំនួន គិតចាប់តាំងពីកីឡានេះ​ត្រូវ​បានបង្កើតឡើង​នៅ​ឆ្នាំ ១៨៩៦ ការប្រកួតកីឡាអន្តរជាតិ នៅទីក្រុងប៉ារីស នៅ​ឆ្នាំ ២០២៤ នឹងមានលក្ខណៈ​នយោបាយ ហើយនិងត្រូវប្រឈមជួប​ស្ថានការណ៍ភូមិសាស្រ្តនយោបាយ​មួយ​ដែលគ្របដណ្តប់ដោយ​សង្រ្គាមអ៊ុយក្រែន និងការតទល់មុខគ្នា​រវាង​គូបដិបក្ខ រុស្ស៊ី និង​សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។

ដើម្បីវិភាគ បញ្ជាក់ពីសារៈសំខាន់​នៃ​ព្រឹត្តិការណ៍កីឡាអូឡាំពិក ដែល​វិទ្យុបារាំងអន្តរជាតិ​ផ្នែកភាសា​បារាំង និង​ភាសា​បរទេសនឹង​ចេញផ្សាយ​នៅរៀងរាល់ខែ នៅលើ​វិបសៃតិ៍ យើង​បាន​ទាក់ទង​សុំ​ការពន្យល់បំភ្លឺពី​អ្នកជំនាញ លោក Thierry Terret ប្រវត្តិវិទូខាង​កីឡា ជាពិសេស​កីឡាអូឡាំពិក។ លោក​ Thierry Terret ធ្លាប់ជា​ប្រតិភូ​របស់​ក្រសួង​ទទួលបន្ទុក​កីឡាអូឡាំពិក និង​ប៉ារ៉ាឡាំពិក ក្រុងប៉ារីស ដើម្បីការអប់រំជាតិ។ សព្វថ្ងៃ លោក​ជា​អនុមហាវិទ្យា ធិការនៅទឹកដីនាយសមុទ្ររបស់បារាំង Polynésie Française។ ឧបករណ៍ ឬ​មិន​ឧបករណ៍​នយោបាយការទូត កីឡាអូឡាំពិក​បាន​បង្កើតរឿងរ៉ាវប្រវត្តិសាស្រ្តមួយចំនួន​គួរ​ឲ្យកត់សំគាល់។ ដើម្បី​ស្វែងយល់អំពីរឿងនេះ លោកអ្នក អាច​ចូលអាន​អត្ថបទ​ដែល​យើង​នឹង​បង្ហោះផ្សាយ ​នៅលើ​វិបសៃតិ៍​របស់​វិទ្យុបារាំង​អន្តរជាតិ។ នៅមួយខែម្តង យើងនឹង​ចេញផ្សាយ​អត្ថបទ ក្រោមប្រធានបទ  “កីឡាអូឡាំពិក និងនយោបាយ” ដែលនិយាយ​ពី​ការប្រកួតកីឡាអូឡាំពិកធំជាងគេ ព្រឹត្តិការណ៍កីឡា​ដែល​មាន​លក្ខណៈ​នយោបាយ​ខ្លាំងជាងគេ។

ហែលស៊ិនគី ឆ្នាំ ១៩៥២៖ វិទ្យុបារាំងអន្តរជាតិ​ផ្នែកការផ្សាយភាសា​វៀតណាម​ត្រលប់មកពន្យល់​ការប្រកួតកីឡាអូឡាំពិក​ ដែលត្រូវ​បាន​រៀបចំឡើង នៅក្នុងបរិបទ ​សង្រ្គាមត្រជាក់ ការបែកបាក់គ្នាជា២ប៉ូល។ ក្នុងប្លុកនីមួយៗ អត្តពលិករ​ត្រូវគេ​ចាត់ទុកជា​ជើងឯកគ្មានពីរ។ សម្រាប់​ហ្វាំងឡង់​ដែលជា​ម្ចាស់ផ្ទះ ការបែងចែក​ពិភពលោកជា​ពីរប្លុក បង្កជារឿងឈឺក្បាល​សម្រាប់ការរៀបចំ​កីឡាអូឡាំពិក។ នៅចំពោះមុខ​ការសង្រ្គឺតធ្មេញដាក់គ្នា​រវាង​លោកខាងលិច និងលោកខាងកើត ហ្វាំងឡង់​បាន​លះបង់​ចោល​និមិត្តរូបសន្តិភាព នោះគឺ​ភូមិកីឡា ដែលគេ​បាន​ប្រកាន់ខ្ជាប់​តាំង​ពី​កីឡាអូឡាំពិក​នៅប៉ារីស​ឆ្នាំ ១៩២៤។ ដើម្បីជៀសវាង​ភាពតានតឹង ការប្រឈមមុខដាក់គ្នា​រវាង​អត្តពលិករ​របស់​ប្លុកទាំងពីរ ហ្វាំងឡង់ ប្រទេស​ម្ចាស់ផ្ទះ​បានសម្រេច​សាងសង់​ភូមិកីឡាពីរដាក់គ្នា។

មែលប៊ន​ឆ្នាំ ១៩៥៦៖ វិទ្យុបារាំងអន្តរជាតិ​ផ្នែកការផ្សាយភាសា​ពែរសង់​នឹងរៀបរាប់ពីការរៀបចំ​ការប្រកួត​កីឡាអូឡាំពិក ដែលនៅក្នុងនោះ​ប្រទេស​មួយចំនួន​បានសម្រេចចិត្ត​ធ្វើពហិកា មិនចូលរួម នៅក្នុង​ព្រឹត្តិការណ៍ដែលរៀបចំឡើង​នៅក្នុង​បរិបទ ភាពតានតឹង​នៅក្នុងពិភពលោក​កំពុងកើនឡើងខ្លាំង ដូចជា​ជម្លោះនៅ​ព្រែកជីក ស៊ុយអេ សង្រ្គាមជាលើកទី២​រវាង​អេហ្ស៊ីប និងអ៊ីស្រាអែល សង្រ្គាមឈ្លានពាន​របស់​សហភាពសូវៀត​នៅ​ប្រទេស​ហុងគ្រី។ ភាពតានតឹងបាន​ឈានរាលដាល​ចូលទៅដល់​ក្នុង​ប្រកួត។ ជាក់ស្តែង នៅក្នុង​ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាបាល់បោះក្នុងទឹក កីឡាករសូវៀត និង​កីឡាករហុងគ្រី​ឈ្លោះ វាយប្រតាយប្រតប់គ្នា​ក្នុងអាងហែលទឹក រហូតធ្វើ​ឲ្យព្រឹត្តិការណ៍មួយនេះ ជាប់ឈ្មោះ​ក្នុងប្រវត្តិកីឡាអូឡាំពិក​ថា ជា​ថ្លុកឈាម ប្រយុទ្ធគ្នា​រវាង​កីឡាករហុងគ្រី និងកីឡាករសូវៀត។

ម៉ិកស៊ិកឆ្នាំ ១៩៦៨៖ វិទ្យុបារាំងអន្តរជាតិ​ផ្នែកការផ្សាយភាសា​អេស្ប៉ាញ​និយាយពីកីឡាអូឡាំពិកដែលត្រូវ​បាន​រៀបចំឡើង ជាលើកទី១ នៅប្រទេស​កំពុងអភិវឌ្ឍន៍។ ការប្រកួតកីឡាអូឡាំពិក ឆ្នាំ ១៩៦៨ ​ស្ថិតនៅក្រោម​ការការពារ​យ៉ាងតឹងរ៉ឹង​របស់​កងទ័ព​ម៉ិកស៊ិក នៅបន្ទាប់ពីមាន​ការបាញ់សម្លាប់រង្គាល​របស់​កងទ័ព​ទៅលើ​ក្រុមនិស្សិត ដែលធ្វើបាតុកម្ម​ប្រឆាំង​ការរៀបចំកីឡាអូឡាំពិក នៅ​ទីលាន Tlatelolco។ ការប្រកួតកីឡាអូឡាំពិក​នៅម៉ិកស៊ិក​ត្រូវគេកត់សំគាល់ ដោយ​កាយវិការ​ដ៏​ក្លាហាន​របស់​កីឡាករ​អាមេរិកាំង​ស្បែកខ្មៅពីររូប ដែល​លើកដៃឡើង ដើម្បីជា​សញ្ញាប្រឆាំង​នឹង​ការបំបែកក្រុមមនុស្ស ដោយផ្អែក​ទៅលើសាសន៍​ពណ៌សំបុរ។ រូបភាព​របស់កីឡាករអាមេរិកាំងស្បែកខ្មៅទាំងពីរ ឈរលើកដៃ នៅ​កន្លែងទទួលមេដាយ ត្រូវបាន​គេផ្សព្វផ្សាយ​ល្បីពាសពេញពិភពលោក។

មុយនិច​១៩៧២៖  វិទ្យុបារាំងអន្តរជាតិ​ផ្នែកការផ្សាយភាសាខ្មែរ​រៀបរាប់​ពីការប្រកួតកីឡាអូឡាំពិកចុងក្រោយ ដែលកម្ពុជា​បាន​ចូលរួមប្រកួត នៅមុន អវត្តមាន​២០ឆ្នាំ​ដោយសារ​សង្រ្គាម​ហែកហួរប្រទេស។ ប៉ុន្តែ ការប្រកួតកីឡាអូឡាំពិក​ឆ្នាំ ១៩៧២​ត្រូវ​បាន​កត់សំគាល់​ដោយព្រឹត្តិការណ៍មួយទៀត ដែលចារជាប់ក្នុងប្រវត្តិកីឡាអូឡាំពិក នៅពេលដែល​ក្រុមភេរវនិយមប៉ាឡេស្ទីន ឈ្មោះ Septembre noir ចាប់ជាចំណាប់ខ្មាំង និង​បាញ់សម្លាប់​កីឡាករអ៊ីស្រា អែល ​១១នាក់ នៅ​ភូមិអូឡាំពិក។ ព្រឹត្តិការណ៍នេះ​ធ្វើ​ឲ្យ​គេចងចាំ​ថា កីឡាអូឡាំពិក​ត្រូវគេយកទៅប្រើជាឧបករណ៍នយោបាយ ដើម្បីសាបព្រួស​អំពើ    ឃោឃៅ ការកាប់សម្លាប់​មនុស្ស​ដោយព្រៃផ្សៃ។

ម៉ុងរ៉េអាល់ឆ្នាំ ១៩៧៦៖ វិទ្យុបារាំងអន្តរជាតិ​ផ្នែកការផ្សាយភាសាព័រទុយហ្កាល់​និយាយពីការប្រកួតកីឡាអូឡាំពិក​ឆ្នាំ ១៩៧៦ ព្រោះថា ឆ្នាំនោះជា​លើកទី១ ដែលព័រទុយហ្កាល់ ប្រទេស ប្រជាធិបតេយ្យ​ចូលរួម​នៅក្នុង​កីឡាអូឡាំពិក។ ការប្រកួតកីឡាអូឡាំពិកត្រូវ​កត់សំគាល់ផងដែរ ដោយអវត្តមានរបស់​ប្រទេស​អាហ្វ្រិកចំនួន​២៨ ដែលបដិសេធ​មិនធ្វើដំណើរ​ទៅប្រទេស​កាណាដា ដើម្បីបរិហារប្រឆាំង​របបអាប៉ាថេត ប្រកាន់ពូជសាសន៍ទៅលើជនជាតិស្បែកខ្មៅ នៅអាហ្វ្រិកខាងត្បូង។

ម៉ូស្គូ ឆ្នាំ ១៩៨០៖ វិទ្យុបារាំងអន្តរជាតិ​ផ្នែកការផ្សាយភាសា​អង់គ្លេស​រំលឹក​ពីការប្រកួតកីឡាអូឡាំពិក ដែលត្រូវ​គេ​យកទៅប្រើ​ជាឧបករណ៍​សម្រាប់ផលប្រយោជន៍​នយោបាយ។ ប្រទេសជាង​៦០ បាន​ធ្វើពហិការ​មិនទៅចូលរួម នៅក្នុងការប្រកួតកីឡាអូឡាំពិកនៅម៉ូស្គូ ទៅតាម​ការអំពាវនាវ​របស់​អាមេរិក ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ជីមី ខាធ័រ Jimmy Carter។ ប្រទេសជាង​៦០​សម្រេចចិត្ត​មិនបញ្ជូន​គណៈប្រតិភូកីឡា​របស់ខ្លួន​ទៅម៉ូស្គូ ដើម្បី​តវ៉ា​ប្រឆាំង​សង្រ្គាមឈ្លានពាន​របស់​កងទ័ពសូវៀត នៅ​ប្រទេស​អាហ្វហ្កានីស្ថាន។

ឡសអែនជើលែស ឆ្នាំ១៩៨៤៖ វិទ្យុបារាំងអន្តរជាតិ​ផ្នែកការផ្សាយភាសា​រូម៉ានី​នឹង​នាំមិត្ត​អ្នកអាន​ទៅ​ស្គាល់​ប្រវត្តិការប្រកួតកីឡាអូឡាំពិក ​នៅ​រដ្ឋ​កាលីហ្វ័នី សហរដ្ឋអាមេរិក ជាទីដែល​សហភាពសូវៀត ជា​អ្នកធ្វើពហិការវិញម្តង ដើម្បីសងសឹកនឹង​អាមេរិកដែលអំពាវនាវ​ឲ្យគេធ្វើពហិការ​មិនទៅចូលរួមការប្រកួតនៅម៉ូស្គូ កាលពី៤ឆ្នាំមុន ឆ្នាំ ១៩៨៤។ ប្រទេស​ចំនួន​១៥ ក្នុងប្លុកកុម្មុយនិស្ត​បាន​ដើរតាម​ការសម្រេចចិត្ត​របស់​សហភាពសូវៀត។ លើកលែង​តែ​ប្រទេស​រូម៉ានីដែល​ដើរផ្លូវខុសគេ ហើយនិង​ប្រទេស​ចិន ដែលបានចូលរួមជាលើកទី១ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

បាសឺឡូន ឆ្នាំ ១៩៩២៖ វិទ្យុបារាំងអន្តរជាតិ​ផ្នែកការផ្សាយភាសា​រុស្ស៊ី រំលឹកពីការប្រកួតកីឡាអូឡាំពិកនៅប្រទេស​អេស្ប៉ាញ នៅពេល​រុស្ស៊ី​ចូលរួមជាលើក ទី១ នៅក្រោយ​ការដួលរលំ​សហភាពសូវៀត នៅឆ្នាំ ១៩៩១។ ប្រទេស​អតីតសហភាពសូវៀត​ផ្សេងទៀត ក៏បានត្រលប់មកចូលរួម​នៅក្នុងព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិក ប៉ុន្តែ ស្ថិតនៅក្រោម​ទង់ជាតិតែមួយ។

ប៉េកាំង ឆ្នាំ ២០០៨៖ វិទ្យុបារាំងអន្តរជាតិ​ផ្នែកការផ្សាយភាសា​ចិន​និយាយ​ពី​សង្រ្គាមប៉ាកាជាច្រើនដែល​បំពុល​ការរៀបចំព្រឹត្តិការណ៍អូឡាំពិក​នៅ​ទីក្រុង​ប៉េកាំង ​ដូចជា​បញ្ហាបង្រ្កាប បំបិទសិទ្ធិ​សេរីភាពនៅទីបេ សេរីភាពសារព័ត៌មាន និង​បញ្ហាបំផ្លាញបរិស្ថាន ដោយសារ​ការរៀបចំកីឡាអូឡាំពិកជាដើម។ ប៉ុន្តែ ទីក្រុងប៉េកាំង​នៅតែប្រកាន់ខ្ជាប់​យុទ្ធសាស្រ្ត​របស់ខ្លួន ដោយ​យក​ព្រឹត្តិការណ៍​ប្រកួតកីឡាអូឡាំពិក ក្នុងទឹកដីរបស់ខ្លួន​មកធ្វើ​ជាឧបករណ៍នយោបាយ​ការទូត ប្រកបដោយ​ប្រសិទ្ធិភាព។

រីយ៉ូ ឆ្នាំ ២០១៦៖ វិទ្យុបារាំងអន្តរជាតិ​ផ្នែកការផ្សាយភាសា​ប្រេស៊ីល​នឹងលើកនិយាយ​ពី​ការប្រកួតកីឡាអូឡាំពិក​នៅទីក្រុង​រីយ៉ូ នៅក្នុងកាលៈទេសៈដែលប្រទេស​ប្រេស៊ីល​កំពុងជួបវិបត្តិនយោបាយ ស្ថាប័ន វិបត្តិសង្គម និងវិបត្តិសុខភាពធ្ងន់ធ្ងន់ ដោយសារ ជំងឺឆ្លងរាតត្បាត ហ្សៃកា។ អ្នករៀបចំ​កីឡាអូឡាំ ពិក​ត្រូវជួបបញ្ហាប្រឈមពីរធំៗ។ ទោះរងការដាក់សម្ពាធពីអង្គការ​សុខភាពពិភពលោក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ​បដិសេធ​ដាច់អហង្កាមិន​លើកពេល ការប្រកួតកីឡាអូឡាំពិក។

ចំណែក​នៅក្នុងការប្រកួតកីឡាអូឡាំពិក​ប៉ារីស ឆ្នាំ ២០២៤ វា​អាច​ទៅរួច ដែល​ការប្រកួតកីឡាអូឡាំពិកនឹង​ជួបរឿងរ៉ាវ គួរកត់សំគាល់នៅក្នុង​បរិបទ​ភូមិសាស្រ្តនយោបាយ​ក្នុងពិភពលោកមួយដែល ព្រឹត្តិការណ៍​ប្រកួតកីឡា នឹង​អាច​ត្រូវគ្របដណ្តប់​ដោយ​នយោបាយការទូត​របស់​ក្រុមប្រទេស​មហាអំណាច៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា