banner1
កម្ពុជាឈរនៅលេខរៀងទី៣ ដែលមានប្រជាជនផឹកស្រាច្រើនជាងគេក្នុងតំបន់អាស៊ាន

 7-កក្កដា-2023

កម្ពុជាឈរនៅលេខរៀងទី៣ ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាន និងឈរនៅលេខរៀងទី៣៦ នៅលើពិភពលោក ពោលគឺប្រជាជនកម្ពុជាម្នាក់អាចផឹកស្រាបាន ២១.៧លីត្រ។ នេះបើយោងតាមរបាយការណ៍របស់ Wisevoter។ របាយការណ៍នេះ អ្នកធ្វើកិច្ចការងារសង្គមលើកឡើងថាអាចឆ្លុះបញ្ចាំងការពិតដែរ ដោយសារតែកម្ពុជាគ្មានច្បាប់កំណត់អាយុនៃការផឹកស្រា។

នៅក្នុងតំបន់អាស៊ាន បើមើលតាមរបាយការណ៍របស់ Wisevoter ឃើញថាកម្ពុជាឈរនៅលេខរៀងទី៣ ដែលមានប្រជាជនផឹកស្រាច្រើនជាងគេ និងលេខរៀងទី៣៦នៅក្នុងចំណោមប្រទេសនៅលើពិភពលោក ខណៈឡាវវិញឈរនៅលេខរៀងទី១ក្នុងតំបន់អាស៊ាន និងលេខរៀងទី១៨នៅលើពិភពលោក បន្ទាប់មកប្រទេសវៀតណាមឈរនៅលេខទី២ក្នុងតំបន់អាស៊ាន និងលេខរៀងទី២៨ នៅលើពិភពលោ ក​។ ចំណែកប្រទេសអាស៊ានដែលមានប្រជាជនផឹកស្រាទាបជាងគេ គឺប្រទេសព្រុយណេ បន្ទាប់មកមានសាំងហ្គាពួរ ម៉ាឡេស៊ី និងប្រទេឥណ្ឌូនេស៊ី។

ចំពោះរបាយការណ៍នេះ លោក​ យ៉ង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លើកឡើងថា របាយការណ៍នេះ វាអាចឆ្លុះបញ្ចាំងការពិតពីកម្ពុជាដែរ។ ឆ្លុះបញ្ចាំងការពិត ដោយលោកបញ្ជាក់ថា ដោយសារកម្ពុជាពុំមានច្បាប់កំណត់អាយុប្រជាជន ដែលមានអាយុប៉ុន្មានទើបអាចទិញ​ស្រានិងផឹកស្រាបាន។ មិនតែប៉ុណ្ណោះលោក យ៉ង់ គឹមអេង ក៏បានលើកឡើងដែរថា ប៉ាណូផ្សព្វ​ផ្សាយពាណិជ្ជកម្មស្រាបៀ និងកន្លែងលក់ស្រាដោយពុំមានច្បាប់កំណត់ ក៏ជាបញ្ហាមួយជំរុញឲ្យមានការផឹកស្រាកាន់តែច្រើនផងដែរ។

យ៉ាងណាមិញ ការបរិភោគជាតិអាល់កុលញឹកញាប់ និង​ច្រើនហួសប្រមាណ អាចបង្កជាជំងឺ ព្រមទាំងគ្រោះថ្នាក់ផ្សេងៗ​។ បញ្ហាប្រឈមទាំងនេះ អាចធ្វើឲ្យ​អ្នកបរិភោគវាត្រូវខាតអាយុចំនួន​១ឆ្នាំជាមធ្យម។ នេះគឺជាការសន្និ​ដ្ឋានក្នុងរបាយការណ៍នៃ​អង្គការ​OCDE ដែល​បាន​ធ្វើការអង្កេតជាមួយប្រជាជននៅតាមប្រទេស​សមា​ជិកទាំង៥២ កាលពីឆ្នាំ២០២១។ យោងតាមអ្នកជំនាញ គឺពុំមានតួលេខវិទ្យាសាស្រ្ត បញ្ជាក់ថា កម្រិតបរិភោគជាតិអាល់កុលត្រឹមប៉ុណ្ណា ទើបមិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ។

ប៉ុន្តែរបាយការណ៍ OCDE បានកំណត់ថា ការបរិភោគជាតិអាល់កុល ដែលមានលក្ខណៈសាមញ្ញ មិនបង្កគ្រោះថ្នាក់ គឺសម្រាប់មនុស្សស្រី ១កែវជារៀងរាល់ថ្ងៃ សម្រាប់មនុស្សប្រុស ១.៥កែវជាប្រចាំថ្ងៃ។ ជុំវិញការផឹកស្រានៅកម្ពុជា សង្គមស៊ីវិលធ្លាប់លើកឡើងថារដ្ឋាភិបាលគួរតែមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជាទើបល្អ ជាពិសេសកំណត់អាយុផឹកស្រា ពីព្រោះការផឹកស្រាក៏ជាចំណែកមួយធ្វើឲ្យមានអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា