banner1
ទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសសំខាន់ៗ ថយចុះនៅរយៈពេល៦ខែដើមឆ្នាំនេះ

 17-កក្កដា-2023

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ជា​មួយ​ប្រទេស​សំខាន់ៗ​រយៈ​ពេល៦​ខែ ​មាន​ទំហំ​ប្រមាណ​២៣.៧​ពាន់​លាន​ដុល្លារ​ ថយ​ចុះ​១៣ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២២​​ ដែល​មាន​ទំហំ​២៧.២​ពាន់​លាន​ដុល្លារ។​ ខណៈ​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​សំខាន់ៗ​ថយ​ចុះ​ ២២.៩​ភាគរយ​ ប៉ុន្តែ​ការ​នាំចេញ​របស់​កម្ពុជា​កើន​ឡើង​ ០.៨​ភាគរយ។​ ដោយ​ឡែក​៦ខែ​ក្នុង​ឆ្នាំ​២០២៣​នេះ ​កម្ពុជា​បន្ត​ស្គាល់​កំណើន​ពាណិជ្ជកម្ម​ជា​មួយ​ចិន​(២.៨%)​ តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ដូច​គ្នា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​អាមេរិក​បាន​ធាក់​ថយ​ក្រោយ​(-៩.៦%)​។​

ប្រទេសចំនួន២០មានឈ្មោះក្នុងរបាយការណ៍ពាណិជ្ជកម្មបណ្តោះអាសន្នរបស់អគ្គនាយករដ្ឋានគយនិងរដ្ឋាករកម្ពុជាដូចជាៈ ចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី អាល្លឹម៉ង់ កាណាដា​ ជាដើម។ ប្រទេសចិនឈរនៅលេខរៀងទី១នាំមុខគេក្នុងការធ្វើជាពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា តាមពីក្រោយអាមេរិក ខណៈវៀតណាមឈរនៅលេខទី៣ ថៃលេខរៀងទី៤ និងជប៉ុនឈរលំដាប់រៀងទី៥។

ជាក់ស្ដែងចិននាំចូលកម្ពុជាក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លា(៥,៤៤០,០៦៨) ខណៈកម្ពុជានាំទៅចិនក្នុងទំហំទឹកប្រាក់៧០០លានដុល្លា (៧១៣,២៧៦)។ អាមេរិកនាំចូលកម្ពុជាក្នុងទំហំទឹកប្រាក់ជាង១០០លានដុល្លា(១១៩,៥២១)ខណៈការនាំចេញពីកម្ពុជាទៅវិញក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លា(៤,២៣៦,០៩៩)។ វៀតណាមនាំចូលកម្ពុជាក្នុងទំហំទឹកប្រាក់ជាង១៨០០លានដុល្លា(១,៨៧២,៦៦២) ខណៈការនាំចេញក្នុងទំហំទឹកប្រាក់ជាង១៤០០លានដុល្លា(១,៤២៩,៦០៩)។ ថៃនាំចូលកម្ពុជាក្នុងទំហំទឹកប្រាក់ជាង១៤០០លានដុល្លា(១,៤៤៧,៧៧៥) ខណៈការនាំចេញក្នុងទំហំទឹកប្រាក់ជាង៥០០លានដុល្លា(៥២៧,៨៨៦)។ ជប៉ុននាំចូលក្នុងទំហំទឹកប្រាក់៣០០លានដុល្លា(៣១៥,២៦៥) ខណៈការនាំចេញក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លា (៥៤៥,០១១)។

គួរជម្រាបជូនថា ប្រទេសចិននៅតែនាំគេក្នុងធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ តួយ៉ាងក្នុងឆ្នាំ២០២២ប្រទេស​ចិន​បាន​បន្ត​ឈរលើ​កំពូល​តារាង​ជា​ប្រទេស​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា​ច្រើនជាងគេ​ក្នុងទំហំទឹកប្រាក់​ជាង ១១,៦៨ ពាន់​លាន​ដុល្លារ​កើន​ជាង ៤ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២១ ហើយ​ចំនួន​ទឹកប្រាក់​ដែល​ចិន​នាំ​ទំនិញ​មក​កម្ពុជា​បាន​គ្របដណ្តប់​ដល់​ជិត ៩០ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​។

ជាមួយអាមេរិកវិញកម្ពុជាអះអាងថា ប្រទេសមហាអំណាចមួយនេះជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី២តែសហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា ហើយពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២២មានចំនួន៩ ២៨១លានដុល្លារនិងឆ្នាំ២០២១មានចំនួន៧ ៤៩០លានដុល្លារ។

បើតាមអ្នកសេដ្ឋកិច្ចការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកថយចុះមិនមែនហេតុផលនយោបាយ ឬ ក៏មិនមែនដោយសារអាមេរិករងចាំមើលដំណើរការបោះឆ្នោតនោះឡើយ។  តែអាចដោយសារភាពជាប់គាំងនៃសេដ្ឋកិច្ច​អាមេរិកខ្លួនឯង ព្រោះតាំងតែពីចុងឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានធ្វើគោលនយោបាយដំឡើងការប្រាក់ក្នុងប្រទេស ដើម្បីបង្កើនប្រាក់សន្សំដែលបង្ខំឲ្យពលរដ្ឋអាមេរិកកាត់បន្ថយការចំណាយ។ដូច្នេះហើយអាមេរិកក៏កាត់បន្ថយការនាំចូលពីប្រទេសផ្សេងៗ។ វិបត្តិសង្គ្រាមនៅអ៊ុយក្រែនក៏រាប់បញ្ចូលផងដែរថា ជាហេតុធ្វើសេដ្ឋកិច្ចលើសកលលោកជាប់គាំង។ នេះបើតាមលោកបណ្ឌិត គី សេរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅកម្ពុជា៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា