banner1
អង្គការ​សហប្រជាជាតិ ៖ ពិភពលោក​ត្រូវ​ត្រៀមរៀងៗ​ខ្លួន ​ប្រឈម​​នឹង​រលក​កម្តៅ​ខ្លាំង

 19-កក្កដា-2023

អង្គការ​សហប្រជាជាតិ បាន​អំពាវនាវប្រាប់​​នៅ​ថ្ងៃ​អង្គារ​ទី ១៨ កក្កដា​នេះ ឱ្យ​ពិភពលោកត្រៀម​​ប្រឈម​នឹង​រលក​កម្តៅ​ខ្លាំង។ មនុស្ស​​ម្នាក់ៗ​ត្រូវ​ចេះ​រៀបចំ​​​ផែនការ​រៀងៗ​ខ្លួន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កម្តៅ​សីតុណ្ហភាពឡើង​​ខ្ពស់ហួសហេតុ​ នៅពេល​ថ្ងៃ​ និងនៅពេល​យប់។ អ្នក​ជំនាញ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​ជាពិសេសនឹង​រលក​កម្តៅ​នៅ​ពេល​យប់ ដែល​អាច​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព។

ពិភពលោក​នឹង​បន្ត​ជួប​បាតុភូត​អាកាសធាតុឡើង​​ក្តៅ​ខ្លាំង កាន់​តែ​យូរ កាន់​តែ​ញឹកញាប់​។ បាតុភូត​ធម្មជាតិ​អែលនីញ៉ូ បាន​មក​បន្ថែម​ឱ្យ​មាន​រលក​កម្តៅ​កាន់​តែ​ញយ​និង​កាន់​តែ​អាក្រក់។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ជំនាញ​នៃ​អង្គការ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ ដោយ​រំឮក​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨០មក ចំនួនរលកកម្តៅ​នៅ​អឌ្ឍគោល​ខាង​ជើងបាន​​កើន​ឡើង​៦​ដង​។ ហើយ​គ្មាន​សញ្ញា​ឬ​និន្នាការ​ធ្លាក់​ចុះសោះ។

ដោយយល់​ថា​​រលក​កម្តៅ​បច្ចុប្បន្ន​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម អ្នក​ជំនាញ​អាកាសធាតុ​អង្គការ​ប្រជាជាតិ លោក John Nairn ​បាន​អំពាវនាវ​ឱ្យ​មនុស្ស​គ្រប់​រូប​ចេះ​មាន​ទំនួល​ខុស​ត្រូវ​បង្កើត​ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្តៅ​ហួសហេតុ។ បុគ្គល​ម្នាក់ៗ​អាច​បញ្ចេញ​សកម្មភាពទប់​ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ឈប់​ប្រើប្រាស់​ថាមពល​ផូស៊ីល (ធ្យូង- ហ្កាស-សាំង-ម៉ាហ្សូត …) ដោយងាក​មក​ប្រើ​ថាមពល​អគ្គិសនីបៃតង​​សុទ្ធសាធ។ នេះ​​ជា​យោបល់​ផ្ទាល់​ខ្លួនរបស់​អ្នក​ជំនាញ​ដដែល​។

បើ​តាម​អ្នក​ជំនាញ​ ឧស្ម័ន​ផ្ទះកញ្ចក់ ដែលជា​អ្នក​ខ្ទប់​កម្តៅ ជា​ប្រភពនាំឱ្យ​មានការប្រែប្រួល​អាកាសធាតុ។ នៅពេល​ខ្យល់បរិយាកាស​មាន​លំនឹង​ល្អ  ផែនដី​មាន​សីតុណ្ហភាព​ល្មមសម្រាប់​ជីវិត​។ ប៉ុន្តែ​នៅពេល​បរិមាណ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​រួម​មាន​ឧស្ម័នកាបូនិក មេតាន អាហ្សូត​ ឡើង​ខ្ពស់​ជ្រុល​ក្នុង​បរិយាកាស វា​នឹង​ឃុំ​ខ្ទប់កម្តៅ​​កាំរស្មី​ព្រះអាទិត្យមិន​ឱ្យ​ចាំងផ្លាត​ទៅក្នុង​អវកាស​វិញ​ ទើប​បង្កើត​ឱ្យ​មាន​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​ទូទៅ​ផង និង​បង្ក​ឱ្យ​មានបាតុភូត​អាកាសធាតុ​​មិន​ប្រក្រតី​ផ្សេង​ទៀត​ផង។

នៅពេល​មាន​រលក​កម្តៅ​​ឡើង​ខ្ពស់​ខ្លាំង សហគមន៍​អន្តរជាតិ​​ផ្តោត​ចំណាប់​អារម្មណ៍ខ្លាំង​​​​លើ​សីតុណ្ហភាពអតិបរមាពេល​ថ្ងៃ​ពេញ​អំណាច​ តែ​បើ​តាម​អង្គការ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ គឺ​សីតុណ្ហភាពពេល​យប់ ដែល​អាច​បង្ក​ហានិភ័យ​សម្រាប់​សុខភាព​។ ​អ្នក​ជំនាញ ពន្យល់ថា​ កម្តៅ​​ពេល​យប់ខ្ពស់​ខ្លាំង​ យូរ​ថ្ងៃ​ជាប់ៗ​គ្នា​ អាច​ជា​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស​គ្រប់រូប​ ជា​ពិសេស​មនុស្ស​ទន់​ខ្សោយ ព្រោះ​សរីរាង្គ​កាយ​មិន​អាច​សម្រាក​ប្រមូល​កម្លាំង​វិញ​បាន ដោយ​អាច​បង្កើន​គ្រោះ​គាំង​បេះដូង និង​គ្រោះ​មរណៈ។

ពុំ​ទាន់​មាន​និយមន័យ​កំណត់កំរិត​​សីតុណ្ហភាព​ នៃ​ពាក្យ​ថា​រលក​កម្តៅ​ខ្លាំង​ទេ។ គឺ​អាស្រ័យ​ទៅ​លើ​សីតុណ្ហភាពមធ្យម​នៃ​តំបន់​នីមួយៗ។ ប៉ុន្តែ​អង្គការ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ​កំពុង​​រៀប​ចំ​វាក្យសព្ទ​និង​និយម​ន័យ​នៃ​ភាព​ក្តៅ​ជ្រុល សម្រាប់​ប្រើជា​បទដ្ឋាន​​ព្យាករនិង​ទាញ​សញ្ញា​​អាសន្ន​​ប្រាប់ពិភពលោក៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា