banner1
អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ី បន្ត​​កំរិត​ការ​ផ្គត់ផ្គង់​ទីផ្សារ​ប្រេងឆៅ

 4-កក្កដា-2023

អារ៉ាប៊ីសាអូឌីត ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ​ ​លេខមួយ​នៅលើពិភពលោក បាន​ប្រកាស​នៅថ្ងៃ​ចន្ទ​ទី ៣ កក្កដា​២០២៣ បន្ត​​​​កាត់​បន្ថយ​ផលិតកម្ម​បូម​ប្រេង​ មួយ​ថ្ងៃ​១លាន​ធុង​ តទៅ​ទៀត​ ដើម្បី​លើក​កម្ពស់​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ។ គ្រាន់​តែ​បាន​ឮ​សេចក្តី​សម្រេច​របស់​អារ៉ាប៊ីសាអូឌីត​ភ្លាម រុស្សី​ក៏​បាន​ប្រកាស​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​ឆៅដែរ សម្រាប់​​ខែ​សីហា​ខាង​មុខ ក្នុងបរិមាណ​៥សែន​ធុង​​​ក្នុង​មួយ​ថ្ងៃ។

កាលពី​ខែ​មិថុនា ​អារ៉ាប៊ីសាអូឌីតបាន​សម្រេច​ចិត្ត​បន្ថយ​ផលិតកម្មបូមប្រេង ១លាន​ធុង​បារីល​ក្នុង​ថ្ងៃ​ ដោយ​សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យ​តម្លៃ​ប្រេងឡើង​ខ្ពស់​បន្តិច​។ ការ​សម្រេច​បន្ថយ​បរិមាណ​ផលិត​ដោយ​ចេតនា​នេះ បាន​​ចូល​ជា​ធរមាន​នៅ​​ចុង​សប្តាហ៍​ ហើយ​នឹង​បន្ត​ដល់​ខែ​សីហា ឬ​អាច​យូរ​ខែ​ទៅ​មុខ​ទៀត។ នេះ​បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​រាជាណាចក្រ​ ដោយ​ផ្អែក​លើ​ប្រភព​មក​ពី ក្រសួង​ថាមពល​អារ៉ាប៊ីសាអូឌីត។ ​ដូច្នេះ​ជា​សរុប​ទៅ អារ៉ាប៊ីសាអូឌីត​ កំរិត​ការ​បូមប្រេង​ត្រឹម​ប្រមាណ​៩លាន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ។

វិធានការ​របស់​អារ៉ាប៊ីសាអូឌីត​នេះ ក៏​ជា​ការ​​ពង្រឹង​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រទេស​ផលិត​ប្រេង Opep+ ដែល​មាន​បំណង​បញ្ចុះ​ផលិតកម្មប្រេង​ឆៅ​ដើម្បី​ទ្រទ្រង់ទីផ្សារ​ឱ្យ​មាន​ស្ថិរភាព​និង​លំនឹងដែរ។ កាលពី​ខែ​មេសា​ ក្រុមប្រទេស​ជា​សមាជិក​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ​ Opep+ ជា​ច្រើន​ប្រកាសដោយ​ភ្ញាក់ផ្អើល​​កាត់​បន្ថយ​ផលិតកម្មបូម​ប្រេង​ចំនួន​ជាង​១លាន​ធុង​ក្នុង​មួយ​ថ្ងៃ ដោយ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ប្រេង​ឡើង​ថ្លៃ​ភ្លាម​មួយ​រំពេចតែ​មិន​បានយូរ។

​បន្ទាប់​ពីអារ៉ាប៊ីសាអូឌីត ​រុស្ស៊ី​បាន​ប្រកាស​ភ្លាម​ដែរ​នៅ​ថ្ងៃ​ចន្ទ​នេះ កាត់​បន្ថយ​ការនាំ​ចេញ​ប្រេង​​ឆៅ (មិនមែន​ការ​ផលិត​ទេ) មិន​ផ្គត់ផ្គង់ទីផ្សារ ចំនួន​៥សែន​ធុង​ក្នុង​មួយថ្ងៃ នៅ​ខែ​សីហា និង​ជា​វិធានការ​ដែល​អាច​បន្ត​រហូតដ​ល់​ដំណាច់​ឆ្នាំ​២០២៤។ តាំងពីចូល​ធ្វើ​សង្គ្រាម​នៅអ៊ុយក្រែន​មក រុស្ស៊ី​បាន​បង្វែរ​​ទិស​នៃ​ការ​នាំ​ចេញ​ប្រេង​ឆៅ​ពី​អឺរ៉ុប ទៅ​កាន់​ប្រទេស​ចិន​និង​ឥណ្ឌា។

ប៉ុន្តែ​សេចក្តី​សម្រេច​របស់​អារ៉ាប៊ីសាអូឌីត និង​រុស្ស៊ី នៅ​ថ្ងៃ​នេះ មាន​ឥទ្ធិពល​តិច​តួចណាស់​លើ​ទីផ្សារ​ប្រេង​។ ​ប្រេង​ឆៅ​នៅទីផ្សារ​អឺរ៉ុប​បាន​ឡើងថ្លៃ​​ប្រ​មាណ​០,៩៨% ឬ​ត្រូវ​ជា​ប្រមាណ​៧៦​,១៥អឺរ៉ូ​ ក្នុង​មួយ​ធុង និង​នៅ​អាមេរិកឡើង​ ១,០២% ឬ​ត្រូវ​ជា​៧១,៣៦​ដុល្លារ​ក្នុង​មួយ​ធុង ទល់​នឹង​១៤០​ដុល្លារ កាលពី​ខែមីនា​ឆ្នាំ​២០២២។

បើ​តាម​អ្នក​វិភាគ​ អារ៉ាប៊ីសាអូឌីត ត្រូវ​ការ​ឃើញ​តម្លៃ​ប្រេង​ឆៅ​នៅទីផ្សារ​ពិភពលោក​មាន​តម្លៃមួយ​ធុង ​៨០ដុល្លារ ទើប​អាច​មាន​លំនឹង​ថវិកា។ ជា​ប្រទេស​នាំ​ចេញប្រេង​ដ៏​ធំ​ជាងគេ​នៅលើ​ពិភពលោក អារ៉ាប៊ីសាអូឌីត រំពឹង​លើ​ការ​លក់​ប្រេង​បាន​ថ្លៃ​ ដើម្បី​មាន​លុយ​​ឧបត្ថម្ភ​កម្មវិធី​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​​នាំ​ប្រទេសដើរ​ចេញ​ពី​ថាមពល​ផូស៊ីល៕​

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា