អង់គ្លេស បញ្ជាក់ជំហរជាថ្មី គាំទ្រកំណែទម្រង់ ថែមសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប
30-មិថុនា-2023
ថ្ងៃព្រហស្បតិ៍ អង់គ្លេស បានប្រកាសបញ្ជាក់ជំហរជាថ្មី អំពីការគាំទ្រកំណែទម្រង់ និងបន្ថែមចំនួនរដ្ឋសមាជិក នៅក្នុង ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិ (អ.ស.ប.)។ ក្នុងន័យរក្សាសុវត្ថិភាពសន្តិសុខពិភពលោក និងរក្សាគោលការណ៍ពិភពលោកពហុនិយមឲ្យរឹងមាំ រដ្ឋមន្ត្រីក្រសួងកិច្ចការបរទេស បានថ្លែងគាំទ្រឲ្យដាក់បញ្ចូលប្រទេស ចំនួន ៥ បន្ថែមទៀត ចូលជាសមាជិកអចិន្ត្រៃយ៍ នៃ ក្រុមប្រឹក្សាសន្តិសុខ។
យើងចង់ឃើញ ប្រទេសអាហ្វ្រិក ចូលជាសមាជិកអចិន្ត្រៃយ៍ របស់ ក្រុមប្រឹក្សាសន្តិសុខ។ ជាមួយនឹងគ្នានេះ អង់គ្លេស ក៏ចង់បាន ឥណ្ឌា ប្រេស៊ីល អាល្លឺម៉ង់ និង ជប៉ុន ចូលសមាជិកអចិន្ត្រៃយ៍ ដែរ។ នេះបើតាមប្រសាសន៍ របស់ប្រមុខការទូតអង់គ្លេស លោក James Cleverly ដោយបញ្ជាក់ទៀតថា ចង់បានប្រព័ន្ធអន្តរជាតិពហុនិយម និងរឹងមាំ អាចឆ្លើយតបនឹងសភាពការណ៍វិបត្តិពិភពលោកឲ្យបានលឿនរហ័សទាន់ពេល ហើយនិង មិនទុកប្រទេសណាមួយឲ្យនៅឯកា។
ការលើកឡើងជាថ្មីនេះ ពុំមែនជាជំហរថ្មីរបស់អង់គ្លេសទេ ដ្បិតថា ច្រើនលើកច្រើនសាមកហើយ ដែល រដ្ឋាភិបាលទីក្រុងឡុងដ្រឺ អំពាវនាវជំរុញឲ្យបញ្ចូលសមាជិកថ្មី ទាំងអចិន្ត្រៃយ៍ក្តី និងទាំងមិនអចិន្ត្រៃយ៍ក្តី ទៅក្នុងរង្វង់ក្រុមប្រឹក្សាសន្តិសុខ។
កាលពីឆ្នាំទៅមិញ ចាប់តាំងពីផ្ទុះសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន ដែល រុស្ស៊ី ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ គឺកាន់តែរុញសន្ទុះជំរុញឲ្យ ប្រទេសជាច្រើន ទាមទារឲ្យសើរើកែទម្រង់ស្ថាប័នអ.ស.ប.។ ជាពិសេស ក្រុមប្រឹក្សាសន្តិសុខ ដែលគេចង់ឲ្យបង្កើនចំនួនសមាជិករហូតដល់ ២៥ប្រទេស។ ឆ្នាំទៅមិញ ប្រទេសក្នុងសម្ព័ន្ធសហភាពអាហ្វ្រិក ក៏បានស្នើឲ្យបញ្ចូលតំណាងប្រទេសអាហ្វ្រិក ទៅក្នុងសមាជិកអចិន្ត្រៃយ៍ នៃ ក្រុមប្រឹក្សាសន្តិសុខ ដែរ។
សព្វថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខ មានសមាជិក ១៥ ប្រទេស ដែលក្នុងនោះ មានតែ រដ្ឋសមាជិកអចិន្ត្រៃយ៍ ចំនួន ៥ ប៉ុណ្ណោះ ដែលមានឯកសិទ្ធិពិសេស បោះឆ្នោតវេតូ គឺ អង់គ្លេស បារាំង សហរដ្ឋអាមេរិក រុស្ស៊ី និង ចិន ហើយនិងមាន រដ្ឋសមាជិក ១០ ទៀត ជាសមាជិកមិនអចិន្ត្រៃយ៍ដោយប្រទេស ៥ ត្រូវផ្លាស់ប្តូរចេញ រៀងរាល់ ២ឆ្នាំម្តង។
សូមជ្រាបដែរថា ក្នុងអាណត្តិដឹកនាំ អ.ស.ប. ២ជំនាន់ អតីតអគ្គលេខធិការ Kofi Annan លោកបានគាំទ្រឲ្យកែទម្រង់និងចង់ឲ្យបន្ថែមចំនួនសមាជិកថ្មីដែរ ប៉ុន្តែកាលណោះ សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី បានបដិសេធតាំងតែពីដំបូងដៃមកម្ល៉េះ។
ចំពោះរដ្ឋបាលក្រុងឡុងដ្រឺ ក្រៅតែពីអំពាវនាវឲ្យថែមសមាជិកទៅក្នុងក្រុមប្រឹក្សាសន្តិសុខ រដ្ឋមន្ត្រីការបរទេសអង់គ្លេស James Cleverly ក៏លើកឡើងដែរ ពីការចង់ឲ្យកែប្រែស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និង អង្គការពាណិជ្ជកម្មពិភពលោក ដែល លោកប្រមុខទូត យល់ឃើញថា មានបទដ្ឋានច្បាប់ខ្លះ និងរបៀបធ្វើការមួយចំនួន ហាក់ដើរមិនទាន់សភាពការណ៍សោះ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ