banner1
បារាំង​ចាប់ផ្តើម​រាប់ថ្ងៃថយក្រោយ ដើម្បីរៀបចំ​ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០២៤

 28-កក្កដា-2023

គិតចាប់តាំងពីថ្ងៃពុធនេះ មាន​រយៈពេល​មួយឆ្នាំគត់ ដែលបារាំង​ត្រូវ​ត្រៀមខ្លួន រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ ដែលត្រូវបើកសម្ពោធ ជាផ្លូវការ នៅថ្ងៃទី ២៦​កក្កដា ឆ្នាំ ២០២៤ នៅទីក្រុង​ប៉ារីស។ មានវត្តមាននៅថ្ងៃ​ពុធនេះ នៅទីក្រុង​ប៉ារីស ប្រធាន​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក​Thomas Bach បាន​ប្រកាស​អញ្ជើញជាផ្លូវការ​ប្រទេស​ចំនួន​២០៣ ឲ្យ​ចូលរួម​នៅក្នុង​ព្រឹត្តិការ​អូឡាំពិកទីក្រុង​ប៉ារីស ២០២៤។

ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤​សំខាន់ណាស់សម្រាប់​បារាំង ព្រោះ លើកចុងក្រោយ ដែល​បារាំង​បាន​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក គឺ​កាលពី​១០០ឆ្នាំ នៅ​ឆ្នាំ ១៩២៤។ នៅមួយឆ្នាំទៀត​ប៉ុណ្ណោះ ទីក្រុង​ប៉ារីស​នឹង​ត្រូវធ្វើ​ជាម្ចាស់ផ្ទះរៀបចំ​ការប្រកួតកីឡាអូឡាំពិក ដែលជា​ព្រឹត្តិការណ៍​ដ៏ធំ។ តើ​ប៉ារីសត្រៀមខ្លួនហើយឬនៅ ទាំងផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និង​ផ្នែកថវិកា?

នៅទីក្រុង​ប៉ារីស គណៈកម្មការជាតិអូឡាំពិកបារាំង​បាន​ប្រកាស​រាប់ថ្ងៃ​ថយក្រោយ ចាប់ពីថ្ងៃ​ពុធទី ២៦ កក្កដា ដើម្បី​ត្រៀមរៀបចំ ព្រឹត្តិការណ៍អូឡាំពិក​រដូវក្តៅ ២០២៤។ ចាប់តាំងពីមាន​កីឡាអូឡាំពិក នេះជា​លើកទី​៣ ដែល​បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះរៀបចំ​ការប្រកួតកីឡាអូឡាំពិករដូវក្តៅ។ លើកចុងក្រោយ ដែលបារាំងរៀបចំ​កីឡាអូឡាំពិក គឺ​កាលពី​ឆ្នាំ ១៩២៤។ ដោយសារ មិនដែល​បាន​រៀបចំព្រឹត្តិការណ៍អូឡាំពិកសោះ នៅក្នុងរយៈពេល​១០០ឆ្នាំ ហើយ​នៅ​សល់ពេល​តែ ១ឆ្នាំទៀតប៉ុណ្នោះ ថ្ងៃ​បើកការប្រកួតកីឡាអូឡាំពិក​នឹង​ចាប់ផ្តើម។ នៅសល់ ៣៦៥ថ្ងៃទៀត នឹង​មានការបើកសម្ពោធកីឡាអូឡាំពិក​ប៉ារីស ២០២៤។ បើទោះបីជាមានការដាក់សម្ពាធ អ្នករៀបចំ ជាពិសេស ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​បារាំង លោក​Tony Estanguet បានអះអាងពីជំនឿទុកចិត្ត​ថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុង​ប៉ារីស​នឹង​ប្រព្រឹត្តទៅ​តាមកាលកំណត់ ពីថ្ងៃទី ២៦​កក្កដា ដល់ថ្ងៃទី ១១​សីហា ឆ្នាំ ២០២៤។ ប៉ារីស​ត្រៀមខ្លួនរៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ជា​ប្រវត្តិសាស្រ្ត​លើកនេះ ប៉ុន្តែ មិនមែន​គ្មាន​ឧបសគ្គនោះទេ។ មាន​បញ្ហា​ជាច្រើន​ដែល គេ​នៅមិនទាន់​ដោះស្រាយ ធ្វើចប់។

ទី១ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ

ដោយសារតែ​ប៉ារីស មិនដែល​ធ្លាប់​រៀបចំ​ការប្រកួតកីឡាអូឡាំពិក ក្នុង​រយៈពេល ១០០ឆ្នាំមកនេះ ប៉ារីស​ត្រូវសាងសង់​អគារ​ច្រើនជាង ៥០​ការដ្ឋាន ដូចជា​ភូមិអូឡាំពិកសម្រាប់ផ្តល់ការស្នាក់នៅ​ដល់​កីឡាករ ជាង ១ម៉ឺននាក់ និងស្តាត​សម្រាប់​ការប្រកួតហែលទឹក ជាដើម។ ប៉ុន្តែ នៅមួយឆ្នាំ មុន​បើកសម្ពោធ​កីឡាអូឡាំពិក សំណង់ប្រមាណ ៥៣​កំពុង​នៅជា​ការដ្ឋាននៅឡើយ។

ទី២ បញ្ហា​ថវិកា

គេប៉ាន់ប្រមាណថា គេត្រូវការថវិកា ជាង ៨ពាន់លាន​អឺរ៉ូ​សម្រាប់​រៀបចំ​ការប្រកួតកីឡាអូឡាំពិក ប៉ារីស ២០២៤ ដែលនៅក្នុង​នោះ ពាក់កណ្តាល​ត្រូវប្រើ​សម្រាប់​ការបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ដូចរាល់លើក ការទទួល​ធ្វើជាម្ចាស់ផ្ទះរៀបចំ​កីឡាអូឡាំពិកតែងទទួលបាន​ការរិះគន់ ព្រោះគេ​ត្រូវវិនិយោគ​ចំណាយ​ខ្ពស់ ចំណែក​ផលចំណេញពីការរៀបចំ​មាន​តិចតួច។ ជាញយដង សំណង់ដែលសង់សម្រាប់ព្រឹត្តិការណ៍​អូឡាំពិក​ត្រូវ​ទុកចោល លែងយកទៅប្រើការ ​នៅក្រោយ​ចប់ព្រឹត្តិការណ៍អូឡាំពិក។ ដូច្នេះ ដើម្បី​ជៀសវាង​កុំ​ឲ្យប្រជាជន​មិនសប្បាយចិត្ត​នឹងការចំណាយ ចាយខ្ជះខ្ជាយ រដ្ឋាភិបាល​បារាំង​និយាយថា ខ្លួន​ជួយចេញ​តែ ៤ភាគរយទេ ចំណែក ៩៦%​នៃ​ចំណាយសម្រាប់ការរៀបចំ​អូឡាំពិកលើកនេះ ត្រូវ​បានមកពី​វិស័យឯកជន ដែលនៅក្នុងនោះ ជាង​១៥០០​លាន​អឺរ៉ូ​ បាន​មកពី​គណៈកម្មការធិការអូឡាំពិកអន្តរជាតិ ដែលនឹងបានប្រាក់ចំណូលពីការលក់សំបុត្រ និងថ្លៃផ្សាយពាណិជ្ជកម្ម ជា​ដើម​។

បញ្ហាទី៣ គឺការធ្វើដំណើរ​ដឹកជញ្ជូន នៅក្នុងអំឡុង​រៀបចំ​ព្រឹត្តិការណ៍អូឡាំពិក។

នេះជាបញ្ហា​ដ៏ឈឺក្បាល ព្រោះថា រហូតមកដល់​ពេលនេះ ផ្នែកដឹកជញ្ជូនបារាំង មិនថា រទះភ្លើង រថយន្តក្រុង នៅមិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​ជនបរទេស ជាង ៧លាន​នាក់​ដែលត្រូវ​ចូលមើលការប្រកួតកីឡា។ នេះគេនៅមិនទាន់និយាយ​ពីបញ្ហា​កកស្ទះចរាចរណ៍ដែលតែងតែ​កើតមាន​ឡើង នៅទីក្រុង​ប៉ារីស។ ដើម្បី​សម្រួល​ការធ្វើដំណើរ​របស់​ទស្សនិកជនទៅកាន់ទីតាំងប្រកួតកីឡាអូឡាំពិក ដែលមានសរុប ២៥កន្លែង នៅក្នុងទីក្រុង​ប៉ារីស និងជាយក្រុង ចៅហ្វាយក្រុងប៉ារីសគ្រោង​នឹង​ផ្អាកការធ្វើដំណើររថយន្តឯកជន នៅក្នុង​ក្រុង និងផ្អាកការដ្ឋានសំណង់ទាំងអស់ដែលមាននៅតាម​ផ្លូវក្រវ៉ាត់ក្រុង។

បារាំងត្រូវឈឺក្បាល​ក្នុងរឿង​ធានាការពារសន្តិសុខ

ការរក្សាសន្តិសុខ នៅក្នុងអំឡុង​ការប្រកួតកីឡាអូឡាំពិក ជា​អាទិភាព សម្រាប់​អាជ្ញាធរ​បារាំង។ ព្រឹត្តិការណ៍​ដុតរថយន្ត វាយបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារ​ណៈ នៅក្នុងពេល​កុប្បកម្ម​ប្រឆាំង​ប៉ូលិស នាពេលថ្មីៗនេះ ជាមេរៀនសំខាន់ដែល​អាជ្ញាធរបារាំង​មិនអាច​ធ្វេសប្រហែសបាន។ ​ការធានាសុវត្ថិភាព សន្តិសុខ ជា​បញ្ហា​ដ៏ឈឺក្បាលជាងគេសម្រាប់​រដ្ឋាភិបាល​បារាំង ព្រោះថា ខុសពីការបើកសម្ពោធ​កីឡាអូឡាំពិក​នៅស្រុកផ្សេងៗ ដែលធ្វើនៅតាមពហុកីឡាដ្ឋាន បារាំង​បើកសម្ពោធ​ព្រឹត្តិការណ៍អូឡាំពិក នៅលើទឹកទន្លេសែន ដែលជា​កន្លែង​សម្រាប់​ការប្រកួតវិញ្ញាសារមួយចំនួន។ នៅថ្ងៃ​បើកសម្ពោធ កីឡាករ ជាង​១ម៉ឺននាក់ នឹង​ជិះលើទូក​ជាង ១០០គ្រឿង បើកតាមទន្លេសែន ក្រោម​ក្រសែភ្នែក​របស់​ទស្សនិកជន​ជាង ៦សែននាក់ ដែលអង្គុយឈរ ទស្សនាតាមទន្លេសែន​ចម្ងាយ ៦គីឡូម៉ែត្រ។ ការពារ​សុវត្ថិភាព​ឲ្យ​មនុស្សកកកុញ នៅតាម​ទន្លេសែន ចម្ងាយ ៦គីឡូម៉ែត្រ មិនមែនជារឿង​ងាយស្រួល។

តាម​រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក​Gérald Darmanin កងរក្សាសន្តិសុខ ជិត​៤ម៉ឺននាក់ នឹងត្រូវពង្រាយ​នៅតាមទីសាធារណៈ ដើម្បី​ធានាការពារ​សន្តិសុខ នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក។ រដ្ឋាភិបាល​បារាំង​មាន​គម្រោងផងដែរ​ថា នឹង​បញ្ចេញ​ទាហាន​របស់ខ្លួន សម្រាប់​បេសកកម្ម​ដោះមីន ប្រឆាំងដ្រូន និង​ពង្រឹង​បណ្តាញស៊ើបការណ៍សម្ងាត់​ដើម្បីទប់ស្កាត់​គម្រោង​វាយប្រហារ​ភេរវកម្មណាមួយ។ ក្រៅពី​ប៉ូលិស និងទាហាន រដ្ឋាភិបាល​បារាំង​ត្រូវ​ពឹងអាស្រ័យផងដែរ​លើក្រុមភ្នាក់ងារសន្តិសុខ​ឯកជន​ជិត ២ម៉ឺននាក់ទៀត។

គណៈកម្មការធិការអូឡាំពិកមិនអញ្ជើញ រុស្ស៊ី និងបេឡារុស

ការប្រកួតកីឡាអូឡាំពិក​ជា​ទីតាំងប្រជែងភូមិសាស្រ្តនយោបាយ? ​វត្តមាន​របស់រុស្ស៊ី និង​បេឡារុស នៅក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ ​បានក្លាយជា​រឿងចម្រូងចម្រាស បន្ទាប់ពី​រុស្ស៊ី​ចូលធ្វើសង្រ្គាម​ឈ្លានពានអ៊ុយក្រែន។ អ៊ុយក្រែនផ្ទាល់ បាន​ប្រកាសថា ខ្លួននឹង​មិនបញ្ជូន​កីឡាករ​មក​អូឡាំពិក​​នៅ​ប៉ារីសទេ បើសិន​មានកីឡាកររុស្ស៊ី និង​បេឡារុស​ចូលរួម។ ប៉ុន្តែ ប្រធាន​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ​លោក Thomas Bach នៅថ្ងៃ​ពុធ​ទី ២៦ កក្កដា បាន​អារកាត់ថា លោក​បាន​បញ្ជូន​លិខិតទៅ​អញ្ជើញ​ជាផ្លូវការប្រទេស​ចំនួន​២០៣ ឲ្យ​ចូលរួម ក្នុងការប្រកួតកីឡាអូឡាំពិក​នៅប៉ារីស ឆ្នាំ ២០២៤ ប៉ុន្តែ គ្មានប្រទេស​រុស្ស៊ី និង​បេឡារុស ក្នុង​កាលៈទេសៈនេះ។ ក្រៅពី​រុស្ស៊ី និង​បេឡារុស គណៈកម្មការធិការអូឡាំពិក​មិន​អញ្ជើញ​ផងដែរ ក្វាតេ​ម៉ាឡា​​ ដោយសារ​ហេតុផលថា មានរឿងនយោបាយ​ចូលលូកឡំ​ក្នុងកីឡា៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា