ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានស្គាល់អត្រាកំណើនប្រជាជនប្រចាំឆ្នាំចំនួន ១.៦ភាគរយ ដោយនៅឆ្នាំ២០២២ កម្ពុជាមានប្រជាជនសរុប ១៦.៨លាននាក់ ដែលជាង៥០ភាគរយជាស្ត្រី។ នៅក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ នៅថ្ងៃទី១១កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា កម្ពុជាកំពុងស្ថិតនៅក្នុងបរិបទអត្រាកំណើនប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គមជាតិ ប៉ុន្តែកម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួនចំពោះស្ត្រី ដែលបន្តមានអត្រាមរណៈមាតាកម្រិតខ្ពស់នៅក្នុងតំបន់។
សារលិខិតដែលមានកម្រាស់៥ទំព័រ ក្នុងទិវាប្រជាជនពិភពលោកលើកទី៣៤ ឆ្នាំ២០២៣ លោក ហ៊ុន សែន បានលើកឡើងថា ទោះកម្ពុជាស្ថិតក្នុងបរិបទអត្រាកំណើនប្រជាសាស្ត្រមួយល្អប្រសើរ ប៉ុន្តែកម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួនចំពោះស្ត្រី ដូចជាអត្រាមរណភាពមាតា។ តាមតួលេខនៅកម្ពុជា អត្រាមរណភាពមាតានៅក្នុងឆ្នាំ២០២១-២០២២ មានចំនួន១៥៤នាក់ ក្នុង១សែនកំណើតរស់ ជាតួលេខថយចុះ ដែលនៅឆ្នាំ ២០០៨ មានចំនួន១៧០នាក់ ក្នុង១សែនកំណើតរស់។ ជាការធ្លាក់ចុះនៃអត្រាមរណភាពមាតា ប៉ុន្តែនៅតែជាកម្រិតខ្ពស់ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។
បញ្ហាប្រឈមផ្សេងរបស់ស្ត្រីផ្សេងទៀតគឺ សេវាសុខភាពបន្តពូជរបស់ស្ត្រីមិនទាន់គ្រប់ដណ្តប់ជាសកល។ ចំណែកកម្លាំងពលកម្មស្ត្រីមានច្រើន តែស្ត្រីជាច្រើនបែរជាធ្វើការងារគ្មានប្រាក់កម្រៃ ឬ ការងារមានប្រាក់ចំណូលទាប។ កម្រិតវប្បធម៌ និងជំនាញបច្ចេកទេសរបស់ស្ត្រីមានកម្រិតទាប មិនទាន់ឆ្លើយតបតម្រូវការទីផ្សារនិងវិស័យអាទិភាព គម្លាតយេនឌ័រក្នុងសង្គម និងការជួញដូរ និងអំពើហឹង្សាលើស្ត្រីនិងក្មេងស្រីនៅតែបន្តមាន។
ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីដូចជា បញ្ហាសុខភាព ការអប់រំ ការរំលោភបំពាន និងសិទ្ធិនៃការចូលរួម និងសិទ្ធិក្នុងការសម្រេចចិត្តជាដើមនេះ លោក ហ៊ុន សែន អះអាងថារដ្ឋាភិបាលកម្ពុជាបាននិងកំពុងបញ្ជ្រាបយេនឌ័រទៅ ក្នុងគោលនយោបាយខ្លួន ក្នុងផែនការអភិវឌ្ឍន៍ជាតិនិងផែនការយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រនៅគ្រប់ក្រសួងស្ថាប័ន និងការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនារីភេទ។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com