ហេតុអ្វីជប៉ុនលើកឡើងអំពី ការកសាងអនាគតរួមគ្នាជាមួយអាស៊ី?
1-មិថុនា-2023
នាពេលថ្មីៗ តាមរយៈសារព័ត៌មានជប៉ុន The Asian Nikkei នាយករដ្ឋមន្ដ្រីជប៉ុន លោក Fumio Kishida បានលើកឡើងថា ប្រទេសជប៉ុនចង់កសាងអនាគតរួមគ្នាជាមួយប្រទេសដៃគូអាស៊ី។ សម្រាប់ជប៉ុន ឥណ្ឌូប៉ាស៊ីហ្វិកគឺជាដែនដីថ្មីនៃការច្នៃប្រឌិត និងជាដែនដីនៃថាមពលសេដ្ឋកិច្ច ហើយជប៉ុនប្តេជ្ញាគាំទ្រដល់បង្កើតគំនិតអាជីវកម្មថ្មីៗ ដើម្បីដោះស្រាយបញ្ហាសង្គមនានា នៅក្នុងតំបន់នេះ។
នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសជប៉ុនផ្តោតលើ “ការកសាងអនាគតរួមគ្នា” ជាមួយដៃគូអាស៊ីរបស់ខ្លួន ដោយសង្កត់ធ្ងន់ថា ប្រទេសជប៉ុនចង់ធ្វើការជាមួយបណ្ដាប្រទេសផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមសង្គមនានានៅក្នុងតំបន់អាស៊ី។ នេះបើយោងតាមការចេញផ្សាយថ្មីៗដោយសារព័ត៌មានជប៉ុន The Asian Nikkei។
លោក Kishida បាននិយាយនៅក្នុងពិធីជប់លៀងអាហារពេលល្ងាចក្នុងអំឡុងពេល “វេទិកាអនាគតអាស៊ី” ដែលរៀបចំដោយសារព័ត៌មាន Nikkei នៅទីក្រុងតូក្យូ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានធ្វើជាប្រធានកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬគេស្គាល់ថា G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។
បើតាមនាយករដ្ឋមន្រ្ដីជប៉ុនរូបនេះ ប្រទេសជប៉ុនចង់ជំរុញលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ សម្រាប់លោក ភាពជាដៃគូស្មើភាព និងការបង្កើតអនាគតរួមគ្នានៅតំបន់អាស៊ីនឹងមានសារៈសំខាន់ខ្លាំងណាស់។ កន្លងមក ជប៉ុនបានធ្វើការជាមួយរដ្ឋាភិបាលមកពីប្រទេសអាស៊ីផ្សេងៗ និងជាមួយវិស័យឯកជនផងដែរ។
នាពេលបច្ចុប្បន្ន អាស៊ីកំពុងក្លាយជាទីផ្សារនៃអ្នកប្រើប្រាស់ដ៏ធំបំផុតមួយរបស់ពិភពលោក។ ក៏ប៉ុន្តែ អាស៊ីក៏កំពុងប្រឈមមុខជាមួយនឹងបញ្ហាសង្គមយ៉ាងច្រើនផងដែរ ដូចជា ការកើនឡើងនៃគម្លាតរវាងអ្នកមាន និងអ្នកក្រ ការកកស្ទះចរាចរណ៍ និងការដែលមានហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ និងងាយរងគ្រោះនៅឡើយ នៅក្នុងវិស័យហិរញ្ញវត្ថុ ព័ត៌មាន និងថាមពល។”
នាយករដ្ឋមន្រ្ដីជប៉ុនបានបន្តថា អាស៊ីកំពុងងើបឡើងក្លាយជាទីផ្សារដ៏ធំរបស់ពិភពលោក ហើយអាស៊ីមានឆន្ទះក្នុងការដោះស្រាយបញ្ហាសង្គមនានាដែលខ្លួនបានកំពុងនឹងប្រឈម។ តំបន់នេះកំពុងប្រែក្លាយខ្លួនទៅជា មជ្ឈមណ្ឌលបង្កើតថ្មីដ៏សំខាន់របស់ពិភពលោក។ ហើយលោកមានទំនុកចិត្តថា ជប៉ុន និងអាស៊ីអាចកសាងទំនាក់ទំនងថ្មីៗបន្ថែមមួយកម្រិតទៀតនៅក្នុងវិស័យនៃការបង្កើតថ្មី។ ជាឧទាហរណ៍ នាយករដ្ឋមន្ដ្រីជប៉ុន លោក Kishida ក៏បានលើកឡើងអំពីប្រព័ន្ធរូបិយប័ណ្ណឌីជីថលបាគង (Cambodia’s Bakong digital currency) របស់កម្ពុជាថាជាឧទាហរណ៍នៃកិច្ចសហការបង្កើតថ្មីបែបនេះ។ បាគងគឺជាបច្ចេកវិទ្យា Blockchain សម្រាប់ដាក់ឱ្យដំណើរការ លុយឌីជីថលរបស់ធនាគារកណ្តាលដំបូងគេនៅអាស៊ី។ ប្រព័ន្ធលុយឌីជីថលនេះ អាចឱ្យប្រជាពលរដ្ឋដែលមិនមានធនាគារ អាចផ្ទេរប្រាក់នៅលើស្មាតហ្វូនរបស់ពួកគេ។ បាគងគឺជាគម្រោងសហការជាមួយក្រុមហ៊ុន startup ឬក្រុមហ៊ុនបង្កើតថ្មី របស់ជប៉ុន និងធនាគារជាតិកម្ពុជា។
លោក Kishida បាននិយាយថា “ខ្ញុំជឿថាយើងអាចបង្កើតបាគងទីពីរ និងទីបីដោយបង្កើតខ្សែច្រវាក់នៃការច្នៃប្រឌិតដែលឆ្លងកាត់ពីព្រំដែនជាតិមួយទៅព្រំដែនជាតិមួយផ្សេងទៀត។” មេដឹកនាំជប៉ុនបានពណ៌នាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថាជា ព្រំដែនថ្មីនៃការច្នៃប្រឌិត” ដោយនិយាយថាប្រទេសជប៉ុននឹង គាំទ្រយ៉ាងខ្លាំងដល់គម្រោង startups នៅក្នុងព្រំដែនថ្មីនេះ ដោយសហការជាមួយប្រទេសដែលចែករំលែកគំនិតឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ រួមទាំងសហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។
លោក Kishida បាននិយាយថា “ខ្ញុំមានអារម្មណ៍ថាតំបន់មានសក្តានុពលគ្មានដែនកំណត់ ប្រសិនបើបញ្ហាប្រឈមរបស់សង្គមអាស៊ីទាំងនេះអាចត្រូវបានបំប្លែងទៅជាថាមពល និងការច្នៃប្រឌិតរកដំណោះស្រាយសម្រាប់កំណើនសេដ្ឋកិច្ចអាស៊ី។”
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីជប៉ុនក៏បាននិយាយថា ការបង្កើតច្បាប់ថ្មីដើម្បីគាំទ្រការសហករណ៍គ្នា និងការបង្កើតថ្មី គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយលោកក៏បានលើកឡើងផងដែរអំពី ក្របខ័ណ្ឌសេដ្ឋកិច្ចពហុភាគីដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ និងការរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬគេស្គាល់ថា “CPTPP” និងគម្រោងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ឬគម្រោង RCEP។
សម្រាប់រដ្ឋាភិបាលជប៉ុន តំបន់ដែលត្រូវផ្តោតសំខាន់មានចំនួនបួន សម្រាប់កិច្ចសហប្រតិបត្តិការដែលជប៉ុនចងកសាងឱ្យកាន់តែស៊ីជម្រៅ រួមមាន តំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង ប្រទេសកោះប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង។
មេដឹកនាំជប៉ុនបាននិយាយថា ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងកសាងទំនាក់ទំនងរបស់ពួកគេឱ្យឈានដល់ “ដំណាក់កាលថ្មីបន្ទាប់ទៀត” នៅពេលដែលពួកគេបានរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូក្នុង ខែធ្នូ ឆ្នាំ២០២២។ នៅឯតំបន់អាស៊ីខាងត្បូង មេដឹកនាំជប៉ុនបាននិយាយថា ប្រទេសជប៉ុននឹងបន្តរួមចំណែករៀបចំរចនាសម្ព័ន្ធបំណុល និងជួយស្រីលង្កាឱ្យដើរលើផ្លូវឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សម្រាប់ករណីកូរ៉េខាងត្បូង ជប៉ុននឹងជំរុញកិច្ចសហប្រតិបត្តិការឡើងវិញ តាមរយៈ “ទំនាក់ទំនងជិតស្និទ្ធ” បន្ទាប់ពីប្រទេសជិតខាងទាំងពីរបានបន្តដោះស្រាយបញ្ហាការទូតឡើងវិញ នាពេលថ្មីៗនេះ។
លោក Kishida បានលើកឡើងចុងក្រោយថា “ប្រទេសជប៉ុននឹងបន្តគោរពភាពចម្រុះគ្នានៃអាស៊ី ហើយក្នុងនាមជាដៃគូដ៏ល្អ ជប៉ុននឹងធ្វើការរួមគ្នាជាមួយអាស៊ី ដើម្បីកសាងអនាគតរួមគ្នា”៕
ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ