banner1
ឆ្នាំ២០២២ ផែនដីបានបាត់បង់ព្រៃធម្មជាតិ​ត្រូពិក មានទំហំស្មើផ្ទៃដីប្រទេសស្វ៊ីស

 29-មិថុនា-2023

យោងតាមការវិភាគលើរូបភាព​ផ្កាយរណប នៅក្នុងឆ្នាំ​២០២២ ភពផែនដីយើង បានបន្តបាត់បង់ព្រៃឈើធម្មជាតិ​តំបន់ត្រូពិក ក្នុងទំហំដែលស្មើនឹងផ្ទៃដីប្រទេសស្វ៊ីស។ ជាការបាត់បង់ ដោយសារសកម្មភាពកាប់បំផ្លាញរបស់មនុស្ស ដើម្បីយកដីទៅធ្វើកសិកម្ម ដាំដំណាំ និងចិញ្ចឹមសត្វ។ ការហិនហោចនៃទំហំព្រៃធម្មជាតិ វាគឺជាការ​បំផ្លេចបំផ្លាញប្រព័ន្ធជីវចម្រុះ និងធនធានធម្មជាតិ ព្រមទាំងប៉ះពាល់ដល់​សមត្ថភាពនៃការស្រូបយកឧស្ម័ន​កាបូនិក ពីក្នុងបរិយាកាស។

ក្នុងឆ្នាំ​២០២២ រៀងរាល់៥វិនាទីម្តង គឺព្រៃឈើធម្មជាតិតំបន់ត្រូពិក ត្រូវបាន​គេកាប់បំផ្លាញ ឬដុតរាន ​ក្នុងទំហំស្មើនឹងតារាងបាល់ទាត់។ មិនថាថ្ងៃមិនថាយប់ មនុស្ស​បន្តកាប់បំផ្លាញ​ព្រៃឈើ ដើម្បីយកដីធ្វើកសិកម្ម ដាំដំណាំ ចិញ្ចឹមសត្វ។ ទំហំផ្ទៃដីព្រៃឈើ ដែលត្រូវបាន​កាប់​បំផ្លាញ ក្នុងឆ្នាំ​២០២២ បាន​កើនឡើង១០% បើប្រៀបធៀបទៅឆ្នាំ២០២១។ នេះបើផ្អែក តាមរបាយការណ៍សិក្សា ធ្វើឡើងដោយ World Resources Institute ដែលមានទីតាំងនៅក្រុងវ៉ាស៊ីនតោន​។

ប្រព័ន្ធផ្កាយរណប តាមដាន​ការ​កាប់បំផ្លាញព្រៃឈើ Global Forest Watch បានប្រមូលទិន្នន័យសរុប ដែលបង្ហាញថា ឆ្នាំ​២០២២ ព្រៃឈើធម្មជាតិតំបន់ត្រូពិក បាន​រួញខើចទំហំ ចំនួន ៤លាន១សែនហិកតា។ ប្រទេសដែល​ មានការកាប់បំផ្លាញ​ច្រើនបំផុត គឺប្រេស៊ីល ដែលមានចំណែកបាត់បង់ចំនួន ៤៣% នៃការបាត់បង់ទូទាំងពិភពលោក បន្ទាប់មកទៀត គឺសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ មានចំណែក​១៣% និង​បូលីវី មានចំណែក៩%។

លោកស្រី Mikaela Weisse នាយក Global Forest Watch បាន​លើកឡើងថា ពិភពលោកយើង កំពុងតែបាត់បង់នូវ​មធ្យោបាយ​មួយដ៏មានប្រសិទ្ធ ភាព ក្នុង​ការប្រយុទ្ធប្រឆាំងនឹង​បម្រែបម្រួលអាកាសធាតុ ព្រមទាំង​ជាមធ្យោបាយ​ទ្រទ្រង់សុខមាលភាព និងជីវភាពរបស់​មនុស្ស​ជាច្រើនលាននាក់។​ ការបាត់បង់ព្រៃធម្មជាតិ បានបង្កការប៉ះពាល់ដោយផ្ទាល់ ទៅដល់ជីវភាពប្រពៃណី ទំនៀមទម្លាប់រស់នៅរបស់ ប្រជាជនម្ចាស់ស្រុក ចំនួន​ប្រមាណ​១៦០០លាននាក់ ដែលក្នុងនោះជាង​ពាក់កណ្តាល គឺជា​សហគមន៍ជនជាតិដើម​កុលសម្ព័ន្ធ​។

ការបាត់បង់ព្រៃឈើ​ក្នុង​ឆ្នាំ​២០២២ គឺបាន​បើកចំហបញ្ចេញ​ឧស្ម័ន​កាបូនិក ចំនួន២៧០០លានតោន ពោលគឺស្មើនឹង​ទំហំឧស្ម័ន​កាបូនិក បញ្ចេញ​ដោយ​ប្រទេសឥណ្ឌាក្នុងមួយឆ្នាំ។ យោងតាមអ្នកជំនាញ រុក្ខជាតិ ព្រមទាំង​ដី អាចមានលទ្ធភាព​ស្រូបយកឧស្ម័នកាបូនិក ចំនួន៣០% បើគិតពីឆ្នាំ១៩៦០ មក។ បើទោះបីជាមានការសន្យា ក្នុងក្របខណ្ឌសន្និសីទអន្តរជាតិ COP26 នៅទីក្រុង Glasgow កាលពីឆ្នាំ​២០១៦ក្តី តែការពិត ការកាប់បំផ្លាញព្រៃឈើ នៅតែបន្តពីមួយថ្ងៃទៅមួយថ្ងៃ ។

របាយការណ៍របស់ World Resources Institute បានអះអាងថា យ៉ាងហោចណាស់ មានឧស្ម័ន​កាបូនិកចំនួន ប្រមាណ​៩០លានតោន ដែលស្តុកក្នុងព្រៃឈើ និងក្នុងស្រទាប់ដីព្រៃ នៅតំបន់អាម៉ាហ្សូន។ ពោលគឺស្មើនឹង​២ដងនៃ​​ទំហំឧស្ម័នកាបូនិកបញ្ចេញ​ចោលទូទាំងពិភពលោក។ ជាមួយ​នឹងល្បឿននៃការកាប់បំផ្លាញ បើកដៃពីអាជ្ញាធរប្រេស៊ីល អង្គការបរិស្ថាននានា​ បារម្ភថា ទៅថ្ងៃមុខ តំបន់ព្រៃអាម៉ាហ្សូន នឹងរលាយហិនហោច ក្លាយជា​ដីវាល៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា