banner1
រដ្ឋចាប់ផ្ដើមផ្ដល់របបថែទាំសុខភាពដល់អ្នកធ្វើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្

 14-មិថុនា-2023

រដ្ឋាភិបាលបានសម្រេចផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលដែលបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាធ្វើការនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ាជាដើម។ ការផ្ដល់របបថែទាំសុខភាពនេះ អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិនៃអង្គការសីលការ ថានេះជាជំហានដំបូងប៉ុណ្ណោះ ដោយអ្នកស្រីចង់ឃើញ​រដ្ឋគិតគូដល់កិច្ចគាំពារផ្លូវច្បាប់ដល់ស្រ្តីដែលធ្វើការងារក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រ​ព័ន្ធផងដែរ​។

ដោយមើលឃើញពីសុខទុក្ខអ្នកធ្វើការងារនៅក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេ​ស​ស្រ្តីដែលបម្រើការនៅតាមរង្គសាល ឌីស្កូ តែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា រាជរដ្ឋាភិបាលបានសម្រេចផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ស្របតាមលិ​ខិតបទដ្ឋានគតិយុត្ដជាធរ​មាន ដែលរដ្ឋនឹងរាប់រងនូវចំណាយទាំងស្រុង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលចុះថ្ងៃទី១២ ខែមិថុនា។

ដើម្បីទទួលបានរបបថែទាំសុខភាពនេះ រដ្ឋាភិបាលបានអំពាវនាវដល់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋ កិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេស​ចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដើម្បីបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ មុននឹង​ស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីចុះបញ្ជី ឱ្យពួកគាត់អាចទៅទទួលយកអត្ថប្រ​យោជន៍ក្រោមកញ្ចប់មូលនិធិសមធម៌សុខាភិបាល នៅ​តាមមូលដ្ឋានសុខាភិបាលសាធារណៈ នៅទូទាំងប្រទេសដោយឥតបង់ថ្លៃ។

សម្រាប់អ្នកស្រី សេង រាសី នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីល​ការ​ ថានេះជាជំហានមួយដ៏សំខាន់ដែលរដ្ឋាភិបាលបានគិតគូដល់អ្នកបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពីព្រោះកន្លងមកអ្នកធ្វើកិច្ចការងារនេះ ទទួលបានអត្ថប្រយោជន៍តិចតួចបំផុត។ អ្នកស្រីលើកឡើងថា នៅមានសេវាថែទាំសង្គមផ្សេងៗទៀត ដែលរដ្ឋត្រូវគិតគូដល់អ្នកបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធផងដែរ ខណៈអ្នកការងារនេះបច្ចុប្បន្ននៅតែមានការរើសអើងនៅក្នុងសង្គមដដែល។

ជាងនេះទៀត នាយិកាប្រតិបត្តិនៃអង្គការសីលការរូបនេះ ក៏ចង់ឲ្យរដ្ឋផ្ដល់កិច្ចគាំពារផ្លូវច្បាប់ដល់អ្នកបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ជាពិសេសស្រ្តីដែលបម្រើការនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា ស្ប៉ាជាដើម ដែលតែងតែទទួលរងនូវការបៀតបៀនផ្លូវភេទ តែមិនមានសេវាផ្លូវច្បាប់ដោយឥតគិតថ្លៃសម្រាប់គាំពារពួកគាត់នៅពេលមានបញ្ហានេះកើតឡើងឡើយ៕

ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា