banner1
សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះអាចសម្រេចបាន៥.៦% បើទោះវិស័យកាត់ដេរមានការថមថយ

 26-មិថុនា-2023

ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអាទិត្យនេះ បានឲ្យក្តីរំពឹងខ្ពស់ថាសេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ ​នឹង​អាច​សម្រេច​បាន​ដូច​ការ​គ្រោង​ទុក​ ៥.៦%​ បើ​ទោះ​បី​ជា​ការ​នាំចេញ​នៃ​វិស័យ​កាត់ដេរ​នា​ពេល​បច្ចុប្បន្ន ​មាន​ការ​ធ្លាក់​ចុះ​បន្តិច​បន្តួច។​ ការ​អះអាង​របស់​លោក​ ហ៊ុន សែន​ ពេល​នេះ​ ធ្វើឡើង​នា​ពេល​ដែល​លោក​ចុះ​ជួប​កម្មករ​ជា​ថ្មី​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត។​

ដូចទៅនឹងការអះអាងរបស់ក្រសួងសេដ្ឋកិច្ច កាលពីដើមឆ្នាំ២០២៣ដែរ ដែលប្រមុខរដ្ឋាភិបាលកម្ពុជារំពឹងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ នឹងអាចសម្រេចបានក្នុងរង្វង់៥.៦%។ ៥.៦% ជាតួលេខដែលក្រសួងសេដ្ឋកិច្ចធា្លប់បានអះអាងថា ជាតួលេខប្រាកដនិយមជាងគេ ព្រមទាំងជាតួលេខប្រហាក់ប្រហែលនឹងការវាយតម្លៃ របស់ស្ថាប័នអន្ដរជាតិធំៗផងដែរ។

បើតាមលោកនាយករដ្ឋមន្ត្រី ការណ៍ដែលអាចឈានទៅសម្រេចបានសេដ្ឋកិច្ចក្នុងរង្វង់៥.៦%ក្នុងឆ្នាំនេះ ព្រោះការនាំចេញគ្រឿងបង្គុំអាឡិចត្រូនិក និងកង់ជាដើម មានការកើនឡើង បើទោះជាការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ មានការថមថយក្តី។

ជាការកត់សម្គាល់ បញ្ហានៃការនាំចេញផលិតផលកាត់ដេរមានការថយថយ គឺដោយសារតែទីផ្សារបញ្ជាទិញនៃពិភពលោកមានការធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន ​Asia Nikkei។ បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស គឺក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងស្បែកជើងធំៗនៅអាស៊ីអាគ្នេយ៍ រួមមានទាំងកម្ពុជា បានមើលឃើញថា ពាណិជ្ជកម្មរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកធ្លាក់ចុះនៅឆ្នាំនេះ ដោយសារអតិផរណាខ្ពស់ ហើយបញ្ហានេះនឹងបន្តកើតមាននៅពេលខាងមុខ។ តាមតួលេខ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងពីក្រុមហ៊ុនផលិតក្នុងប្រទេសកម្ពុជា បង់ក្លាដែស មីយ៉ាន់ម៉ា និងវៀតណាមបានធ្លាក់ចុះពី ២០% ទៅ ៣០% ក្នុងអំឡុងពេល៤ខែដំបូងនៃឆ្នាំ២០២៣នេះ។ អ្នកជំនាញក្នុងវិស័យកាត់ដេរ ការធ្លាក់ចុះនេះ គឺព្រោះតែការត្រាំត្រែងនៃសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ហើយបញ្ហានេះនឹងអាចបន្តរហូតដល់ផុតឆ្នាំ២០២៣។

យ៉ាងណាមិញ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចតាមតួលេខដែលរដ្ឋាភិបាលបានរំពឹងទុក ហើយសម្រាប់ឆ្នាំ២០២៤ គឺកម្ពុជានឹងអាចមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦.៦%៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា