អង្គការសហប្រជាជាតិចង់ប្រើបញ្ញាសិប្បនិម្មិត ដើម្បីប្រយោជន៍មនុស្សជាតិ
11-កក្កដា-2023
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបាននិងកំពុងរីកលូតលាស់យ៉ាងលឿនស្លេវ ប៉ុន្តែសំណួរជាច្រើនទាក់ទងនឹងបច្ចេកវិទ្យានេះនៅតែមិនទាន់មានចម្លើយ។ នេះបើតាមការព្រមានរបស់អង្គការសហប្រជាជាតិ ដែលបានរៀបចំបើកជំនួបកំពូលរយៈពេលពីរថ្ងៃ (ទី៦និងទី៧ កក្កដា ២០២៣) ដើម្បីជជែកអំពីការគ្រប់គ្រងបញ្ញាសិប្បនិម្មិត។ សម្រាប់អង្គការសហប្រជាជាតិ ដើម្បីប្រយោជន៍មនុស្សជាតិ គេមិនអាចបណ្តោយឱ្យវិស័យបញ្ញាសិប្បនិម្មិតវិវឌ្ឍដោយគ្មានបទដ្ឋាននិងការឃុំគ្រងបានឡើយ។
ជំនួបពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងជាលើកទីមួយ នៅឆ្នាំ២០១៧ ដោយសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ដែលជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ មានទីស្នាក់ការនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស និងមានសមាជិក១៩៣ប្រទេស ព្រមទាំងក្រុមហ៊ុនសហគ្រាស សកលវិទ្យាល័យ និងអង្គការប្រមាណជាង៩០០ទៀត។ ស្ថាប័នអង្គការសហប្រជាជាតិនេះមានរចនាសម្ព័ន្ធខុសប្លែកពីប្រព័ន្ធអង្គការប្រជាជាតិ ដែលតាមទម្លាប់គឺរដ្ឋាភិបាលប្រទេសនីមួយៗជាអ្នកដឹកមុខ។ ស្ថាប័ននេះជាអ្នកកំណត់បទដ្ឋានបច្ចេកទេស និងគ្រប់គ្រងរលកវិទ្យុអេឡិចទ្រិកនិងផ្កាយរណប។
តែតាំងពីឆ្នាំ២០២០មក ជំនួបកំពូលស្តីពីបញ្ញាសិប្បនិម្មិតត្រូវបង្រួមតូចជាបណ្តាញអនឡាញសកម្មពេញមួយឆ្នាំ និងទើបរៀបចំជាថ្មីដោយអ្នកចូលរួមត្រូវបង្ហាញវត្តមានផ្ទាល់នឹងកន្លែងនៅឆ្នាំនេះ។ ជាសរុបជំនួបកំពូលមានអ្នកចូលរួមជាង៣ពាន់នាក់ ដែលជាមន្ត្រីរដ្ឋាភិបាលប្រទេសនីមួយផង មន្ត្រីអង្គការសហប្រជាជាតិ អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យអ្នកដឹកនាំផ្នែកឧស្សាហកម្ម-វិស័យឯកជន ដូចជានាយកបច្ចេកទេសក្រុមហ៊ុនអាម៉ាហ្សូន Google … ជាពិសេសមនុស្សរ៉ូបូ ជាច្រើនគ្រឿងទៀតក្នុងនោះ៩គ្រឿង មានសមត្ថភាពជំនាញ តាំងពីការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យដល់ការចែកចាយជំនួយមនុស្សធម៌ ឬចែកចាយសម្ភារៈបរិក្ខាពេទ្យ និងកសិកម្ម។
អង្គការសហប្រជាជាតិ សង្ឃឹមថានឹងអាចប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីពន្លឿនកម្មវត្ថុទាក់ទងនឹងវិស័យសុខភាពសុខាភិបាល អាកាសធាតុ និងការលុបបំបាត់ភាពក្រីក្រ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិចង់ឱ្យជំនួបកំពូលនេះ អាចជួយធ្វើយ៉ាងណាឱ្យវិស័យបញ្ញាសិប្បនិម្មិតក្លាយជាប្រយោជន៍សម្រាប់មនុស្សជាតិ មិនមែនជាគ្រោះថ្នាក់សម្រាប់មនុស្សជាតិ ដូចអ្វីដែលគេព្រួយបារម្ភទេ។ អ៊ីចឹងហើយបានជាគេហៅជំនួបនេះថា “ជំនួប Artificial Intelligence for Good” ឬ ជំនួបបញ្ញាសិប្បនិម្មិតដើម្បីជាប្រយោជន៍ល្អ។
ភាពបន្ទាន់នៃគ្រប់គ្រងវិស័យបញ្ញាសិប្បនិម្មិត
បច្ចុប្បន្ននេះការស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍយ៉ាងខ្លាំងក្លានិងលឿនស្លេវណាស់ ជាពិសេសផ្នែកបញ្ញាសិប្បនិម្មិតដែលមានបញ្ញាស្ទើរដូចមនុស្សនិងអាចប្រកួតប្រជែងជាមួយមនុស្សបានឬហៅជាភាសាបច្ចេកទេស AGI (Artificial General Intelligence)។ ជាការលូតលាស់លឿនជ្រុល និងដ៏អស្ចារ្យនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលលុកលុយចូលក្នុងជីវិតប្រចាំថ្ងៃ ដោយយើងមិនទាន់ទាំងបានត្រៀមលក្ខណៈរួចផង។ សូម្បីតែក្រុមអ្នកបច្ចេកទេសល្បីៗក្នុងវិស័យនេះ ក៏ស្ងើចនិងបារម្ភ រហូតចេញញត្តិមួយ កាលពីខែមីនា២០២៣ អំពាវនាវឱ្យផ្អាកជាបណ្តោះអាសន្ននូវការអភិវឌ្ឍបញ្ញាសិប្បនិម្មិត រយៈពេល៦ខែ ដោយលើកឡើងអំពីហេតុផលហានិភ័យធ្ងន់ធ្ងរចំពោះមនុស្សជាតិ។
អ្នកជំនាញមិនបានជំទាស់ទាំងស្រុងទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនោះទេ តែទាមទារឲ្យការអភិវឌ្ឍបច្ចេកវិទ្យានេះត្រូវធ្វើឡើង ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីធានាថា បច្ចេកវិទ្យានេះនឹងមិនបង្កនូវគ្រោះថ្នាក់ដល់មនុស្សជាតិយើង។សម្រាប់អ្នកជំនាញបញ្ញាសិប្បនិម្មិត Gary Marcus ដល់វេលាជាប្រវត្តិសាស្ត្រមួយ ដែលយើងត្រូវសម្រេចឱ្យដំណើរការការធ្វើអធិការកិច្ចពិភពលោក ដ៏ចាំបាច់ហើយ បើបរាជ័យយើងនឹងធ្លាក់ក្នុងស្ថានភាពមួយ ដែលក្រុមហ៊ុននឹងក្លាយជាអ្នកគ្រប់គ្រងជោគវាសនារបស់មនុស្សមួយចំនួនធំជាក់ជាពុំខាន។
ហេតុដូច្នេះហើយបានជាអង្គការសហប្រជាជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើត វិធានច្បាស់លាស់មួយ។ បើគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវ បញ្ញាសិប្បនិម្មិត នឹងនាំពិភពលោកឱ្យធ្លាក់ក្នុងហានិភ័យបាត់បង់ការងាររបស់មនុស្សរាប់លាននាក់ ឬលង់ក្នុងព័ត៌មានមិនពិត ក្លាយជាចំណីនៃវិបត្តិសង្គម អស្ថិរភាពភូមិសាស្ត្រនយោបាយ និងវិសមភាពសេដ្ឋកិច្ច ដែលពុំធ្លាប់មានពីមុនមកទេ។ នេះបើតាមប្រសាសន៍របស់លោកស្រី Bogdan Martin អគ្គលេខាធិការសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ដែលយល់ថានៅស្ងៀមមិនមែនជាដំណោះស្រាយឡើយ។
ច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត និងភាពប្រកួតប្រជែង
គ្មានទេច្បាប់ជាលក្ខណៈអន្តរជាតិស្តីពីបញ្ញាសិប្បនិម្មិតនោះ! តែអង្គការយូនេស្កូ ធ្លាប់បានអនុម័តបទដ្ឋានពិភពលោកដំបូង កាលពីឆ្នាំ២០២១ ស្តីពីក្រមសីលធម៌បញ្ញាសិប្បនិម្មិត ដោយឈរលើការគោរពសិទ្ធិមនុស្ស សម្រាប់ឱ្យរដ្ឋជាសមាជិកទាំងអស់ ប្រើជាគោលក្នុងការតាក់តែងច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត។
អ្នកជំនាញអង្គការយូនេស្កូ លោកស្រី Gabriela Ramos ដែលទទួលបន្ទុកគ្រប់ការអភិវឌ្ឍនិងសម្របក្រមសីលធម៌បញ្ញាសិប្បនិម្មិត យល់ថាគេមិនចាំបាច់ត្រូវមានស្ថាប័នអន្តរជាតិមួយសម្រាប់ត្រួតពិនិត្យបញ្ញាសិប្បនិម្មិតទេ ប៉ុន្តែប្រទេសនីមួយៗត្រូវមានអាជ្ញាធរមួយ ដូចអាជ្ញាធរគ្រប់គ្រងឱសថ ចាំផ្តល់ការអនុម័តសម្រេចលើគម្រោងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតសំខាន់ មុននឹងអនុញ្ញាតឱ្យធ្វើចរាចរណ៍លើទីផ្សារ។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ត្រូវឆ្លងកាត់ការធ្វើសវនកម្ម និងច្បាស់ជាគោរពសិទ្ធិមនុស្សយ៉ាងត្រឹមត្រូវ មិនមែនគ្រាន់តែឆ្លើយតបទៅនឹងលក្ខខណ្ឌពាណិជ្ជកម្មនិងភូមិសាស្ត្រនយោបាយទេ។
មានតែអឺរ៉ុបទេ ដែលនឹងមានច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត។ កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ សភាអឺរ៉ុប បានអនុម័តគម្រោងច្បាប់ AI Act ដែលជាវិធានច្បាប់ដ៏ពេញលេញដំបូងបង្អស់មួយនៅលើពិភពលោកក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ប៉ុន្តែក្រុមហ៊ុនសហគ្រាសធំៗជាង១៥០នៅលើផែនដី បានព្រមានថាគម្រោងច្បាប់អឺរ៉ុបនេះ នឹងឱ្យបាត់បង់ភាពប្រកួតប្រជែងរបស់អឺរ៉ុប ជាពិសេសបើប្រៀបទៅនឹងសហរដ្ឋអាមេរិក៕
ប្រភពព័ត៌មាន៖ វិទ្យុអន្តរជាតិបារាំង RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ