កម្ពុជារំពឹងថានៅឆ្នាំ២០២៦ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៧លាននាក់
21-មិថុនា-2023
កម្ពុជារំពឹងថានៅឆ្នាំ២០២៦ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៧លាននាក់ ខណៈនៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,៥លាននាក់។ ជាមួយគ្នា ដើម្បីជំរុញវិស័យទេសចរនៅកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែម មានគម្រោងចំនួន០២ បានស្នើសុំក្រសួងទេសចរណ៍វិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគសរុបចំនួន ៣៧,៧លានដុល្លារ ក្នុងរយះពេល៦ខែឆ្នាំ២០២៣នេះ។
ក្រោយពីវិបត្តិជំងឺកូវីដ១៩ និងបន្ទាប់ពីបើកប្រទេសឡើងវិញ ឃើញថាភ្ញៀវទេសចរអន្តរជាតិចាប់ផ្ដើមចូលមកកម្សាន្តនៅប្រទេសកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ។ ជាក់ស្ដែងរយះពេល៥ខែឆ្នាំ២០២៣នេះ ឃើញថាភ្ញៀវទេសចរអន្តរជាតិបានមកលេងកម្សាន្តនៅកម្ពុជា ២,១លាននាក់កើនឡើង ៥៣០%។ ក្រៅពីភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះក៏មានភ្ញៀវទេសចរជាតិចំនួន ១០លាននាក់ បានដើរលេងកម្សាន្តផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
តាមរយះនៃការកើនឡើងភ្ញៀវទេសចរអន្តរជាតិជាបន្តបន្ទាប់នេះ ក្រសួងទេចរណ៍បានព្យាករណ៍ថា នៅឆ្នាំ២០២៦ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៧លាននាក់ ខណៈឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៤,៥លាននាក់។ ប៉ុន្តែការកើនឡើងភ្ញៀវទេសចរអន្តរជាតិនៅពេលនេះ បើប្រៀបធៀបមុនកើតមានវិបត្តិជំងឺកូវីដ១៩ ឃើញថាចំនួននេះនៅមិនទាន់ច្រើនទេ ដោយសារបញ្ហាសេដ្ឋកិច្ចសកលដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ និងបញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអុយក្រែន នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យទេសចរណ៍។
ដើម្បីស្ដារវិស័យទេសចរណ៍នៅកម្ពុជាឡើងវិញ រដ្ឋាភិបាលតាមរយះក្រសួងទេសចរណ៍ បានធ្វើការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា និងលើកទឹកចិត្តក៏ដូចជាអនុគ្រោះពន្ធលើសេវាកម្មទេសចរណ៍ ដូចជាផ្ទះសំណាក់ សណ្ឋាគារ និងភាពអនុគ្រោះដល់ភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្សាន្តនៅកម្ពុជាជាដើម។ ក្រៅពីនេះក្រសួងទេសចរណ៍ក៏ជំរុញការវិនិយោគលើវិស័យទេសចរណ៍ថ្មីៗបន្ថែមទៀតដែរ ជាក់ស្ដែងរយះពេល៦ខែឆ្នាំ២០២៣នេះ ឃើញថា គម្រោងចំនួន២ ស្នើសុំវិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគសរុបចំនួន ៣៧,៧លានដុល្លារ ដោយគម្រោងទី១ ធ្វើនៅកោះទទឹង ខេត្តកោះកុង និងគម្រោងទី២ ធ្វើនៅកោះមួយ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ២,៣លាននាក់ និងទេសចរក្នុងស្រុក ១៣,៩លាននាក់។ ប៉ុន្តែទន្ទឹមនឹងនេះ នៅឆ្នាំ២០២២ ក៏មានភ្ញៀវទេសជាតិចេញទៅក្រៅប្រទេសមានចំនួនជិត ១លាននាក់កើនឡើងប្រមាណ ៣០៨០% ធៀបនឹងឆ្នាំ២០២១។
សម្រាប់ការវិនិយោគលើវិស័យទេសចរណ៍នៅឆ្នាំ២០២២វិញ មានគម្រោងវិនិយោគចំនួន ០៦ បានវិនិយោគលើវិស័យទេសចរណ៍ ដែលមានទឹកប្រាក់វិនិយោគសរុប ៣ ៧៧០លានដុល្លារ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ