កម្ពុជា ជាប់ឈ្មោះជាប្រទេសមានកម្រិតសន្តិភាពមធ្យម នៅលើពិភពលោក
7-កក្កដា-2023
នាពេលថ្មីៗនេះ កម្ពុជាបានជាប់ចំណាត់ថ្នាក់ជាប្រទេសមានកម្រិតសន្តិភាពមធ្យម ដោយក្នុងចំណោមប្រទេសសមាជិកអាស៊ាន កម្ពុជាឈរលេខរៀងទី៦ និងទី៧៣ នៅលើពិភពលោក។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកឆ្នាំ២០២៣។ តាមលទ្ធផលនេះមានន័យថា សន្តិភាពក្នុងប្រទេសកម្ពុជាមិនល្អពេក ហើយក៏មិនអាក្រក់នោះដែរ។ ជុំវិញរឿងនអ អ្នកតាមដានសង្គមសាទរ ក៏ប៉ុន្តែពួកគេ ស្នើបន្ថែមឱ្យរដ្ឋាភិបាលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីធានាឱ្យបាននូវសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូល។
បើនិយាយក្នុងក្របខណ្ឌតំបន់អាស៊ានដែលមាន១០ប្រទេស កម្ពុជាត្រូវបានវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ចាត់ថ្នាក់ឱ្យឈរក្នុងលំដាប់លេខរៀងទី៦ ដែលជាប្រទេសមានសន្តិភាពមធ្យម ខណៈប្រទេសសឹង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន បន្ទាប់មកម៉ាឡេស៊ី វៀតណាម ឡាវ និងឥណ្ឌូនេស៊ី។ ចំពោះក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ កម្ពុជាឈរក្នុងលំដាប់លេខរៀងទី១៣ ដែលមានពិន្ទុសរុប ១.៩៤៧ ក្នុងចំណោមប្រទេសចំនួន១៩។
ចំណែកចំណាត់ថ្នាក់នៅលើពិភពលោក ដែលមានប្រទេសសរុបចំនួន១៦៣ កម្ពុជាឈរនៅលេខរៀងទី៧៣ ដែលជាក្រុមប្រទេសមានសន្តិភាពកម្រិតមធ្យម។ នេះបើតាមយោងតាមសន្ទស្សន៍សន្តិភាពពិភពលោក២០២៣។ ក៏ប៉ុន្តែចំណាត់ថ្នាក់របស់កម្ពុជានៅលើពិភពលោកនាពេលនេះ គឺមានការថយចុះមួយចំណាត់ថ្នាក់ដោយកាលពីឆ្នាំ២០២២ កម្ពុជាឈរនៅលេខរៀងទី៧២។
ជាក់ស្តែង ការវាយតម្លៃ និងការចាត់ថ្នាក់កម្រិតសន្តិភាពរបស់ប្រទេសនីមួយៗ បើតាមវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព គឺយោងតាមរូបមន្តចំនួនពីរ ទី១ គឺសន្តិភាពផ្នែកខាងក្នុងនិងទី២ គឺសន្តិភាពពីខាងក្រៅ ។ សន្តិភាពផ្នែកខាងក្នុង គឺកំណត់ទៅលើផ្នែកបញ្ហាឧកិ្រដ្ឋ អត្រាឃាតកម្ម ចំនួនមន្ត្រីប៉ូលីស នគរបាល ចំនួនអ្នកជាប់ពន្ធនាគារ ចំនួនការកាន់កាប់អាវុធរបស់ពលរដ្ឋ បាតុកម្មហិង្សា ឧកិ្រដ្ឋកម្មហិង្សា អស្ថិរភាពនយោបាយ ភេរវកម្មនយោបាយ ការនាំចូលអាវុធ ករណីជម្លោះផ្ទៃក្នុងជាដើម។
ចំណែក សន្តិភាពពីខាងក្រៅវិញ គឺកំណត់ទៅលើការចំណាយយោធាបើធៀបនឹងផលិតផលក្នុងស្រុកសរុប ចំនួនកងកម្លាំងប្រដាប់អាវុធ មូលនិធិរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការប្រើប្រាស់អាវុធធន់ធ្ងន់ ឬអាវុធនុយក្លេអ៊ែរ ការនាំចូលសព្វាវុធ បញ្ហាពាក់ព័ន្ធនឹងជនភៀសខ្លួន ទំនាក់ទំនងជាមួយប្រទេសជិតខាង ជម្លោះជាមួយប្រទេសជិតខាងរហូតឈានដល់ការប្រយុទ្ធតតាំងគ្នាជាដើម។
ជុំវិញរឿងនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាពលើកឡើងថា សន្តិភាពនៅកម្ពុជាជារួមមិនទាន់មានស្ថានភាពល្អពេញលេញនៅឡើយ ពីព្រោះថា រដ្ឋាភិបាលបានរឹតត្បិតសិទ្ធិសេរីភាពការសម្តែងមតិរបស់ពលរដ្ឋ ពិសេសការចាប់ខ្លួនពលរដ្ឋដែលតែងងើបតវ៉ាដើម្បីស្វែងរកយុត្តិធម៌។
លោក យ៉ង់ គឹមអេងយល់ថា ដើម្បីអាចឱ្យប្រទេសកម្ពុជាមានសន្តិភាពពិតប្រាកដបានដរាបណា រដ្ឋាភិបាលបើកចិត្តឱ្យទូលាយ មិនត្រូវរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងបើកឱកាសឱ្យអ្នកនយោបាយដែលមាននិន្នាការជំទាស់អាចចូលរួមលើឆាកនយោបាយបាន ប្រកបដោយសុក្រឹតភាព និងយុត្តិធម៌។
តែយ៉ាងណា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២កន្លងទៅ នៅពេលដែលនាយករដ្ឋមន្ត្រីអញ្ចើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ចោមចៅ កំពត លោកទទួលស្គាល់ថា លោកមិនអាចមានលទ្ធភាពរកសន្តិភាពផ្លូវចិត្តជូនពលរដ្ឋរបស់ខ្លួនបានទេ ក៏ប៉ុន្តែមានតែសុខសន្តិភាពមួយប៉ុណ្ណោះដែលអាចធ្វើឱ្យពលរដ្ឋរស់នៅបានសុខសាន្ត។
បើតាមលោកនាយករដ្ឋមន្ត្រី លោកអាចរកបានត្រឹមការធានាសន្តិភាពគ្មានកងកម្លាំងជម្លោះប្រដាប់អាវុធ ដែលធានាសន្តិភាពដល់សិទ្ធិមូលដ្ឋាននៃការរស់រានមានជីវិត ជៀសផុតពីការស្លាប់ដោយសារអាវុធ ជៀសផុតពីការភ័យខ្លាច ជៀសផុតពីគ្រាប់កាំភ្លើង និងគ្រាប់បែកតែប៉ុណ្ណោះ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ