អាមេរិករកឃើញ កិច្ចព្រមព្រៀងជាគោលការណ៍ បញ្ចៀសវិបត្តិបំណុលសាធារណៈ
29-ឧសភា-2023
បន្ទាប់ពីចរចាគ្នាអស់ជាច្រើនថ្ងៃនិងយ៉ាងតានតឹងមក នៅទីបំផុត លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានសភាអ្នកតំណាងបក្សសាធារណរដ្ឋ លោក គេវីន ម៉ាកខាធី Kevin McCathy បានស្រុះស្រួលគ្នាបញ្ចៀសវិបត្តិខ្វះប្រាក់សងបំណុល។ បើតាមព័ត៌មានបឋម ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ ដំឡើងកំរិតអតិបរិមានៃប្រាក់បំណុលសាធារណៈ ជាថ្នូរនឹងការបន្ថយចំណាយសាធារណៈ។ នៅថ្ងៃអាទិត្យនេះ បុរសរដ្ឋទាំងពីរត្រូវជួបពិភាក្សាគ្នាជាថ្មីទៀត ដើម្បីបង្ហើយកិច្ចព្រមព្រៀង សម្រាប់ដាក់ជូនសភានិងព្រឹទ្ធសភាអនុម័តនៅថ្ងៃពុធខាងមុខ។
នៅក្នុងសុន្ទរកថាដ៏ខ្លី ល្ងាចមិញ លោកប្រធានសភាអាមេរិកនៃបក្សសាធារណរដ្ឋ បាន ប្រកាសថារកឃើញការព្រមព្រៀងថវិកាមួយ ដ៏សក្តិសមសម្រាប់ប្រជាពលរដ្ឋអាមេរិក។ លោកបានសម្តែងអំណរចំពោះការកាត់បន្ថយជាប្រវត្តិសាស្ត្រ ការចំណាយសាធារណៈ ដែលមានចែងក្នុងកិច្ចព្រមព្រៀង និងដែលបក្សសាធារណរដ្ឋបានទាមទាររហូតមក។
ចំណែក លោកចូ បៃដិន ប្រធានាធិបតីអាមេរិកវិញ ពន្យល់ថា អាចសម្រុះសម្រួលគ្នាបានមានន័យថា ម្នាក់ៗមិនអាចទទួលទាំងស្រុងនូវអ្វីដែលខ្លួនចង់បានទេ តែលោកបានធានាថាក្នុងកិច្ចព្រមព្រៀងនេះ ពិតជាមានការកាត់បន្ថយចំណាយសាធារណៈមែន តែការពារកម្មវិធីសង្គមនិងសាធារណៈសំខាន់ៗដដែល និងជាពិសេសជាដំណឹងល្អសម្រាប់អាមេរិកដែលនឹងគេចផុតពីវិបត្តិខ្វះប្រាក់សងបំណុល។
គេនៅមិនទាន់ដឹងអំពីខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងជាគោលការណ៍នេះទេ។ ប៉ុន្តែបើតាមប្រភពស្និទ្ធនឹងការចរចា រដ្ឋាភិបាលនិងបក្សប្រឆាំងព្រមព្រៀង ដំឡើងកំរិតអតិបរមានៃប្រាក់បំណុលសាធារណៈរយៈពេលពីរឆ្នាំ ពោលគឺ ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ទៅទៀត។ ហើយក្នុងអំឡុងពេលពីរឆ្នាំនោះ រដ្ឋាភិបាលត្រូវកាត់បន្ថយចំណាយសាធារណៈ តែមិនកាត់ខ្លាំងដូចការចង់បានរបស់បក្សសាធារណរដ្ឋពីដំបូងទេ។ ចំណាយពាក់ព័ន្ធនឹងវិស័យការពារជាតិ នៅរក្សាទុកដដែលនៅឆ្នាំក្រោយ ទាល់តែឆ្នាំ២០២៥ទើបមានកើនបន្តិច។ កម្មវិធីជំនួយសហព័ន្ធខ្លះត្រូវកែប្រែ តែបើតាមប្រភពដដែល កិច្ចព្រមព្រៀងនៅតែការពារច្បាប់ប្រឆាំងនឹងអតិផរណា និងផែនការបន្ថយបំណុលនិស្សិតដដែល។
លោកប្រធានសភាត្រូវជួបពិភាក្សាជាមួយលោកប្រធានាធិបតី នៅថ្ងៃអាទិត្យនេះជាថ្មីទៀត ដើម្បីបង្ហើយកិច្ចព្រមព្រៀង ហើយអាចផ្សព្វផ្សាយនៅក្នុងថ្ងៃនេះតែម្តង មុននឹងបញ្ជូនទៅឱ្យសភានិងព្រឹទ្ធសភាអនុម័ត នៅថ្ងៃពុធទី ៣១ឧសភាខាងមុខ។ មេដឹកនាំទាំងពីរ ក៏ត្រូវបន្តបញ្ចុះបញ្ចូលសមាជិកសភានិងព្រឹទ្ធសភា មួយចំនួនទៀតដែលខ្លះមានគំនិតប្រឆាំងខ្លាំង មិនចង់ធ្វើសម្បទានឱ្យគូបដិបក្សទេ។
កំរិតអតិបរិមានៃប្រាក់បំណុលសាធារណៈជាអ្វី ?
នៅអាមេរិក ការកំណត់កំរិតអតិបរមានៃប្រាក់បំណុលសាធារណៈ មានកំណើតតាំងពីសង្គ្រាមលោកលើកទីមួយមក នៅពេលសហរដ្ឋអាមេរិកចង់សម្រួលដំណើរបែបបទខ្ចីលុយ មកធ្វើសង្គ្រាម ដោយមិនបាច់ពិបាកទៅសុំការអនុញ្ញាតពីព្រឹទ្ធសភា ជារៀងរាល់លើក។ ព្រឹទ្ធសភាសម្រេចកំណត់ត្រឹមអត្រាអតិបរមាដែលមិនត្រូវឱ្យហួស។ តាំងពីឆ្នាំ១៩៦០មក ព្រឹទ្ធសភាបានដំឡើងកំរិតអតិបរមានៃប្រាក់បំណុលសាធារណៈចំនួន ៧៨ដងហើយ។
សម្រាប់ពេលនេះ សភាបានបោះឆ្នោតអនុម័ត និងអនុញ្ញាតឱ្យរដ្ឋាភិបាលមានបំណុលសាធារណៈ ជាអតិបរមា ៣១៤០០ពាន់លានដុល្លារ។ តែបំណុលសាធារណៈរបស់រដ្ឋាភិបាលលោកបៃដិន បានឡើងដល់កំរិតអតិបរមានេះ តាំងពីខែមករា ដើមឆ្នាំ ហើយតាំងពីនោះ មក អាមេរិកបង់វិក័យប័ត្រផ្សេងៗ ដោយសារកញ្ចប់ថវិកាបន្ទាន់ប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាលោកបៃដិនត្រូវចរចាដំឡើងជាមួយសភា។ ចំណែកសភាដែលគ្រប់គ្រងដោយបក្សប្រឆាំងក៏ឆ្លៀតប្រើដំណើរច្បាប់នេះជាសម្ពាធនយោបាយ។
វិបត្តិប្រាក់បំណុលនិង វិបត្តិជាប់គាំងថវិកា Shutdown?
នេះគឺជាយន្តការពីរផ្សេងគ្នា ដែលគ្មានពាក់ព័ន្ធគ្នាទេ បើទោះបីអ្នកប្រឆាំងសំលៀងមាត់ត្រៀមចាំវាយប្រហារពេលជជែកអំពីកញ្ចប់ថវិកាប្រចាំឆ្នាំក៏ដោយ។
បើតាមវិទ្យាស្ថានសិក្សាសេដ្ឋកិច្ច Brookings Institution ការដំឡើងកំរិតអតិបរមានៃបំណុលសាធារណៈ ធ្វើឡើងសម្រាប់បង់សងលើចំណាយដែលកំណត់រួច ចំណែកឯវិបត្តិថវិកា ដែលអាចនាំឱ្យស្ថាប័នរដ្ឋបាលសហព័ន្ធមួយចំនួនត្រូវបិទទ្វារនោះ មានពាក់ព័ន្ធនឹងការចំណាយអនាគត។ ជាចំណាយប្រចាំឆ្នាំដែលរដ្ឋាភិបាលត្រូវលើកគម្រោងថវិកាស្នើទៅសភាខុនហ្កេស ជារៀងរាល់ឆ្នាំនៅរដូវស្លឹកឈើជ្រុះ (ចុងឆ្នាំ)។ សភាអាមេរិកត្រូវអនុម័តច្បាប់ថវិកាប្រមាណ១២កញ្ចប់ ទាក់ទងនឹងក្រសួងសំខាន់ៗរបស់ប្រទេស។ បើសភាមិនអនុម័តកញ្ចប់ថវិកាក្រសួងណាមួយ នោះរដ្ឋាភិបាលមិនអាចមានលុយចំណាយក្នុងក្រសួងនោះ ហើយភ្នាក់ងារសាធារណៈក្រសួងនោះ គ្មានជម្រើសអ្វីក្រៅអំពីផ្អាកសកម្មភាពមិនចាំបាច់ ដូចដែលយើងធ្លាប់ឃើញកន្លងមក គឺបុគ្គលិករដ្ឋការត្រូវឈប់នៅផ្ទះ សេវាសាធារណៈខ្លះត្រូវបិទទ្វារ។ នៅឆ្នាំ២០១៣ ច្បាប់អូបាមាឃែរ បានធ្វើអាមេរិកជួបវិបត្តិជាប់គាំងថវិកា Shutdown អស់១៦ថ្ងៃនិងនៅឆ្នាំ២០១៨ អស់៣៥ថ្ងៃ ដោយសភាប្រឆាំងនឹងការសង់ជញ្ជាំងអន្តោប្រវេសន៍។
បើគ្មានការដំឡើងកំរិតអតិបរមា វិបត្តិបំណុលអាចធ្ងន់ធ្ងរជាងវិបត្តិថវិកាShutdown ទៅទៀត ព្រោះចាប់ពីថ្ងៃទី៥មិថុនាទៅ អាមេរិកគ្មានលទ្ធភាពបើកប្រាក់ខែឱ្យបុគ្គលិករដ្ឋ បើកប្រាក់សោធននិវត្តន៍ ឬសងបំណុលគេទេ … ភ្នាក់ងារវាយតម្លៃហានិភ័យបំណុល Fitch បានដាក់អាមេរិកក្រោមការតាមដានតាំងពីថ្ងៃព្រហស្បតិ៍មក ជាមួយចំណាត់AAA ដោយអះអាងថា គ្មានកិច្ចព្រមព្រៀង គឺជាសញ្ញាអវិជ្ជមានផ្នែកអភិបាលកិច្ច។ នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានរិះគន់ដែរថាអាមេរិកមិនគួរធ្លាក់ក្នុងស្ថានភាពតានតឹងបែបនេះសោះ។
កិច្ចព្រមព្រៀងយប់មិញ ជាខ្យល់អុកស៊ីហ្សែនបក់ផ្លុំទីផ្សារហិរញ្ញវត្ថុឱ្យបានធូរស្បើយអារម្មណ៍បន្តិច ព្រោះថ្វីបើទីផ្សារមិនស្លន់ស្លោមែន តែគ្រប់គ្នាចាប់ទន្ទឹងលទ្ធផលហើយ។ តាមទម្លាប់ ក្នុងសំណុំរឿងបែបនេះ មេដឹកនាំអាមេរិកតែងព្រមព្រៀងគ្នា នៅនាទីចុងក្រោយ៕
ប្រភពព័ត៌មាន៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ