ការសិក្សាទាញសញ្ញា ហានិភ័យនៃការធ្លាក់ចុះទិន្នផលកសិកម្មព្រមៗគ្នា ដោយបញ្ហាអាកាសធាតុហានិភ័យទទួលទិន្នផលកសិកម្មមិនសូវល្អ ឬទិន្នផលធ្លាក់ចុះព្រមៗគ្នា នៅតាមបណ្តាប្រទេសជាជង្រុកស្រូវ ដោយហេតុតែការប្រែប្រួលអាកាសធាតុ ត្រូវបានគេមើលស្រាលខ្លាំងណាស់។ នេះបើតាមការសិក្សារបស់អ្នកស្រាវជ្រាវអាមេរិកនិងអាល្លឺម៉ង់ ចេញផ្សាយនៅថ្ងៃអង្គារទី ៤កក្កដាម្សិលមិញ ដោយទាញសញ្ញាអាសន្នអំពីការគំរាមកំហែងដល់ស្ថិរភាពនៃប្រ ព័ន្ធស្បៀងអាហារពិភពលោក។
នៅក្នុងការសិក្សាដោយផ្តោតលើទិន្នន័យអាកាសធាតុនិងគំរូអាកាសធាតុពីឆ្នាំ១៩៦០-២០១៤ សម្រាប់ជាទស្សនៈវិស័យនៅឆ្នាំ២០៤៥-២០៩៩ ក្រុមអ្នកស្រាវជ្រាវអាមេរិកនិងអាល្លឺម៉ង់ បានបញ្ចប់សេចក្តីសន្និដ្ឋានថា ដោយហេតុតែការប្រែប្រួលអាកាសធាតុ តំបន់កសិកម្មធំៗដែលជាជង្រុកផ្គត់ផ្គង់ស្បៀងអាហារពិភពលោក ជាច្រើន ទំនងជាអាចជួបគ្រោះប្រមូលផលកសិកម្មបានតិច ឬ ទទួលទិន្នផលទាប ជាងពេលមុនៗខ្លាំង។
បើតាមក្រុមអ្នកស្រាវជ្រាវ ដោយហេតុតែការប្រែប្រួលអាកាសធាតុ ចរន្តខ្យល់លើអាកាសJet stream ដែលជាអ្នកកំណត់លក្ខខណ្ឌអាកាសធាតុ មានចលនាបត់បែនខ្លាំង ហើយជះឥទ្ធិពលប៉ះពាល់ជាពិសេសដល់តំបន់កសិកម្មដ៏ចម្បងៗរបស់ពិភពលោក មានជាអាទិ៍ តំបន់កសិកម្មនៅអាមេរិកភាគខាងជើង នៅអឺរ៉ុបខាងកើត និងតំបន់អាស៊ីអាគ្នេយ៍។ បាតុភូតនេះនឹងធ្វើឱ្យទិន្នផលកសិកម្មត្រូវធ្លាក់ចុះប្រមាណដល់ទៅ៧%។
បើទិន្នផលទាប ស្បៀងអាហារនឹងឡើងថ្លៃ ប្រព័ន្ធស្បៀងអាហារនឹងជួបអស្ថិរភាព ហើយវិបត្តិសង្គមនឹងអាចផ្ទុះឡើង។ នេះបើតាមការពន្យល់លម្អិតរបស់លោក Kai Kornhuber ប្រធានក្រុមអ្នកស្រាវជ្រាវ មកកាន់ភ្នាក់ងារសារព័ត៌មានបារាំង ដោយលើកយកឧទាហរណ៍ជាក់ស្តែងជាច្រើនមកបំភ្លឺ។ ឧទាហរណ៍ នៅឆ្នាំ២០១០ ភាពរាំងស្ងួតនៅរុស្ស៊ី និងទឹកជំនន់នៅប៉ាគីស្ថាន ដែលបង្កឡើងដោយបាតុភូត Jet Stream បានបំផ្លិចបំផ្លាញផលកសិកម្មយ៉ាងធ្ងន់ធ្ងររហូតធ្វើឱ្យតម្លៃ ស្រូវ-ស្រូវសាលី ឡើងកប់ពពកនៅលើទីផ្សារពិភពលោក។
គំរូព័ត៌មានវិទ្យាបច្ចុប្បន្ន មានប្រសិទ្ធភាពអាចព្យាករទិសនៃចរន្តខ្យល់ក្នុងបរិយាកាសបានប៉ុន្តែមិនអាចកំណត់អំពីទំហំនៃបាតុភូតអាកាសធាតុដ៏អាក្រក់របស់វាបានទេ។ សម្រាប់លោក Kornhuber ការសិក្សានេះជាសញ្ញាអាសន្នមួយបញ្ជាក់អំពីភាពមិនច្បាស់លាស់នៃឥទ្ធិពលបង្កឡើងដោយការប្រែប្រួលអាកាសធាតុលើវិស័យកសិចំណីអាហារដែលគេតែងមើលស្រាល និងមិនសូវយកចិត្តទុកដាក់កន្លងមក។ ជាប្រភពនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ផលិតកម្មកសិ-ចំណីអាហារបានចូលរួមចំណែកធ្វើឱ្យផែនដីឡើងកម្តៅ តែក៏ប្រឈមនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុវិញដែរ៕
ប្រពភព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com